អន្តរជាតិ
មេបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ឥណ្ឌា​លាលែង​ពី​តំណែង ក្រោយ​បក្ស​ចាញ់​ពីរ​អាណត្តិ​ជាប់​គ្នា​
04, Jul 2019 , 4:34 pm        
រូបភាព
លោក រ៉ាហ៊ុល គន្ធី លាលែងពីតំណែងប្រធានបក្សសមាជ។ រូបភាព AFP
លោក រ៉ាហ៊ុល គន្ធី លាលែងពីតំណែងប្រធានបក្សសមាជ។ រូបភាព AFP
​មេបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​ឥណ្ឌា លោក រ៉ា​ហ៊ុល គ​ន្ធី (Rahul Gandhi) បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស​ហើយ ដើម្បី​ទទួលខុសត្រូវ​លើ​បរាជ័យ​ផ្ទួនៗ​ក្នុងការ​បោះឆ្នោត​ទូទៅ​ក្នុងប្រទេស​ប្រជាធិបតេយ្យ​ធំជាងគេ​លើ​ពិភពលោក​មួយ​នេះ​។ តាមរយៈ​បណ្ដាញ​សង្គម Twitter របស់ខ្លួន អ្នកនយោបាយ​ជាប់សាច់​ឈាម​វីរបុរស​ជាតិ​របស់​ឥណ្ឌា​រូបនេះ​អះអាងថា ការលាលែង​ពី​តំណែង​នេះ គឺ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​បក្ស​សមាជ​។​

 
«​ក្នុងនាម​ជា​ប្រធាន​បក្ស​សមាជ ខ្ញុំ​ទទួលខុសត្រូវ​ចំពោះ​បរាជ័យ​ការបោះឆ្នោត​២០១៩ ។​» នេះ​ជាការ​ប្រកាស​របស់លោក រ៉ា​ហ៊ុល គ​ន្ធី នៅលើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃទី​៣ ខែកក្កដា ដោយ​បន្តថា ការទទួលខុសត្រូវ ជា​រឿង​សំខាន់​សម្រាប់​អនាគត​បក្ស ហើយ​នេះ​ជា​មូល​ហេតុដែល​នាំ​លាលែង​ពី​តំណែង​បក្សប្រឆាំង​ដ៏​ធំ​របស់​ឥណ្ឌា​។ 
 
​បក្ស​សមាជ​ដែល​ធ្លាប់​ដឹកនាំ​ប្រទេស​ជាច្រើន​ឆ្នាំ បាន​បរាជ័យ​ផ្ទួនៗ​ក្នុងការ​បោះឆ្នោត​សភា​នៅ​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៩ នេះ​ទល់នឹង​បក្ស Bharatiya Janata របស់​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី ។ សម្រាប់​ការបោះឆ្នោត​ទូទៅ​ឆ្នាំ​២០១៩ លោក រ៉ា​ហ៊ុល ដែល​ចូលកាន់​តំណែង​ប្រធាន​បក្ស​នៅ​ឆ្នាំ​២០១៧ មានបំណង​ក្លាយជា​អ្នកនយោបាយ​ត្រកូល​នេ​រុ​ហ៍​-​គ​ន្ធី​ទី​បួន​ដែល​ដឹកនាំ​ឥណ្ឌា ប៉ុន្តែ​បែរជា​ចាញ់​លោក ម៉ូ​ឌី ទៅវិញ​។  
 
​តាមពិតទៅ លោក រ៉ា​ហ៊ុល បានបង្ហាញ​បំណង​លាលែង​ក្រោយ​ដឹង​លទ្ធផល​បោះឆ្នោត​ភ្លាមៗ ប៉ុន្តែ​អ្នកនយោបាយ​ផ្សេងទៀត​ក្នុង​បក្ស​ចង់​ឲ្យ​បន្ត​កាន់តំណែង​ទៀត ដ្បិត​ការលាលែង​នេះ នឹងធ្វើ​ឲ្យ​បក្ស​វ័យ​ចំណាស់​មួយ​នេះ ជួប​បញ្ហា​មិន​ខាន​។ ទោះជា​ទទួលយក​កំហុស​ដែល​ដឹកនាំ​បក្ស​មិនល្អ​ក្ដី អ្នកនយោបាយ​វ័យ​៤៩​ឆ្នាំ​រូបនេះ ក៏​ឆ្លៀត​រិះគន់​បក្ស​កាន់អំណាច​ដែល​ប្រើប្រាស់​អំណាច​រដ្ឋ​ធ្វើជា​ឧបករណ៍​នយោបាយ​រប​ស់​ខ្លួន​។​
 
​លោក រ៉ា​ហ៊ុល ចោទថា ការបោះឆ្នោត មិន​ធ្វើឡើង​ដោយ​សេរី និង​យុត្តិធម៌​ឡើយ ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា តុលាការ និង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ផង​នោះ សុទ្ធតែ​បែរខ្នង​ដាក់​បក្សប្រឆាំង​ទាំងអស់​។ អ្នកនយោបាយ​ត្រកូល​អភិជន​ដដែល​នេះ​បន្តថា ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៩ បក្សប្រឆាំង​មិនមែន​ប្រយុទ្ធ​ជាមួយ​បក្សនយោបាយ​ឡើយ តែ​ជាការ​ប្រយុទ្ធ​ជាមួយ​ឧបករណ៍​រដ្ឋ​ទាំងអស់​។ 
 
​ជា​ចៅទួត ចៅ និង​កូន​របស់​នាយករដ្ឋមន្ត្រី​បី​រូប​របស់​ឥណ្ឌា លោក រ៉ា​ហ៊ុល ត្រូវបាន​ចាត់ទុកជា​បុគ្គល​ ដែល​អាច​ស្ដារ​មុខមាត់​បក្ស​សមាជ​ ក្រោយ​បរាជ័យ​ការបោះឆ្នោត​ឆ្នាំ​២០១៤ ។ ប៉ុន្តែ​អ្វីៗ​មិន​ដូច​ការគ្រោងទុក​ឡើយ​។ ទោះ​បក្ស​នេះ​កើន​សំឡេង​បន្តិច​ បើ​ធៀប​នឹង​ការបោះឆ្នោត​លើក​មុន​ក្ដី បក្ស​សមាជ​ នៅតែមាន​គម្លាត​ឆ្ងាយ​ពី​បក្ស​កាន់អំណាច ខណៈដែល​លោក រ៉ា​ហ៊ុល ផ្ទាល់ ក៏​ចាញ់ឆ្នោត ​ក្នុង​មណ្ឌល​ដែល​ខ្លួន​ឈរ​ទៅទៀត​៕
 

Tag:
 ឥណ្ឌា​
  Rahul Gandhi
© រក្សាសិទ្ធិដោយ thmeythmey.com