អន្តរជាតិ
ប៉ា​គី​ស្ថាន​សាទរ​ដែល​អាមេរិក​សម្រេច​ដាក់​ក្រុម​ផ្តាច់ខ្លួន​ថា​ជា ក្រុម​ភេរវកម្ម​សាកលលោក​
05, Jul 2019 , 8:19 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​បានសម្រេច​ដាក់​ក្រុម​សកម្មប្រយុទ្ធ​ប្រឆាំងនឹង​ប៉ា​គី​ស្ថាន​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​បាន​វាយប្រហារ​យ៉ាង​ប្រល័យ​នៅក្នុង​តំបន់​និង​នៅក្រៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ខាងត្បូង​ថា​ជា អង្គការ​ភេរវកម្ម​សកលលោក​។ រដ្ឋាភិបាល​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​បាន​ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ ដែល​នឹង​ជួយ​ហាមឃាត់​មិន​ឲ្យ​ជនជាតិ​អាមេរិកាំង​ជាប់​ពាក់ព័ន្ធ​នៅក្នុង​ប្រតិបត្តិការ​ណាមួយ​ជាមួយនឹង​សមាជិក​របស់​ក្រុម​កងទ័ព​រំដោះ​បា​លូ​ជី​ស្ថាន​ឬ​ហៅ​កាត់​ថា BLA ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​ក្រុម​នេះ​នៅ​សហរដ្ឋអាមេរិក​ក៏ត្រូវ​បាន​បង្កក​ទុក​ផងដែរ​។

 
​យោងតាម​ការប្រកាសរ​បស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក «​ក្រុម BLA គឺជា ក្រុម​ផ្តាច់ខ្លួន​ប្រដាប់អាវុធ ដែលមាន​គោលដៅ​វាយប្រហារ​លើ​កងកម្លាំង​សន្តិសុខ និង​ជន​ស៊ីវិល ជាពិសេស​នៅក្នុង​តំបន់​ជនជាតិភាគតិច Baloch នៃ​ប្រទេស​ប៉ា​គី​ស្ថាន​»​។​
 
​ក្រុម​សកម្មប្រយុទ្ធ​នេះ​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ខេត្ត​បា​លូ​ជី​ស្ថាន ភាគ​និរតី​នៃ​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ហើយ​ជា​តំបន់​ដែល​ចិន​កំពុងធ្វើការ​វិនិយោគ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ដែលជា ផ្នែក​មួយ​នៃ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​ដែល​ហៅ​កាត់​ថា BRI​។​
 
​ក្រុម BLA ដែលជា ក្រុម​ខុសច្បាប់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ក្រុម​ធំជាងគេ​និង​មាន​ប្រតិបត្តិការ​ខ្លាំងជាងគេ​ក្នុងចំណោម​ក្រុម​សកម្មប្រយុទ្ធ​បា​លូ ដែល​ប្រឆាំង​ទៅនឹង​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ប៉ា​គី​ស្ថាន​នៅក្នុង​ខេត្ត​។ ក្រុម​នេះ​បាន​វាយប្រហារ​ភេរវកម្ម​ប្រឆាំងនឹង​អ្នកស្រុក​និង​ជនជាតិ​ចិន ដែល​ធ្វើការ​នៅក្នុង​ខេត្ត​បា​លូ​ជី​ស្ថាន​។ ក្រុម BLA នេះ​ក៏បាន​អះអាងថា ខ្លួន​គឺជា អ្នក​វាយប្រហារ​គ្រាប់បែក​អត្តឃាត​កាលពី​ខែឧសភា​ទៅលើ​ស​ណ្ឋ​គារ​ប្រណិត​មួយ​នៅ​ជិត​កំពង់ផែ Gwadar ដែល​គ្រប់គ្រង​ដោយ​ចិន​។ ការវាយប្រហារ​នោះបាន​សម្លាប់​បុគ្គលិក​សណ្ឋាគារ ៤​នាក់ និង​ទាហាន​ប៉ា​គី​ស្ថាន​ម្នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com