ធ្លាយ​វិញ្ញាសា​គណិត​នៅ​បារាំង គ្រូ​កូដកម្ម​តវ៉ា រីឯ​សិស្ស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​
អន្តរជាតិ
ធ្លាយ​វិញ្ញាសា​គណិត​នៅ​បារាំង គ្រូ​កូដកម្ម​តវ៉ា រីឯ​សិស្ស​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​
04, Jul 2019 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ការប្រឡង​សញ្ញាបត្រ​ថ្នាក់មធ្យមសិក្សា​នៅ​បារាំង បង្ក​ឲ្យ​មាន​បញ្ហា​ច្របូកច្របល់​យ៉ាងខ្លាំង ខណៈ​គ្រូបង្រៀន​ជាច្រើន​ធ្វើ​កូដកម្ម​តវ៉ា មិន​កែ​សំណៅ​វិញ្ញាសា ដោយសារតែ​ការ​បែកធ្លាយ​វិញ្ញាសា​គណិតវិទ្យា​នៅពេល​ប្រឡង ហើយ សិស្ស​ប្រមាណ​២០​ត្រូវបាន​ចាប់ខ្លួន​។​

 
​ប៉ូលិស​បាន​ចាប់ខ្លួន​សិស្ស​ចំនួន​១៩​នាក់ កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ កន្លងមក នៅ​ក្រុង Marseille និង​ក្រុងប៉ារីស បន្ទាប់ពី​ការស៊ើបអង្កេត​បាន​រក​ឃើញថា សិស្ស​រាប់ពាន់នាក់​ដឹង​ពី​វិញ្ញាសា​មុខវិជ្ជា​គណិតវិទ្យា នាពេល​ប្រឡង​កាលពី​ខែមិថុនា កន្លងមក​។ សិស្ស​ទាំងនោះ បាន​ចែករំលែក​តៗ​គ្នា​តាម​បណ្តាញ​សង្គម WhatsApp​។​
 
 
​គ្រូបង្រៀន​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​អប់រំ​ជាតិ លោក Jean-Michel Blanquer មានការ​កែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្រិត​វិទ្យាល័យ​។ សំណៅ​វិញ្ញាសា​ជាង​១២២ ០០០ នឹងមិន​ត្រូវបាន​កែ​នោះឡើយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BFMTV កាលពី​ថ្ងៃទី​៣ ខែកក្កដា​។​
 
​ប៉ូលិស​បាន​ដោះលែង​យុវជន​៧​នាក់​ក្នុងចំណោម​១៩​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​។ ការិយាល័យ​រដ្ឋអាជ្ញា​ក្រុងប៉ារីស បាន​អះអាងថា អ្នក​ទាំងនោះ ប្រឈម​នឹង​បទចោទប្រកាន់​ពីបទ​ក្លែងបន្លំ​ការប្រឡង បទ​រំលោភសេចក្តីទុកចិត្ត ក៏ដូចជា​ការឃុបឃិត​ក្នុង​អំពើ​ទាំងនោះ​។​


 
​បច្ចុប្បន្ន​អាជ្ញាធរ​អប់រំ​បារាំង មិនទាន់មាន​សេចក្តីសម្រេច​ផ្លូវការ​ទាក់ទង​នឹង​ការប្រឡង​នេះឡើយ ជាពិសេស​ការសម្រេច​លើ​ចំនួន​សិស្ស​ដែល​ត្រូវ​ប្រឡង​ឡើងវិញ សិស្ស​ដែល​ត្រូវ​ពិន័យ ឬ​លុបចោល​ការប្រឡង​ទាំងមូល​។​
​មិនមែន​តែ​គ្រូ​គណិតវិទ្យា​នោះឡើយ​ដែល​នាំគ្នា​កូដកម្ម​តវ៉ា​ជា​ក្រុម ក្រុម​គ្រូ​មុខវិជ្ជា​ទស្សន​វិទ្យា ភូមិវិទ្យា ប្រ​វ​តិ្ត​វិទ្យា និង​មុខវិជ្ជា​ផ្សេងទៀត ក៏បាន​ចូលក្នុង​ចលនា​កូដកម្ម​នេះដែរ​។​
 
​បញ្ហា​នេះ ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ​បន្ថែមទៀត​របស់លោក​ប្រធានាធិបតី Emmanuel Macron ដែល​កាលពី​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ឆ្នាំ​២០១៧ លោក​បាន​សន្យា​កែទម្រង់​ប្រព័ន្ធ​អប់រំ ដើម្បី​ឲ្យ​សិស្ស​មាន​សមត្ថភាព​គ្រប់គ្រាន់​មុន​ចូល​មហាវិទ្យាល័យ និង​ទីផ្សារការងារ​ក្នុងសម័យ​ទំនើប​៕

Tag:
 អប់រំ​
  គណិតវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com