កីឡាជាតិ
ជាតិ
បឹងកេត​ចែកផ្លូវ​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Munoz Angel និង ស្រាំង ទិ​ត្យ​ឈី​
04, Jul 2019 , 8:29 am        
រូបភាព
កីឡាករ ស្រាំង ទិត្យឈី (ឆ្វេង) និងកីឡាករ Angel ពេលចូលរួមជាមួយបឹងកេត, រូបភាពពីក្លិបបាល់ទាត់បឹងកេត
កីឡាករ ស្រាំង ទិត្យឈី (ឆ្វេង) និងកីឡាករ Angel ពេលចូលរួមជាមួយបឹងកេត, រូបភាពពីក្លិបបាល់ទាត់បឹងកេត
ដោយ:
​ក្លិប​បាល់ទាត់​បឹងកេត​បាន​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Carrascosa Munoz Angel និង​កីឡាករ ស្រាំង ទិ​ត្យ​ឈី ក្រោយ​រួមរស់​ជាមួយគ្នា​បាន​ពាក់កណ្តាល​រដូវ​កាល​។ ក្លិប​ជើងឯក​សម័យកាល​មួយ​នេះ មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ចែកផ្លូវ​គ្នា​នេះឡើយ​។​

 
​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Carrascosa Munoz Angel បាន​ចូលរួម​ជាមួយ​បឹង​កាលពីមុន​បើក​រដូវ​កាល​ឆ្នាំ​២០១៩​។ សម្រាប់​ការបង្ហាញ​ខ្លួន​ពាក់កណ្តាល​រដូវ​កាល​កន្លងមក ខ្សែប្រយុទ្ធ​វ័យ​២៩​ឆ្នាំ​រូបនេះ សម្រេចបាន​២​គ្រាប់ និង​បញ្ចូល​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ទាត់​បញ្ចូល​ទី​បាន​៣​គ្រាប់​។ លទ្ធផល​មិន​គាប់ប្រសើរ​នេះ ទំនង​អាចជា​មូលហេតុ ដែល​នាំ​ឲ្យ​រូបគេ​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​បឹងកេត​។ តែ​យ៉ាងណា យើង​មិនទាន់​ដឹង​មូលហេតុ​ពិត​ពាក់ព័ន្ធ​ការចែក​ផ្លូវ​នេះ​ទេ​។ 
 
​ចំណែក​ខ្សែការពារ ស្រាំង ទិ​ត្យ​ឈី ដែល​ចូលរួម​ជាមួយ​បឹងកេត​កាលពី​ដើមរដូវ​កាល​ឆ្នាំ​២០១៩ ក៏​ចែកផ្លូវ​ជាមួយ​បឹងកេត​ដែរ​។ សម្រាប់​រួមរស់​ជាមួយ​បឹងកេត​មួយរយៈ​កន្លងមកនេះ ទិ​ត្យ​ឈី មិនសូវ​ទទួលបាន​ឱកាស​ពី​គ្រូបង្វឹក ហៅ សុជាតិ ដើម្បី​បង្ហាញខ្លួន​លើ​ទីលាន​ប្រកួត​នោះទេ​។ ពោលគឺ​ក្នុងចំណោម​១៣​ប្រកួត រូបគេ​បានបង្ហាញ​ខ្លួន​តែមួយ​ប្រកួត​ប៉ុណ្ណោះ ពេល​បឹងកេត​យកឈ្នះ​កំពង់ចាម​ក្នុង​លទ្ធផល ៧-០​។ ការ​មិនសូវ​បានបង្ហាញ​ខ្លួន​នេះហើយ អាចជា​មូលហេតុ នាំ​ឲ្យ​រូបគេ​ចែកផ្លូវ​ជាមួយ​បឹងកេត​។ 
 
​មុន​ផ្ទេរ​មក​បឹងកេត ខ្សែការពារ ស្រាំង ទិ​ត្យ​ឈី លេង​ឲ្យ​ក្លិប​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន​នៅ​រដូវ​កាល​ឆ្នាំ​២០១៨​។ រូបគេ​ជា​អតីត​យុវជន​ថ្នាល ដែល​ភ្នំពេញ​ក្រោ​ន​ដំឡើង​ឲ្យ​មកលេង​នៅ​ក្រុម​ឈុត​ធំ​។ ក្រោយ​ចែកផ្លូវ​ជាមួយ​បឹងកេត យើង​មិនឃើញ ទិ​ត្យ​ឈី ទៅ​ប្រកប​អាជីព​ជាមួយ​ក្លិប​នៅក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ណាមួយ​នៅឡើយ​ទេ​៕  
 

Tag:
 បាល់ទាត់​
  បឹងកេត​
  ស្រាំង ទិ​ត្យ​ឈី​
  Munoz Angel
© រក្សាសិទ្ធិដោយ thmeythmey.com