រយៈពេល​២​ថ្ងៃ ពលរដ្ឋ ចាប់​កណ្ដូប​លក់​ឲ្យ​ឈ្មួញ​ថៃ​ជាង​២​តោន នៅ​ខេត្តព្រះវិហារ​
ជាតិ
រយៈពេល​២​ថ្ងៃ ពលរដ្ឋ ចាប់​កណ្ដូប​លក់​ឲ្យ​ឈ្មួញ​ថៃ​ជាង​២​តោន នៅ​ខេត្តព្រះវិហារ​
04, Jul 2019 , 8:59 am        
រូបភាព
រូបភាពពីមន្ទីរកសិកម្ម
រូបភាពពីមន្ទីរកសិកម្ម
​ពលរដ្ឋ​ខេត្តព្រះវិហារ ក្នុងស្រុក​ជាំ​ក្សាន្ត នាំគ្នា​ចាប់​កណ្ដូប​រយៈពេល​២​ថ្ងៃ​បាន​ជាង​២​តោន លក់​ឲ្យ​ឈ្មួញ​ថៃ ដែល​មក​ទិញ​នៅ​ច្រកព្រំដែន​អានសេះ​។ ទីផ្សារ​ឈ្មួញ​ថៃ​ទទួល​ទិញ​កណ្ដូប គឺ តម្លៃ​១៥០​បាត (១៩៨០០​រៀល​) ក្នុង​១​គីឡូក្រាម​។

 
​ប្រធាន​ច្រកព្រំដែន​អានសេះ លោក វុ​ធ ដា​រ៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) តាម​ទូរ​សព្ទ​ថា «​ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ តែងតែ​ចាប់​កណ្ដូប ហើយ​កណ្ដូប​នេះ ជាទូទៅ មាននៅ​ចុងខែ​មិថុនា​និង​ដើមខែ​កក្កដា​នេះ​។ ភាគច្រើន គឺ ពលរដ្ឋ​ដើរ​ចាប់​ពេលយប់ នៅតាម​ព្រៃ ហើយ​ក្នុង​មួយ​គ្រួរ​សារ​អាច​ចាប់បាន​ពី​១០ ទៅ​៣០ ឬ​ដល់ ៥០​គីឡូក្រាម​អី​ក៏មាន​។ ហើយ​ក្នុង​រយៈ​ពេញ​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​១ និង ទី​២ ខែកក្កដា​នេះ ពលរដ្ឋ​លក់​ឲ្យ​ឈ្មួ​ន​ថៃ​ជាង​២​តោន រីឯ​តម្លៃ​វិញ​១​គីឡូ​១៩៨០០​រៀល​។​» 


រូបភាពពីមន្ទីរកសិកម្មខេត្តព្រះវិហារ 

​លោក វុ​ធ ដា​រ៉ា បាន​បញ្ជាក់ថា រដូវ​កាល​កណ្ដូប​នេះ​មាន​រយៈពេល​ខ្លី​ត្រឹមតែ​២-៣​ថ្ងៃ​តែប៉ុណ្ណោះ​។ ប្រធាន​ច្រកព្រំដែន​អានសេះ​រូបនេះ បាន​ឲ្យ​ដឹងថា ខេត្ត​ជាប់​ព្រំដែន​នេះ មាន​រដូវ​កាល ផ្សិត​ភ្នំ ដែល​ទើបតែ​ផុត ហើយ​ឥឡូវ​កណ្ដូប និង​ខែក្រោយ​នឹង​ដល់​រដូវ​សត្វ​កញ្ចែ​។ ឈ្មួញ​ថៃ​តែងតែ​ទទួល​ទិញ​របស់​ធម្មជាតិ ដែល​ពលរដ្ឋ​ចាប់ ដូចជា​កង្កែប កណ្ដូប និង​សត្វ​កញ្ចែ​ជាដើម​។ 
 
​ប្រធាន​មន្ទី​កសិកម្ម លោក ពឹង ទ្រី​ដា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ (Thmey Thmey) តាម​ទូរ​សព្ទ​ថា ពលរដ្ឋ​សប្បាយរីករាយ​នឹង​ការចាប់​កណ្ដូប​លក់ ដែលជា​ចំណូល​បន្ថែម​របស់​ពួកគាត់​។ ប្រធាន​មន្ទីរ​រូបនេះ បញ្ជាក់ថា​៖«​កណ្ដូប​នេះ មិនបាន​បំផ្លាញ​ដំណាំ​ទេ ដោយ​ពលរដ្ឋ​ដើរ​ចាប់​កណ្ដូប​នេះ​តាម​ព្រៃ​»៕ 


រូបភាពពីមន្ទីរកសិកម្មខេត្តព្រះវិហារ 

Tag:
 កណ្ដូប​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម