ជាតិ
ប្រទេស​ចិន និង​សោកនាដកម្ម​ក្រុងព្រះសីហនុ​
05, Jul 2019 , 9:29 am        
រូបភាព
យើង​ត្រូវ​ជជែក​បញ្ហា​នេះ​ឥឡូវ មុនពេល​ប្រជាជន​កម្ពុជា​ផ្សេងទៀត​ត្រូវស្លាប់​ដោយ​បញ្ហា​ស្រដៀង​នេះ​។​ ​ហេតុការណ៍​បាក់​រលំ​អាគារ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងពេល​ថ្មីៗ​ដែល​បាន​ឆក់យក​ជីវិត​កម្មករសំណង់​២៨​នាក់​បានធ្វើអោយ​មានកា​រ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​សំណួរ​នានា​ពាក់ព័ន្ធ​ការរីកចម្រើន​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​និង​ទំនាក់​ទ​នង​សេដ្ឋកិច្ច​រវាង​កម្ពុជា​និង​ចិន​។

 
​មាន​អ្នកវិភាគ​ជាច្រើន​បាន​វិភាគ​ទៅលើ​បញ្ហា​ប្រឈម​នៃ​អភិបាលកិច្ច​និង​និយ័តកម្ម​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​បញ្ហា​មួយទៀត​ដែល​គួរតែ​យកមក​វិភាគ​ដែរនោះ​គឺ​បញ្ហា ស្តង់ដារ​សំណង់​របស់​ចិន​។ ការព្រងើយកន្តើយ​នឹង​បញ្ហា​នេះ​នឹង​នាំឱ្យមាន​ការយល់ដឹង​មិន​ពេញលេញ​អំពី ការពិត​ខាងក្រោយ​ការបាក់​រលំ​អគារ​នេះ​។ ដូច្នេះហើយ​ការយកចិត្តទុកដាក់​នឹង​បញ្ហា​នេះ​គឺមាន សារសំខាន់​។ 
 
​ប្រាកដ​ណាស់ ត្រឹម​រយៈពេល​នេះ​យើង​មិនគួរ​ចាប់ផ្តើម​ទម្លាក់កំហុស​ទៅលើ​ភាគី ណាមួយ​បានទេ​។ ប៉ុន្តែ​ការស៊ើបអង្កេត​មួយ​ដែលមាន​ភាព​ឯករាជ្យ ច្បាស់លាស់ គួរតែមាន ដើម្បី​អាច​ឲ្យ​យើង​ដឹង​អំពី មូលហេតុ​ច្បាស់លាស់​ដែល​នាំ​ឲ្យ​មាន​សោកនាដកម្ម ដ៏​អាក្រក់​បំផុត​មួយ​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​បច្ចុប្បន្ន​។​
 
​ជា​សំណាងល្អ រាជរដ្ឋាភិបាល​បាន​ផ្តោត​ចំណាប់អារម្មណ៍​ជាសំខាន់​ទៅលើ​ហេតុការណ៍​នេះ​។ សម្តេច ហ៊ុន សែន បាន​នាំមុខ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការដួលរលំ​អគារ​នៅ​ខេត្ត ព្រះសីហនុ​។ យើង​សង្ឃឹមថា ការស៊ើបអង្កេត​មួយ​ដែលមាន​ភាព​ឯករាជ្យ ច្បាស់លាស់ ដែល​ដឹកនាំ​ដោយ អ្នកជំនាញ​គួរតែ​ត្រូវបាន​បង្កើតឡើង​។ ជាមួយគ្នានេះដែរ ការបោះបង់ចោល​នូវ​វោហា​សព្ទ​ដែល គ្មាន​ភាពច្បាស់លាស់​គឺ​ចាំបាច់​នាពេល​បច្ចុប្បន្ន ដើម្បី​ផ្តល់​ពេលវេលា​ប្រមូល​ព័ត៌មាន​គ្រប់គ្រាន់​ដែល​អាច កំណត់​ពី​មូលហេតុ​ពីក្រោយ​ការដួលរលំ​និង​ផ្តល់អោយមាន​ការកែទម្រង់ គោលនយោបាយ​ដែល​ចាំបាច់ ដើម្បី​ចៀសវាង​ហេតុការណ៍​ដូចគ្នានេះ​នៅ​ថ្ងៃ​អនាគត​។ ជាងនេះទៅទៀត ការឆ្លើយតប​ដែល​ប្រើប្រាស់ ទិន្នន័យ​និង​ព័ត៌មាន​ច្បាស់លាស់​គួរតែមាន ដើម្បី​ចៀសវាង​ហេតុការណ៍​ដូចគ្នានេះ​នៅ​ថ្ងៃ​អនាគត​។ 

​ធាតុពិត​នៃ​វិស័យ​សំណង់​ចិន​នៅ​កម្ពុជា​
 
​ស្របពេល​ជាមួយគ្នា​នឹង​ទំហំ​វិនិយោគទុន​របស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា និង​តួនាទី​ដ៏​ធំ​របស់ ការវិនិយោគទុន​នេះ​នៅក្នុង​វិស័យ​ឧស្សាហកម្ម​សំណង់ ការជជែក​ពិភាក្សា​អំពី​បញ្ហា​នេះ​គួរតែ​ត្រូវធ្វើឡើង ដោយមាន​ការយល់ដឹង​ពី​ភាពជាក់ស្តែង​និង​ការអនុវត្ត​ជាក់ស្តែង​នៃ​ឧស្សាហកម្ម​សំណង់​នៅ​ចិន​។ 
 
​យើង​គួរតែមាន​ការវិភាគ​បន្ថែមទៀត​លើ​ការអនុវត្ត ស្តង់ដារ និង​ការការពារ​កម្មករ​ក្នុង វិស័យ​សំណង់​ចិន​នៅ​កម្ពុជា ក្នុងខណៈ​ពេលដែល​វិស័យ​សំណង់​ចិន​កំពុងមាន ឥទ្ធិពល​ទៅលើ​វិស័យ សំណង់​កម្ពុជា និង​ប្រជាជន​កម្ពុជា​។​
 
​ប្រវត្តិសាស្ត្រ​ថ្មីៗ​ទាក់ទង​នឹង​វិស័យ​សំណង់​ចិន​មួយចំនួន​មាន​ប្រយោជន៍​ក្នុងករណី​វិភាគ​លើ បញ្ហា​នេះ​។​
 
​កាលពី​ខែឧសភា​ឆ្នាំ​២០១៨ អគារ​មួយ​ដែល​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​ជួសជុល​នៅក្នុង​សង្កាត់ ចាង​ស៊ី​ង ទីក្រុង​សៀង​ហៃ​បាន​បាក់​បានសម្លាប់​មនុស្ស ៤ នាក់​និង​រងរបួស ១៤ នាក់​។​
 
​ចាប់តាំងពី​មួយ​ទសវត្សរ៍​មុន ចំនួន​នៃ​ការដួលរលំ​អគារ​កាន់​តែ​រន្ធត់​ថែមទៀត​ដោយសារតែ​ចំនួន អ្នកស្លាប់​ដោយសារ​ការដួលរលំ​អ​គារ​នៅ​ទូទាំងប្រទេស​ចិន នៅ​យូ​ណាន ហី​ឡុង​ជាំ​ង ហឺ​ណាន ខេត្ត​ជាំ​ង​ស៊ី សាន​ស៊ី និង ខេត្ត​ផ្សេងៗ​ទៀត​។​
 
​ស្របពេល​ជាមួយគ្នា​នឹង​ការចាប់ផ្តើម​ទទួលស្គាល់​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​នេះ ទីក្រុង​ប៉េកាំង​បាន អនុវត្ត​ក្របខ័ណ្ឌ​តឹងរ៉ឹង​ដើម្បី​គ្រប់គ្រង​វិស័យ​សំណង់ រួមមាន  "​បទបញ្ជា​ស្តីពី​ការងាររដ្ឋបាល​សុវត្ថិភាព ការងារ​គម្រោង​សំណង់​ឆ្នាំ ២០០៤" ហើយនឹង​សេចក្តីណែនាំ​នាពេល​ថ្មីៗ​នេះ​អំពី​សុវត្ថិភាព​របស់​កម្មក​រ ពី​នាយកដ្ឋាន​អភិបាលកិច្ច​នៃ​ក្រសួង​អភិវឌ្ឍន៍​លំនៅដ្ឋាន​និង​ការ​អភិវឌ្ឍន៍ជនបទ ហើយនឹង ច្បាប់ព្រហ្មទណ្ឌ​របស់​ប្រទេស​ចិន​។​
 
​ក្រសួង​គ្រប់គ្រង​គ្រោះអាសន្ន​របស់​ចិន​បានប្រកាស​នៅ​ឆ្នាំ ២០១៨ ថា​ខ្លួន​នឹង​ពង្រឹង ការគ្រប់គ្រង សុវត្ថិភាព​ដើម្បី​កែលម្អ​ការគ្រប់គ្រង​តំបន់​បណ្ដាញ​ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​សុវត្ថិភាព​រួមបញ្ចូល​ទាំង​ការគ្រប់គ្រង​នៅលើ​ទីតាំង និង​ការខិតខំ​ប្រឹងប្រែង​ខ្លាំងក្លា​ដើម្បី​លុបបំបាត់​គ្រោះថ្នាក់​ដែល​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​ការស្លាប់​ទាក់ទង​នឹង​សំណង់​និង​ការរិះគន់​ពី​សាធារណៈ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ​របាយការណ៍​ដដែល​នេះ​បានកត់សម្គាល់​ថា​ចំនួន​គ្រោះថ្នាក់​នៅក្នុង វិស័យ​សំណង់​នៅតែមាន​ចំនួន​ខ្ពស់បំផុត​ក្នុង​រយៈពេល ៩ ឆ្នាំ​ជាប់​គ្នា​។ នៅក្នុង​ឆ្នាំ ២០១៨ ចំនួន​គ្រោះថ្នាក់​បាន​កើនឡើង​ដល់ ៤,៣ ភាគរយ ដែល​ក្នុងនោះ​ការបាក់​រលំ​អគារ​ត្រូវបាន គូសបញ្ជាក់ថា​ជា​បញ្ហា​ចំបង​។ ខណៈពេលដែល​គួរឱ្យ​សរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង ទាំងនេះ​របស់​ទីក្រុង​ប៉េកាំង​, សកម្មភាព​នេះ​គឺ​ត្រូវបាន​ចាត់ទុក​ជាការ​លួងលោម​ក្រុមគ្រួសារ នៃ​អ្នក​ដែល​បាន​ស្លាប់​នៅ​សៀង​ហៃ​កាលពីដើម​ឆ្នាំនេះ​។​
 
​អ្នកវិភាគ​បរទេស​និង​អ្នកវិនិយោគ​ក្នុងស្រុក​នៅលើ​វិស័យ​សំណង់​ចិន​បានលើកឡើង​ពី​​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​សុវត្ថិភាព​កម្មករនិយោជិត រចនាសម្ព័ន្ធ​គ្រប់គ្រង​សំណង់ គ្មាន​ប្រសិទ្ធភាព និង​បំណងប្រាថ្នា​សម្រាប់ "​ប្រាក់ចំណេញ​ឆាប់រហ័ស​" របស់​អ្នកវិនិយោគទុន​ដែល តែងតែ ប្រើ​សម្ភារៈ​ស្តង់ដារ​ទាប​និង​ប្រើ​ផ្លូវ​កាត់​ដើម្បី​ទទួលយក អត្ថប្រយោជន៍​របស់​ប្រទេស​ដែលមាន សេដ្ឋកិច្ច​កំពុង​រីកលូតលាស់​នេះ​មុនពេល​ចិន​ផ្ទាល់​ជួប​ការធ្លាក់ចុះ​នៅក្នុង​កំណើនសេដ្ឋកិច្ច​។​

​សំណួរ​ដែល​ត្រូវ​សួរ​
 
​សម្រាប់​ប្រទេស​កម្ពុជា សំណួរ​ដែល​ត្រូវ​សួរ​គឺថា តើ​ក្របខណ្ឌ​គតិយុត្តិ​បែបណា​ដែល​គួរតែ​ត្រូវបាន អនុវត្ត ដើម្បី​ធានាថា​ក្រុមហ៊ុន​ចិន​ដែល​ទទួលខុសត្រូវ​ខ្ពស់​និង​មាន​វិជ្ជាជីវៈ​គឺ​អ្នក​សាងសង់​អគារ​ដែល កំពុងតែ​រីក​ដូច​ផ្សិត​នៅ​ក្រុងព្រះសីហនុ ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ដទៃទៀត​?
 
​លើសពីនេះ​ទៀត​តើ​វិស័យនេះ​អាចធ្វើ​ពិពិធ​កម្ម​យ៉ាងដូចម្តេច​ដើម្បី​ជំរុញ​ការវិនិយោគ​សំណង់ ដែល មកពី​ជប៉ុន កូរ៉េខាងត្បូង និង​សហរដ្ឋអាមេរិក ដើម្បី​ជួយ​សម្រួល​ដល់ ការចែក​ចាយ​នូវ ការអនុវត្ត​ល្អ ៗ របស់​ឧស្សាហកម្ម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យើង​ក៏​ទទួលស្គាល់​ដែរ​ថា ការវិនិយោគ​របស់​ចិន​នៅក្នុង​វិស័យ​សំណង់​បានផ្តល់​ផលប្រយោជន៍​យ៉ាងសំខាន់​ដល់​ប្រទេស​កម្ពុជា​។​
 
​ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះដែរ ព្រះរាជាណាចក្រ​កម្ពុជា​មិនគួរ​អនុញ្ញាតឱ្យ​ខ្លួន​ក្លាយជា "​កន្លែង​ចាក់សោរ​" របស់​ក្រុមហ៊ុន​ចិន និង​អ្នក​អភិវឌ្ឍន៍​ចិន​ដែល​ចង់តែ​ស្វែងរក​ប្រាក់ចំណេញ ឆាប់រហ័ស​និង​រក​ការ​ទាញ​ប្រយោជន៍​ពី​វិស័យ​អចលនទ្រព្យ​ដែល​កំពុងតែ​រីកលូតលាស់​យ៉ាងខ្លាំង នៅក្នុង​ប្រទេស​កម្ពុជា ខណៈពេលដែល​ប្រទេស​ចិន​ខ្លួនឯង​ជួប​ជាមួយ​ក្នុងការ​ធ្លាក់ចុះ​នៅ ក្នុង​កំណើនសេដ្ឋកិច្ច​។​
 
​ខណៈពេលដែល​កំណើនសេដ្ឋកិច្ច​របស់​ចិន​បន្ត​ធ្លាក់ចុះ ការបន្ត​ទាញយក​ប្រយោជន៍​ពី​សេដ្ឋកិច្ច​រីកលូតលាស់រ​បស់​កម្ពុជា​ពី​សំណាក់​ចិន នឹង​បន្ត​បន្ថយ​គុណភាព​ការងារ​និង​បង្កើន​ចំនួន អ្នក​អភិវឌ្ឍន៍​ដែល​ចង់រក​ប្រាក់ចំណេញ​ឆាប់រហ័ស​ដោយ​បើកហាង​នៅ​កម្ពុជា​។​
 
​ដោយ​ឃើញ​ពី​ការទទួលស្គាល់​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​ចំពោះ​បញ្ហា​នេះ វា​ជា​ពេលវេលា ដែល​យើង​គួរតែ​ចាប់ផ្តើម​វិភាគ​ភាពជាក់ស្តែង​ទៅលើ​ឧស្សាហកម្ម​សំណង់​របស់​ប្រទេស​ចិន​ដើម្បី​ធ្វើការ​កំណត់​រក​ដំណោះស្រាយ​គោលនយោបាយ​ពិតប្រាកដ​។​
 
​ដើម្បីអោយ​ប្រជាជន​កម្ពុជា​មានលទ្ធភាព​ធ្វើការ​និង​រស់នៅ​ប្រកបដោយ​ទំនុកចិត្ត​និង​សុវត្ថិភាព​នៅក្នុង​គេហដ្ឋាន​និង​អាជីវកម្ម​របស់​ពួកគេ យើង​គួរ​ចាប់ផ្តើម​ដោះស្រាយ​សំណួរ​ទាំងនោះ ដែល​បាន​ចោត​ឡើង​។​
 
​លោក​សាស្ត្រាចារ្យ Bradley J. Murg ជា​នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​អង្គការ​វេទិកា​អនាគត ដែលជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ឯករាជ្យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ អត្ថបទ​ដើម​ជា​ភាសា​អង់គ្លេស​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​២៧ មិថុនា ឆ្នាំ​២០១៩​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com