ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់បរទេសថា «កម្ពុជា បានប្រែមុខមាត់ថ្មី ដែលគេមិននឹកស្មានដល់»
04, Jul 2019 , 1:09 pm        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ (រូបពី AKP)
ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ (រូបពី AKP)
នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសនានាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូអភិវឌ្ឍដទៃទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីកាទទួលជោគជ័យក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ។



ក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«....៤០ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណានឹងស្មានដល់។ ....កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទក»។

ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា កម្ពុជា បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពយ៉ាងមុតមាំ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា កម្ពុជា មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករសង្គមនានា ហើយមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះ ទើបនឹងឆ្លងផុតពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។

មេដឹកនាំកម្ពុជា អះអាងជាថ្មីថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ គឺជាង៧ភាគរយ នាពេលបច្ចុប្បន្ន៕

Tag:
 ហ៊ុន សែន
  កម្ពុជា
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com