កីឡាអន្តរជាតិ
អន្តរជាតិ
Atletico Madrid ទិញ Felix ១៤២​លាន​ដុល្លារ​ពី Benfica ក្រោយ​លក់ Rodri ទៅ Man City
04, Jul 2019 , 7:19 pm        
រូបភាព
Atletico Madrid បាន​លក់​ខ្សែបម្រើ Rodri ទៅ​ឲ្យ Manchester City ក្នុងតម្លៃ ៦២,៨​លាន​ផោន (៧៩​លាន​ដុល្លារ​អាមេរិក​) ប៉ុន្តែ​បាន​បន្ថែម​ប្រាក់​ពី​ការលក់​នេះ​ពាក់កណ្តាល​ដើម្បី​ទិញយក​ខ្សែប្រយុទ្ធ Joao Felix ពី Benfica ក្នុងតម្លៃ​កំណត់ត្រា​ក្លិប ១១៣​លាន​ផោន (១៤២​លាន​ដុល្លារ​អាមេរិក​)​។​

 
​ការផ្ទេរ​ពី​ក្របខណ្ឌ​ព័រ​ទុយ​ហ្គា​ល់​ទៅ​រួម​ក្លិប​នៅ​អេ​ស្ប៉ា​ញ​នេះ បានធ្វើ​ឲ្យ Felix ក្លាយជា​កីឡា​ករទី​៥​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​លើ​លោក បន្ទាប់ពី Neymar, Kylian Mbappe, Philippe Coutinho និង Ousmane Dembele និង​ជា​កីឡាករ​វ័យក្មេង​ថ្លៃ​ជាងគេ​លំដាប់​ទី​២​បន្ទាប់ពី Kylian Mbappe ខ្សែប្រយុទ្ធ​របស់ Paris St-Germain ដែល​ផ្លាស់​ពី AS Monaco ក្នុងតម្លៃ ២០៣​លាន​ដុល្លារ​អាមេរិក​។​
 
Felix ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​១៩​ឆ្នាំ ដែល​បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​វែង​រហូត​៧​ឆ្នាំ​ជាមួយ AT-Madrid បា​នរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ឲ្យ Benfica ម្ចាស់​ជើងឯក​លី​គ​កំពូល Primeira Liga ចំនួន​១៥​គ្រាប់​កាលពី​រដូវ​កាល​មុន​។ 
 
​អតីត​យុវជន​របស់ Porto រូបនេះ ទើបតែ​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​ឈុត​ធំ​ព័រ​ទុយ​ហ្គា​ល់​មួយ​លើក​ប៉ុណ្ណោះ នា​ជំនួប​ជាមួយ​ស្វី​ស​នៃ​ការប្រកួត​ពានរង្វាន់ Nations League វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 
​នៅមុន​ពេល​ទិញ​បាន Felix តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ AT-Madrid បាន​លក់​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ Rodri ទៅ​ឲ្យ​ម្ចាស់​ជើងឯក Premier League រដូវ​កាល​មុន​ក្នុងតម្លៃ ៧៩​លាន​ដុល្លារ​អាមេរិក​។ Rodri បាន​បំបែក​កំណត់ត្រា​ផ្ទេរ​ថ្លៃ​បំផុត​របស់ Riyad Mahrez ដែល Man City ទិញ​ពី Leicester City តម្លៃ ៦៧​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨​។​
 
Rodri វ័យ​២៣​ឆ្នាំ ដែលជា​កីឡាករ​ចំណូល​ថ្មី​ទី​១​របស់លោក Pep Guardiola សម្រាប់​រដូវ​កាល ២០១៩-២០​នេះ ទើបតែ​ផ្លាស់​ពី Villarreal ទៅ AT-Madrid បាន​មួយ​រដូវ​កាល​ប៉ុណ្ណោះ ជាមួយ​ការបង្ហាញ​ខ្លួន​៣៤​ប្រកួត និង​ជួយ​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង La Liga រដូវ​កាល​មុន​៕
 

Tag:
 Atletico Madrid
  Joao Felix
  Rodri
  Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com