អន្តរជាតិ
ចិន​ប្រាប់​កាណាដា ថា អាមេរិក​មិនអាច​ជួយ​អ្វី​ឡើយ​ករណី​ជនជាតិ​កាណាដា​ពីរ​នាក់​
04, Jul 2019 , 10:55 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបភាព AFP
ប្រធានាធិបតីចិន ស៊ី ជិនភីង និងនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ ។ រូបភាព AFP
​ក្ដីសង្ឃឹម​របស់​កាណាដា​ដែល​ពឹងពាក់​អាមេរិក​ឲ្យ​ជួយ​និយាយ​ជាមួយ​ចិន​ដើម្បី​ឈានទៅ​ការដោះលែង​ជនជាតិ​កាណាដា​ពីរ​នាក់ ទំនង​ត្រូវ​រលាយ​សូន្យ​ហើយ​។ តាមរយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រប​ស់​ខ្លួន ចិន នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​ប្រាប់​កាណាដា​កុំ​ឆោត​ពេក ហើយ​ជឿថា អាមេរិក​អាចជួយ​ដោះស្រាយ​ករណី​ជនជាតិ​ខ្លួន​បាន​ឲ្យ​សោះ​។ ក្រុង​ប៉េកាំង ក៏បាន​ផ្ដាំ​ទៅ​ក្រុង​អូ​តា​វ៉ា​ដែរ​ថា បញ្ហា​នេះ​មិន​ពាក់ព័ន្ធ​ក្រុង​វ៉ាស៊ីនតោន​ឡើយ​។

 
​នាយករដ្ឋមន្ត្រី​កាណាដា ចា​ស្ទី​ន ទ្រូ​ដូ កាលពី​ថ្ងៃទី​២០ ខែមិថុនា បាន​ទៅសុំ​ជំនួយ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជនជាតិ​កាណាដា​ពីរ​ដែល​កំពុង​ត្រូវបាន​ជាប់ឃុំ​ខ្លួន​នៅ​ទឹកដី​ចិន ព្រោះ​លោក ត្រាំ ត្រូវ​ជួប​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ នៅ​ថ្ងៃទី​២ ខែកក្កដា លោក ទ្រូ​ដូ ក៏​និយាយថា លោក​មាន​ទំនុកចិត្ត​ខ្ពស់​ថា លោក ត្រាំ លើក​ករណីនេះ​ទៅ​ជជែក​ជាមួយ​សម​ភាគី​ចិន​ក្នុងជំនួប​នៅ​ជប៉ុន​។​
 
​យ៉ាងណាមិញ ប៉េកាំង​ប្រាប់​ក្រុង​អូ​តា​វ៉ា​កុំ​ឲ្យ​រំពឹង​វ៉ាស៊ីនតោន​ឲ្យ​សោះ ព្រោះ​មិនអាច​ជួយ​អ្វី​បានឡើយ ហើយ​បាន​ដាស់តឿន​អូ​តា​វ៉ា​កុំ​ឆោត​ពេក​។ ជុំវិញ​ការលើកឡើង​របស់លោក ទ្រូ​ដូ ខាងលើ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Geng Shuang និយាយថា ការគៀងគរ​សម្ព័ន្ធមិត្ត មិនអាច​ដាក់​សម្ពាធ​លើ​ចិន​បានឡើយ ដោយសារ​ចិន​ជា​ប្រទេស​គោរព​នីតិរដ្ឋ ហើយ​ប្រព័ន្ធយុត្តិធម៌ ធ្វើការ​ដោយ​ឯករាជ្យ និង​មិន​ឲ្យ​មានការ​អន្តរាគមន៍​អ្វី​ទេ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៣ ខែកក្កដា អ្នកនាំពាក្យ​ខាងលើ​ក៏​និយាយ​បែប​ឌឺដង​ឲ្យ​កាណាដា​ដែល​ពឹង​អាមេរិក​ទៀតថា​៖ «​កុំ​ឆោត​ពេក​ដែល​ជឿថា សម្ព័ន្ធមិត្ត​នោះ​ជួយ​កាណាដា​តាម​តម្រូវការ​របស់ខ្លួន​នោះ​។ យ៉ាងច្រើន​ណាស់ ពួកគេ​និយាយ​ឲ្យ​តែ​បាន​រួចពីមាត់​ប៉ុណ្ណោះ​។ ចុងក្រោយ បញ្ហា​នេះ​ជា​រឿង​រវាង​ចិន និង​កាណាដា​ផ្ទាល់​។​» 
 
​មន្ត្រី​ក្រសួងការបរទេស​ចិន​ដដែល​នេះ នៅតែ​រុញ​ការទទួលខុសត្រូវ​ទាំង​អម្បាលម៉ាន​លើ​កាណាដា​ជុំវិញ​ភាពល្អក់​កករ​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​នាពេល​បច្ចុប្បន្ននេះ​។ លោក​ចង់​និយាយ​សំដៅ​ការឃាត់ខ្លួន​មន្ត្រី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន Huawei ពី​សំណាក់​ប៉ូលិស​កាណាដា​តាម​សំណើសុំ​ធ្វើ​បត្យាប័ន​របស់​អាមេរិក​។ ក្រោយ​ការឃាត់ខ្លួន​នេះ ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​ម្នាក់​ជា​អតីតមន្ត្រី​ការទូត​ផង​នោះ ត្រូវ​អាជ្ញាធ​ចិន​ចាប់ខ្លួន និង​ចោ​ន​ប្រកាន់​ពីបទ​លួច​ព័ត៌មាន​សម្ងាត់​។​
 
​ស្របពេល​ទំនាក់ទំនង​កាន់តែ​ជូរចត់​នោះ លោក ទ្រូ​ដូ ផ្ទាល់ ក៏បាន​ជួប​លោក ស៊ី នៅ​ជប៉ុន​ផងដែរ ហើយ​ប្រធានបទ​ជនជាតិ​កាណាដា​ពីរ​នាក់​នោះ ក៏​ត្រូវបាន​ពិភាក្សា​ផងដែរ​។ សម្រាប់​ច្រកចេញ​វិញ លោក Geng Shuang បញ្ជាក់ថា កាណាដា​ដឹង​ច្បាស់​ពី​ឬ​សគល់​នៃ​បញ្ហា​ដែល​កើតឡើង ហើយ​ចិន​សង្ឃឹមថា កាណាដា នឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​វិល​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​ឲ្យ​បាន​ឆាប់​៕ 
 

Tag:
 កាណាដា​
  ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com