ជាតិ
នយោបាយជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ កំពុងពិនិត្យលទ្ធភាពដាក់ឲ្យអនុវត្តទោសសហគមន៍
× ភ្នំពេញ៖ ក្រសួងយុត្តិធម៌ កំពុងពិនិត្យលទ្ធភាពលើការដាក់ឲ្យអនុវត្តច្បាប់ «ទោសសហគមន៍»។ នេះជាការលើកឡើងរបស់លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅចំពោះមុខសភាពេញអង្គ នៅព្រឹកថ្ងៃទី៤ កក្កដា។
ថ្លែងចំពោះមុខតំណាងរាស្ត្ររដ្ឋសភា នៃគណបក្សប្រជាជនកម្ពុជា លោក អង្គ វង្ស វឌ្ឍនា បាននិយាយថា ក្រសួងកំពុងសិក្សាលើការអនុវត្ត និងការដាក់ទោសសហគមន៍ លើជនល្មើសដែលប្រព្រឹត្តកំហុសតូចតាច។ ជនល្មើសដែលប្រព្រឹត្តកំហុសតូចតាចនេះ គឺលោក វឌ្ឍនា ចង់សំដៅទៅលើចោរលួចត្រឹមសម្ភារ ឬទ្រព្យសម្បត្តិពលរដ្ឋក្នុងកម្រិតស្រាល ឬបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលមិនមែនជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរ។ ក្នុងន័យនេះរដ្ឋមន្ត្រីយុត្តិធម៌ បាននិយាយថា ការដាក់ទោសនោះ គឺកម្រិតឲ្យជនល្មើសនេះ ជាប់ឃុំឃាំងនៅត្រឹមសហគមន៍ ឬមូលដ្ឋានប៉ុណ្ណោះ ពោលគឺមិនចាំបាច់ដាក់ទោសជាប់ពន្ធនាគារឡើយ។
បើតាមលោក អង្គ វង្ស វឌ្ឍនា ច្បាប់ដាក់ទោសសហគមន៍ គឺវាពិបាកឲ្យពលរដ្ឋទទួលយកបន្តិច ដូច្នេះទើបក្រសួងត្រូវការចំណាយពេលសិក្សាច្រើនលើច្បាប់នេះ។
ក្រៅពីនេះរដ្ឋមន្ត្រីយុត្តិធម៌ ក៏បានលើកយកពីគម្រោងសាងសង់អង្គភាពយុត្តិធម៌នៅតាមបណ្ដាខេត្ត, ការដោះស្រាយបញ្ហារសើប ដូចជាករណីដីធ្លី , ការផ្ដល់សេវាផ្នែកច្បាប់, ការរៀបចំប្រព័ន្ធតុលាការតាមបែបបច្ចេកវិទ្យា ,ការបណ្ដុះបណ្ដាលធនធានមនុស្ស និងបញ្ហាកកស្ទះណែននៃទណ្ឌិតនៅពន្ធនាគារជាដើម។ បើតាមលោក វឌ្ឍនា បច្ចុប្បន្ននេះ ទណ្ឌិតកំពុងជាប់ឃុំនៅពន្ធានាមានចំនួន ជាង៣២០០០នាក់៕
Tag:
អង្គ វង្ស វឌ្ឍនា
យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com