គ្រាប់ត្នោត គឺជាសាច់ត្នោតមួយប្រភេទដែលយកចេញពីផ្លែត្នោត ហើយក៏មានភាពពេញនិយមច្រើនដែរក្នុងប្រទេសយើង។ ទោះបីជាយ៉ាងណាក៏ដោយ តាមការសិក្សាបានឲ្យដឹងថា គ្រាប់ត្នោតមានផ្ទុកសារធាតុមានប្រយោជន៍ច្រើនដូចជា ជាតិស្ករ ប្រូតេអ៊ីន កាបូអ៊ីដ្រាត អាស៊ីតអាមីណេ វីតាមីន C ប៉ូតាស្យូម ស័ង្កសី ម៉ាញ៉េស្យូម ជាតិដែក និងវីតាមីន B មួយចំនួនទៀត។
ក្រៅពីនេះគ្រាប់ត្នោតមានប្រយោជន៍ចំពោះសុខភាពជាច្រើនដូចជា៖
ពង្រឹងដល់គំហើញ
គ្រាប់ត្នោតផ្ទុកវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ ហើយក៏មានក្នុងបន្លែ និងផ្លែឈើមួយចំនួន។ វីតាមីន B1 ក៏សំខាន់ក្នុងការពង្រឹងដល់ភាពមើលឃើញរបស់ភ្នែកយើង។
បន្ថយការប្រឈមនឹងជំងឺបេះដូង
ការញ៉ាំគ្រាប់ត្នោតក្នុងកម្រិតមធ្យមអាចជួយបន្ថយការកើតជំងឺបេះដូងសរសៃឈាមបាន ដូចជា ការខ្សោយបេះដូងជាដើម។ វាផ្ទុកជាតិប៉ូតាស្យូម ដែលពង្រឹងដល់មុខងាររបស់បេះដូង និងបន្ថយការលើសសម្ពាធឈាមបាន។
ប្រឆាំងនឹងភ្នាក់ងារបង្កមហារីក
គ្រាប់ត្នោតផ្ទុកវីតាមីន B2 ដែលជាអង់ទីអុកស៊ីដង់មួយជួយប្រឆាំងនឹងជំងឺមហារីកដែលបង្កឡើងដោយរ៉ាឌីកាល់សេរីបាន។
ជំរុញដល់សុខភាពសក់ ក្រចក និងស្បែក
ជាតិដែក និងវីតាមីន ដែលមានក្នុងគ្រាប់ត្នោតនឹងជួយជំរុញដល់សុខភាពស្បែក សក់ និងក្រចក។ វានឹងជួយឲ្យរបួសឆាប់ជា តាមរយៈការជួសជុលជាលិកា និងបណ្តុះកោសិកាផ្តល់សុខភាពឡើងវិញ។ សម្រាប់ស្ត្រីគួរតែញ៉ាំក្នុងចំនួនតិចតួចបានហើយដើម្បីពង្រឹងដល់សភាពស្បែក។
ជំរុញដល់ការបំបៅដោះកូន
នៅប្រទេសអាហ្វ្រិក គ្រាប់ត្នោតត្រូវបានគេប្រើប្រាស់ជាថ្នាំព្យាបាលបែបធម្មជាតិ សម្រាប់បង្កើនការផលិតទឹកដោះលើស្ត្រីដែលកំពុងតែបំបៅដោះកូន។ វាក៏ត្រូវបានគេញ៉ាំដើម្បីជំរុញដល់សុខភាព និងបង្ការជំងឺជាច្រើនផងដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh