កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី៖ កំណត់ត្រា! ហូឡង់ឡើងដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូង ក្រោយឈ្នះស៊ុតអែត ១-០
× ជ័យជម្នះ ១-០ ក្នុងម៉ោងបន្ថែម លើក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីស៊ុយអែត គ្រប់គ្រាន់ហើយដើម្បីនាំក្រុមហូឡង់ ឡើងទៅដណ្តើមពានរង្វាន់ FIFA Women's World Cup ឆ្នាំ២០១៩ ជាមួយម្ចាស់ការពារតំណែងជើងឯកអាមេរិក។
នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី៣ ខែកក្កដា ដែលធ្វើឡើងនៅកីឡដ្ឋាន Stade de Lyon ក្រុមកីឡាការិនីហូឡង់ និងស៊ុយអែត បានបញ្ចប់ការប្រកួតក្នុងម៉ោងផ្លូវការ៩០នាទី ដោយគ្មានការស៊ុតបញ្ចូលទីគ្នាឡើយ។
ក្រុមទាំងពីរ ត្រូវបន្តដល់ម៉ោងបន្ថែម១៥នាទីពីរដង។ នៅម៉ោងបន្ថែម១៥នាទីដំបូង ពោលគឺនាទីទី៩ ខ្សែបម្រើ Jackie Groenen ជាអ្នកសម្រេចទីឲ្យក្រុមរហស្សនាមទឹកក្រូច ដើម្បីនាំមុខស៊ុតអែត ១-០ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះរបស់ពួកគេ ដ្បិតការបន្ថែមម៉ោង១៥នាទីលើកទី២ នៅរក្សាលទ្ធផលនេះដដែល។
នេះជាការឈានដល់វគ្គផ្តាច់ព្រ័ត្រលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្ ររបស់ក្រុមកីឡាការិនីហូឡង់ សម្រាប់ព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកនេះ។ ដូច្នេះហូឡង់ ត្រូវទៅដណ្តើមពាន World Cup ផ្នែកនារីឆ្នាំ២០១៩ ដែលបារាំងធ្វើម្ចាស់ផ្ទះ ជាមួយម្ចាស់ជើងឯកច្រើនជាងគេ ៣សម័យ និងជាក្រុមការពារតំណែងជើងឯកអាមេរិកនៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩។
ចំណែកអង់គ្លេស ត្រូវប្រជែងគ្នាជាមួយស៊ុយអែត ដើម្បីដណ្តើមយកចំណាត់ថ្នាក់ទី៣ នៅមួយថ្ងៃមុនជំនួបផ្តាច់ព្រ័ត្រ៕
Tag:
World Cup Women
ហូឡង់
© រក្សាសិទ្ធិដោយ thmeythmey.com