កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ អា​ហ្ស​ង់​ទីន​ប្តឹង​អាជ្ញាកណ្តាល និង​ចោទ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​ជ្រៀតជ្រែក​ការប្រកួត​
04, Jul 2019 , 8:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន (AFA) បាន​ប្តឹងតវ៉ា​ទៅ​អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អាមេរិក​ខាងត្បូង (CONMEBOL) ដោយ​ចោទ​អាជ្ញាកណ្តាល​កាត់សេចក្តី​លម្អៀង​ទៅខាង​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល ក្រោយ​អា​ហ្ស​ង់​ទីន​បរាជ័យ ២-០ ក្នុងជំនួប​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ Copa America ឆ្នាំ​២០១៩​។ AFA ថែមទាំង​ចោទ​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro ថា​លូកដៃ​ចូល​ការប្រកួត​ទៀតផង​។​


 
​ប្រេ​ស៊ី​ល​ដែលជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ​បាន​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​គ្រាប់​បាល់​ជ័យជម្នះ​ពីរ​ទល់នឹង​សូន្យ​លើ​អា​ហ្ស​ង់​ទីន​នៅឯ​កីឡដ្ឋាន Estadio Mineirao​។ ប៉ុន្តែ​លទ្ធផល​នេះ​មិន​បានធ្វើ​ឲ្យ​អា​ហ្ស​ង់​ទីន​ស្ងប់ និង​អស់ចិត្ត​ឡើយ​ដោយ​ចោទ​អាជ្ញាកណ្តាល​កាត់ក្តី​មិន​ត្រឹមត្រូវ​។​
 
​ប្រធាន AFA លោក Claudio Tapia បាន​ផ្ញើលិខិត​ចំនួន​៦​ទំព័រ​ដើម្បី​ដាក់ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ទៅកាន់ Conmebol បន្ទាប់ពី​ប្រធាន​ក្រុម​អា​ហ្ស​ង់​ទីន Lionel Messi បាន​ហៅ​មន្ត្រី​អាជ្ញាកណ្តាល​ថា «​កាត់ក្តី​បែប​ឆ្កួតៗ​» និង​លម្អៀង​ទៅខាង​ប្រេ​ស៊ី​ល​។ 


ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro
 
​នៅក្រោយ​បញ្ចប់​ការប្រកួត​ភ្លាម ខ្សែបម្រើ​ឆ្នើម​របស់ Barcelona រូបនេះ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​រូបគេ​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​ក្នុង​ទីលាន​លោក Roddy Zambrano ដែល​មិនបាន​ផ្ដល់​បាល់​ប៉េ​ណា​ល់​ទី​ទៅ​ឲ្យ​មិត្ត​រួម​ជាតិ Sergio Aguero និង​ថែមទាំង​មិន​ព្រម​ពិនិត្យ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល (VAR) ឡើងវិញ មុនពេល​ប្រេ​ស៊ី​ល​រក​គ្រាប់​បាល់​ទី​២​។​
 
​ជុំវិញ​បញ្ហា​នេះ AFA ថែមទាំង​ចោទប្រកាន់​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro ថា​បាន​លូកដៃ​ចូលក្នុង​ការប្រកួត​នេះ​ទៀតផង​។ កាសែត​អាមេរិក​ខាងត្បូង GloboEsporte ផ្សាយ​ថា​ក្រុម​កងការពារ​របស់លោក Bolsonaro បាន​ព្យាយាម​ជ្រៀតជ្រែក​ដោយ​រារាំង​ដើម្បី​ផ្តាច់រ​លកស​ញ្ជា​ជាមួយ​ប្រព័ន្ធ VAR រវាង​អាជ្ញាកណ្តាល​ក្នុង​ទីលាន​ជាមួយ​មន្ត្រី​អាជ្ញាកណ្តាល​បច្ចេកទេស​។​
 
​យ៉ាងណាក៏ដោយ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​របស់​ប្រេ​ស៊ី​ល​បាន​បដិសេធ​ការចោទប្រកាន់​ខាងលើ​ដោយ​បញ្ជាក់ថា​វិទ្យុ​របស់​ប្រធានាធិបតី​ពិតជា​មូលហេតុ​នាំ​ឲ្យ​មានការ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ VAR មែន ប៉ុន្តែ​បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​រួចរាល់​តាំង​ពីមុន​ចាប់ផ្តើម​ការប្រកួត​ម្ល៉េះ​៕

Tag:
 Copa America
  Jair Bolsonaro
  VAR
© រក្សាសិទ្ធិដោយ thmeythmey.com