អន្តរជាតិ
ប្រជាជន​ជប៉ុន​ជាង​មួយ​លាន​នាក់​ត្រូវ​បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគខាងត្បូង
04, Jul 2019 , 2:29 pm        
រូបភាព
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងជប៉ុន។ រូបភាព AFP
ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងជប៉ុន។ រូបភាព AFP
​នៅ​ភាគខាងត្បូង​ជប៉ុន ការព្រួយបារម្ភ​ពី​បំណាក់​ដី និង​ទឹកជំនន់ បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​ដាក់​ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​។ មនុស្ស​ច្រើនជាង​មួយ​លាន​នាក់ ត្រូវបាន​បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន ស្រប​ពេលដែល​ភ្លៀង​ធ្លាក់​កាន់តែខ្លាំង​ក្នុង​តំបន់​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា​នេះ​។ ប៉ុន្តែ​ប្រជាជន​ភាគតិច​ប៉ុណ្ណោះ ដែល​បាន​អនុវត្តតាម​បទបញ្ជា ហើយ​ភៀសខ្លួន​ទៅកាន់​ទី​សុវត្ថិភាព​។ ប្រសិនបើ​ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង អាជ្ញាធរ នឹង​ប្រកាសអាសន្ន​តែម្ដង​។​

 
​ការធ្លាក់​ភ្លៀង​មិន​ដាច់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក ធ្វើ​ឲ្យ​តំបន់​ភាគ​ត្បូង​ជប៉ុន​ប្រឈមមុខ​កាន់តែខ្លាំង​នឹង​គ្រោះថ្នាក់​បង្កដោយ​សារ​ការ​បាក់​ដី និង​ទឹកជំនន់​។ អាជ្ញាធរខេត្ត Kagoshima នៃ​កោះ Kyushu បានចេញ​បញ្ជា​ឲ្យ​ប្រជាជន​ច្រើនជាង​មួយ​លាន​នាក់ ភៀសខ្លួន​ទៅកាន់​ជម្រក​សុវត្ថិភាព ខណៈ​លទ្ធភាព​នៃ​គ្រោះថ្នាក់​កើនឡើង​កាន់តែ​ខ្ពស់​។ ប៉ុន្តែ​របាយការណ៍​អាជ្ញាធរ​បង្ហាញថា មនុស្ស​បី​ពាន់​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្នាក់នៅ​ទី​សុវត្ថិភាព​។​
 
​ការធ្លាក់​ភ្លៀង​ដែល​ចាប់ផ្ដើម​តាំងពី​ចុង​សប្ដាហ៍​មុន បានសម្លាប់​ស្ត្រី​ម្នាក់​ទៅហើយ​ក្នុង​ហេតុការណ៍​បំណាក់​ដី​។ មនុស្ស​ជាច្រើន​ទៀត បាន​រង​បួស​បន្ទាប់ពី​ការបាក់​ដី​តូច​ជាច្រើន​ដែល​កប់​ឡាន​ពួកគេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ត្រឹម​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ប្រជាជន​ច្រើនជាង​មួយ​លាន​នាក់ នៅតែ​ស្ថិតក្រោម​បញ្ជា​ឲ្យ​ជម្លៀស​ខ្លួន​ដដែល ខណៈ​កម្រិត​ទឹក​បន្ត​កើនឡើង​។ វីដេអូ​តាម​ទូរទស្សន៍​បង្ហាញ​ពី​ទឹកជំនន់​ដែល​គួច​យក​ឡាន​ជាច្រើន​គ្រឿង ឯ​ទឹកទន្លេ​ក៏​ហក់​ឡើង​គួរ​ឲ្យ​បារម្ភ​ខ្លាំង​។ បញ្ជា​ឲ្យ​ជម្លៀស​នេះ គឺជា​ការព្រមាន​ចុងក្រោយ​បំផុត​មុន​គ្រោះមហន្តរាយ​មកដល់​។ ក្នុងករណី​ចុងក្រោយ​នេះ ប្រជាជន​នឹងត្រូវ​បញ្ជា​ឲ្យ​រក​កន្លែង​សុវត្ថិភាព​ដោយ​ខ្លួនឯង​។​
 
​អភិបាលខេត្ត Kagoshima លោក Satoshi Mitazono នៅ​ថ្ងៃទី​៣ ខែកក្កដា និយាយថា ស្ថានភាព​ស្ថិតក្នុង​កម្រិត​គ្រោះថ្នាក់​ខ្លាំង ហើយ​គ្រោះមហន្តរាយ​ធ្ងន់ធ្ងរ​អាច​កើតឡើង​គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ដដែល​។ ជាមួយនឹង​ស្ថានភាព​អាសន្ន​បែបនេះ លោក Mitazono ក៏​ស្នើសុំ​ជំនួយ​ពី​យោធា​ផងដែរ ខណៈ​អាជ្ញាធរ​បាន​ទទូច​ឲ្យ​ប្រជាជនរ​ត់រក​ទីជម្រក​សុវត្ថិភាព​ឲ្យ​បាន​លឿន កុំ​រង់ចាំ​ដល់​គ្រាអាសន្ន​ទើប​ម្នីម្នា​នោះ​។ ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​ព្រមាន​ហើយ​ថា ការបាក់​ដី​ដែល​បង្ក​គ្រោះថ្នាក់ នៅតែ​អាច​កើតឡើង​។​
 
​កាលពី​ឆ្នាំមុន មនុស្ស​ជាង​២០០​នាក់ បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ជំនន់​ដ៏​កំណាច​ដែល​វាយប្រហារ​ភាគ​ខាងលិច​ជប៉ុន​អំឡុងពេល​រដូវក្ដៅ​។ ករណី​ស្លាប់​ជាច្រើន​នេះ ធ្វើ​ឲ្យ​អាជ្ញាធរ​រង​ការរិះគន់​ខ្លាំង ព្រោះ​មិនបាន​ប្រកាស​ភាពអាសន្ន​ឲ្យ​បាន​លឿន បូកផ្សំ​ការខ្វះខាត​ការយកចិត្តទុកដាក់​ផង​។ កាលនោះ ភូមិ​ខ្លះ​ត្រូវ​កប់​លិច​ទាំងស្រុង​ដោយសារ​បំណាក់​ដី ឬក៏​លិច​ក្រោម​ទឹកជំនន់​ក៏​ខ្លាំងក្លា​ទៀតផង​៕ 

Tag:
 ជប៉ុន​
  គ្រោះធម្មជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com