បាក់ឌុប៖ របៀបរៀន ដើម្បីទទួលបានពិន្ទុជីវវិទ្យាខ្ពស់!
ជាតិ
បាក់ឌុប
វីដេអូ
បាក់ឌុប៖ របៀបរៀន ដើម្បីទទួលបានពិន្ទុជីវវិទ្យាខ្ពស់!
04, Jul 2019 , 6:00 pm        
រូបភាព
លោក គាំ សត្យា សាស្រ្តាចារ្យជីវវិទ្យា នៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី
លោក គាំ សត្យា សាស្រ្តាចារ្យជីវវិទ្យា នៃវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មី
ភ្នំពេញ៖ ជីវវិទ្យា ជាមុខវិជ្ជាសំខាន់មួយក្នុងចំណោមមុខវិជ្ជាដទៃ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ជាក់ស្តែង ក្នុងវិញ្ញាសាជីវវិទ្យា នៅសម័យកំណែទម្រង់នេះ មានទាំងលំហាត់ និងសំណួរ សម្រាប់សិស្សានុសិស្សដោះស្រាយ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ សាស្រ្តាចារ្យជីវវិទ្យា លោក គាំ សត្យា បានបញ្ជាក់យ៉ាងដូច្នេះ៖ «មុខវិជ្ជាជីវវិទ្យា មិនខុសពីមុខវិជ្ជាដទៃទៀតឡើយ ដើម្បីដោះស្រាយលំហាត់ និងចេះមេរៀនជីវវិទ្យានេះ ទាមទារឲ្យសិស្សានុសិស្ស ត្រូវយល់ពីខ្លឹមសារមេរៀន និងប្រធានលំហាត់ជាមុនសិន។ ហើយដើម្បីបានពិន្ទុខ្ពស់ សិស្សគួរតែចេះមេរៀន និងលំហាត់ពី៧០ ទៅ៨០ភាគរយ»។



សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែសីហាខាងមុខនេះ។ រហូតមកដល់ពេលនេះ សិស្សានុសិស្សមួយចំនួន បានត្រៀមខ្លួនរួចរាល់ហើយ ចំណែកសិស្សខ្លះទៀត នៅមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងនេះនៅឡើយទេ។ លោក គាំ សត្យា សាស្រ្តាចារ្យជីវវិទ្យា នៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មី  បាន​លើកឡើងថា៖ «ដើម្បីត្រៀមខ្លួនប្រឡងបាក់ឌុបនាពេលខាងមុខ សិស្សត្រូវបែងចែកពេលវេលាទន្ទេញមេរៀន និងអនុវត្តលំហាត់ឲ្យបានត្រឹមត្រូវ។ ជាពិសេសត្រូវចាំរូបមន្ត, ចេះគោលការណ៍ និងវាចាតាមលំហាត់នីមួយៗ»។ សាស្រ្តាចារ្យជីវវិទ្យារូបនេះ បន្ថែមថា សិស្សានុសិស្ស គួរត្រៀមលក្ខណៈតាំងពីដើមឆ្នាំដំបូង និងចេះដោះស្រាយលំហាត់។ 
 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey និងលោក គាំ សត្យា សាស្រ្តាចារ្យជីវវិទ្យានៃវិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញថ្មីដូចតទៅ៖ 
 

បើតាមលោកសាស្រ្តាចារ្យ គាំ សត្យា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រោយការកំណែទម្រង់របស់ក្រសួងអប់រំ សិស្សានុសិស្ស បានខិតខំប្រឹងប្រែងរៀនសូត្រខ្លាំង ជាពិសេសពួកគេ អាចដោះស្រាយលំហាត់បានយ៉ាងល្អ។ ជាមួយគ្នានេះ ក្នុងពេលប្រឡងសិស្សានុសិស្ស គួរតែធ្វើលំហាត់ណា ដែលងាយស្រួលមុន ជាជាងធ្វើលំហាត់ពិបាក ដែលធ្វើឲ្យខាតពេលវេលា។ 
អត្ថបទទាក់ទង
សូមបញ្ជាក់ថា សម័យប្រឡង ១៩ សីហា ខាងមុខនេះ មានបេក្ខជនដាក់ពាក្យសរុប ១១៩, ២១៧នាក់  ដោយក្នុងនោះ ថ្នាក់ វិទ្យាសាស្ត្រមានចំនួន  ៤៥,៤១៤នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៧៣,៨០៣នាក់។ សម្រាប់ឆ្នាំនេះ មណ្ឌលប្រឡងនៅទូទាំងប្រទេស មានចំនួន ២០២មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល ស្មើនឹង៤  ៨០៩ បន្ទប់៕
 

Tag:
 បាក់ឌុប
  ជីវវិទ្យា
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com