ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​យុត្តិធម៌ កំពុង​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ម្នាក់ ដែល​ជាប់ទោស១៦៥​ឆ្នាំ​
04, Jul 2019 , 5:39 pm        
រូបភាព
រូបពីគណៈកម្មាធិការសិទ្ធិមនុស្ស
រូបពីគណៈកម្មាធិការសិទ្ធិមនុស្ស
​ភ្នំពេញ​៖ នៅចំពោះមុខសភាពេញអង្គថ្ងៃទី ៤ ខែកក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងថា ក្រសួងរបស់លោកកំពុង​ស៊ើបអង្កេត​លើ​ករណី​ស្ត្រី​ម្នាក់ ដែល​ជាប់ទោសដល់ទៅ១៦៥​ឆ្នាំ​។ ការស៊ើបអង្កេត​នេះ ធ្វើឡើង​ក្រោយពី​មានការ​ងឿងឆ្ងល់ និង​រិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ​។​


​មិនមែន​តែ​ពលរដ្ឋ​ទេ ដែល​ងឿងឆ្ងល់​លើ​ករណី​ស្ត្រី​ជាប់ទោស​១៦៥​ឆ្នាំនេះ សូម្បីតែ​លោក អង្គ វង្ស វ​ឌ្ឍ​នា ក៏​ឆ្ងល់​ដែរ​។ លោក វ​ឌ្ឍ​នា ដែល​ទើប​ទទួលបាន​ព័ត៌មាន​នេះ បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​យុត្តិធម៌ ស៊ើបអង្កេត​លើ​ករណីនេះ ដើម្បី​រក​មូលហេតុ​ឲ្យ​ច្បាស់​។​
 
​បើតាម​របាយការណ៍​នៃ​សាលក្រម ដែល​តុលាការ​បាន​បញ្ជូនទៅ​លោក អង្គ វង្ស វ​ឌ្ឍ​នា នោះ គឺ​ការផ្ដន្ទាទោស​ស្ត្រី​ខាងលើ​នោះ ដោយ​យោងតាម​បទល្មើស​ព្រហ្មទណ្ឌ ដែល​ស្ត្រី​រូបនោះ បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​ជាមួយ​ស្វាមី​កន្លងមក​។ ត្រង់ចំណុច​នេះ​លោក វ​ឌ្ឍ​នា បាន​បញ្ជាក់ថា សាលក្រម​នីមួយៗ​បាន​កាត់ទោស​ឲ្យ​ស្ត្រី​រូបនោះ ជាប់ទោស​ពី​៨​ឆ្នាំ​ឡើងទៅ​។ បើតាម​លោក វ​ឌ្ឍ​នា ស្វាមី​របស់​ស្ត្រី​រូបនេះ ជា​ក្រុមចោរប្លន់​យ៉ាង​សាហាវ ដោយ​ក្នុង​មួយឆ្នាំ​ចេញ​ប្លន់​យ៉ាងតិច​៩​ករណី​។
 
​តែ​យ៉ាងណា​រដ្ឋមន្ត្រី​យុត្តិធម៌ បាន​សង្កត់ធ្ងន់ថា យោងតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​នីតិវិធី​ច្បាប់​កម្ពុជា គឺ​តម្រូវ​ឲ្យ​ជនល្មើស​ជាប់ទោស​ណាមួយ ដែល​តុលាការ​កាត់​ឲ្យ​ជាប់ពន្ធនាគារ​ច្រើនជាងគេ ក្នុងចំណោម​ទោស​ដែល​បាន​ប្រព្រឹត្តប៉ុណ្ណោះ ។ ក្នុងន័យនេះ​លោក អង្គ វង្ស វ​ឌ្ឍ​នា ក៏​យល់ថា ស្ត្រី​ជាប់ពន្ធនាគារ​ខាងលើ មិនត្រូវ​អនុវត្ត​ទោស​រហូតដល់​១៦៥​ឆ្នាំ​នោះទេ​។ «​ខ្ញុំ​កំពុង​តាមដាន​រឿងនេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​ នៅក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលសួរនាំជុំវិញ​ការអនុវត្ត​ការងារ​របស់​ក្រសួង​កន្លងមក នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា​នេះ​។​
 
​កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៩​នេះ គណៈកម្មាធិការ​សិទ្ធិមនុស្ស បាន​ពិភាក្សា​ជាមួយ​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា ហើយ​បាន​ចុះទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដើម្បី​ធ្វើ​បែបបទ​រដ្ឋបាល និង​នីតិវិធី​ច្បាប់ ក្នុងការ​ទទួលយក​ក្មេង​ចេញពី​ពន្ធនាគារ ប្រគល់​ទៅ​ឲ្យ​អង្គការ​ការអភិវឌ្ឍ​កុមារ​កម្ពុជា ដែល​ស្ថិតនៅ​ភូមិ​ព្រែកត្រែង ឃុំ​សិត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ នៅ​គ្រា​ដែល​ក្រុមការងារ​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស ចុះទៅ​ជួប​ស្ត្រី​និង​កូន​ក្នុង​ពន្ធនាគារ​នោះ ក៏បាន​រកឃើញ​ស្ត្រី​ម្នាក់ មានទោស​ជាច្រើន​បូកផ្សំ​បញ្ចូល​គ្នា រហូតដល់​ទៅ​មានទោស​សរុប​១៦៥​ឆ្នាំ ដោយមាន​ទាំង​កូនប្រុស​តូច​ម្នាក់​អាយុ​ទើប​ឆ្នាំ​៣​ឆ្នាំ​នៅ​ជាមួយ​ផង​។ ស្ត្រី​រូបនេះ បាន​អនុវត្ត​ទោស​៣​ឆ្នាំ​មកហើយ​។​
 
​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស អះអាងថា ចៅក្រម បានប្រកាស​សាលក្រម​ដល់​ទៅ​៩​ករណី ទាក់ទង​នឹង​បទល្មើស​របស់​ស្ត្រី​រូបនោះ ដែល​សរុប​ទោល​ដល់​ទៅ​១៦៥​ឆ្នាំ​។ ប៉ុន្តែ លោក លើកឡើងថា ទោស​ទាំងនេះ មិនទាន់​ចូល​ជា​ស្ថាពរ​នោះទេ​។ លោក បញ្ជាក់ថា «​មិនទាន់​ស្រូប​ទោស​នៅឡើយ​ទេ​។ កាលណា​មានទោស​ច្រើន ស្រូប​ទោស គឺ​យកទោស​ដែលមាន​ចំនួន​ច្រើនជាងគេ​។ នេះ​គ្រាន់តែ​ជា​ទោស​សរុប​៩​សាលក្រម​»៕

Tag:
 អង្គ វង្ស វ​ឌ្ឍ​នា​
  យុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com