កីឡាជាតិ
ជាតិ
Hun Sen Cup៖ ណាហ្គាចាញ់គិរីវង់ ២-០ ខណៈការពារជាតិវាយបកអាស៊ីអឺរ៉ុប ៣-១ ដាវ នីម និងមិត្តរួមក្រុមគិរីវង់ អបអរក្រោយស៊ុតបាល់បញ្ចូលទីគ្រាប់ទីមួយលើណាហ្គា។ រូបថត CNCC
× គិរីវង់សុខសែនជ័យ និងក្រសួងការពារជាតិ សុទ្ធតែមានប្រៀបសម្រាប់ការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៩ នៅថ្ងៃពុធ ទី៣ ខែកក្កដា នេះ។ នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ខេត្តតាកែវ ក្រុមម្ចាស់ផ្ទះ បានយកឈ្នះ ណាហ្គាវើលដ៍ ២-០ ខណៈក្រុមភ្ញៀវក្រសួងការពារជាតិ តាមវាយបកអាស៊ីអឺរ៉ុប ៣-១។
ការប្រកួតរវាងគិរីវង់សុខសែនជ័យ និងណាហ្គាវើលដ៍ បានបញ្ចប់ការប្រកួតដោយគ្មានការស៊ុតបាល់បញ្ចូលទីនៅ៤៥នាទីដំបូង។ ប៉ុន្តែឈានដល់នាទីដំបូង នៅតង់ទីពីរ ខ្សែប្រយុទ្ធឆ្នើម ដាវ នីម រកបានគ្រាប់ទីមួយ ហើយ អ៊ិន សាវឌី បន្ថែមគ្រាប់ទីពីរឲ្យម្ចាស់ផ្ទះ យកជ័យជម្នះលើណាហ្គាវើលដ៍ ២-០។
នៅកីឡដ្ឋានអេអ៊ីស្ពតផាកឯណោះវិញ សុខ ច័ន្ទរស្មី បានស៊ុតបាល់បញ្ចូលទីនៅ៣នាទីដំបូង និងជាគ្រាប់ទីមួយ ចំពោះការបង្ហាញខ្លួនក្នុងអាជីពបាល់ទាត់វិញជាមួយអាស៊ីអឺរ៉ុបយូណាយធីត។ ប៉ុន្តែនៅនាទី២៤ រ៉ឹង ប៊ុនហៀង វាយបកតាមស្មើ មុនពេលដែល ភួង សុខសាណា និង អ៊ុព កាម៉ុល បន្ថែមម្នាក់១គ្រាប់នៅតង់ទីពីរ ដើម្បីបញ្ចប់ការប្រកួតក្នុងលទ្ធផល ៣-១។
សម្រាប់ជំនួបជើងទី១ កាលពីថ្ងៃពុធសប្តាហ៍មុន បឹងកេតបានយកឈ្នះម្ចាស់ផ្ទះសៀមរាប ៦-០ រីឯអគ្គិសនីកម្ពុជាបញ្ចប់ក្នុងលទ្ធផលដោយគ្មានការស៊ុតបាល់បញ្ចូលទីជាមួយភ្ញៀវអង្គរថាយហ្គឺរ។ មួយថ្ងៃបន្ទាប់ ភ្នំពេញក្រោនយកឈ្នះកំពង់ចាម ១០-០ ខណៈព្រះខ័នរាជស្វាយរៀង ឈ្នះត្បូងឃ្មុំ ៤-០៕
© រក្សាសិទ្ធិដោយ thmeythmey.com