ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ឈាង វុន បរិហារ​រឿង​អវិជ្ជមាន​របស់​តុលាការ​បាត់ដំបង មុខ​រដ្ឋមន្ត្រី​យុត្តិធម៌ និង​អង្គ​រដ្ឋសភា​
04, Jul 2019 , 7:30 pm        
រូបភាព
លោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង(ឆ្វេង) លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (ស្ដាំ)
លោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង(ឆ្វេង) លោក អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ (ស្ដាំ)
​ភ្នំពេញ​៖ តុលាការខេត្ត​បាត់ដំបង បាន​កាត់ក្តី​ប្រជាពលរដ្ឋ​ទាំង​អយុត្តិធម៌ ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​សំឡេងឆ្នោត​កន្លងមក​។ នេះ​ជា​រឿងរ៉ាវ​អវិជ្ជមាន​របស់​តុលាការ​បាត់ដំបង ដែល​ត្រូវបាន​លោក ឈាង វុន តំណាងរាស្ត្រ​ប្រចាំខេត្ត​មួយ​នេះ និយាយ​បរិហារ​នៅ​ចំពោះមុខ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នៅក្នុង​កិច្ចប្រជុំ​សភាពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា​។​


 
«​ខ្ញុំ​ជា​តំណាងរាស្ត្រ (​បាត់ដំបង​) ខ្ញុំ​សួរ​(​តុលាការ​)​ហ្មង ថា​តើ​គាត់​បម្រើ​ស្អី​ឥឡូវ​ហ្នឹង​? តើ​គាត់​មាន​ធ្វើ​ទេ កិច្ចការ​(​បម្រើ​ប្រជាពលរដ្ឋ​)​អស់ហ្នឹង​? ហើយ​រឿង​ហ្នឹង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​គាត់​ដឹង​តើ​! ព្រោះ​គាត់​ជា​ក្រុមការងារ​បាត់ដំបង​ដែរ​»​។ នេះ​ជា​លើកឡើង​របស់លោក ឈាង វុន ដែល​បាន​រំឭក​ពី​ការអនុវត្ត​ការងារ​បែប​អវិជ្ជមាន​របស់​តុលាការ​បាត់ដំបង ក្នុងការ​កាត់ក្តី​អយុត្តិធម៌​ដល់​ពលរដ្ឋ ដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​ប្រជាប្រិយភាព និង​ធ្លាក់ចុះ​សំឡេងឆ្នោត​នៅក្នុង​ខេត្ត​មួយ​នេះ កន្លងមក​។​
 

លោក ឈាង វុន និងក្រុមអ្នកតំណាងរាស្ត្រស្តាប់ការបក​ស្រាយ​របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។ រូបថត រដ្ឋសភា

​ត្រង់ចំណុច​នេះ​លោក ឈាង វុន បាន​រំឭក​ពី​ភាពអវិជ្ជមាន​របស់​តុលាការ​ថា នៅ​មុនពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ចំនួន​២​សប្ដាហ៍ ស្រាប់តែ​តុលាការ​កោះហៅ​បេក្ខជន​ចៅសង្កាត់​គណបក្ស​មួយ​ទៅ​សាកសួរ ទាំង​គ្មាន​ហេតុផល​អ្វី​ធំ​ឡើយ ដែល​លោក​ចាត់ទុកជា​ទង្វើ​បង្កើត​រឿង ហើយ​ធ្វើ​ឲ្យមតិសាធារណៈ​ជន​ខឹង​ស្អប់​តុលាការ​។ ឈានចូល​ករណី​មួយទៀត​លោក ឈាង វុន បាន​លើក​ពី​ការឃុបឃិត​របស់​តុលាការ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដោយ​កាត់ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ចាញ់ ហើយ​យក​ដី​ពលរដ្ឋ​ទៅ​ឲ្យ​ដើមបណ្ដឹង ។ បើតាម​លោក ឈាង វុន ដី​ដែល​តុលាការ​កាត់ក្តី​ឲ្យ​ពលរដ្ឋ​ចាញ់​នេះ គឺជា​ដី​ដែល​ពលរដ្ឋ​បាន​ស្រាក់​គ្នា​ផ្ដល់​ឲ្យ​អាជ្ញាធរ​សាងសង់​សាលារៀន​ប៉ុណ្ណោះ​។​

សំឡេងលោក ឈាង វុន ថ្លែងសួរដេញដោលរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ៖


 

ចំណែក​រឿង​ដែល​ធ្វើ​ឲ្យ​លោក ឈាង វុន ហួសចិត្ត​ទៀត​នោះ គឺ​ការកាត់ទោស​ប្រជាពលរដ្ឋ​ឲ្យ​ជាប់ពន្ធនាគារ​៤​ឆ្នាំ ដោយ​តុលា​ការយក​លិខិត និង​ឯកសារ​ថតចម្លង​មក​ធ្វើជា​តឹកតាង សម្រាប់​អនុវត្ត​នីតិវិធី​ច្បាប់​។ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន មណ្ឌល​បាត់ដំបង​រូបនេះ បាន​បរិយាយ​ពី​ភាពអយុត្តិធម៌​របស់​តុលាការ​យ៉ាង​ដូច្នេះ​ថា​៖«​នៅ​រឿង​ច្រើន​ទៀត​! ហើយ​នេះ​គ្រាន់តែ​ជា​រឿង​ឧទាហរណ៍​ធំៗ នៃ​មតិ​សាធារណៈជន ដែល​ធ្វើ​ឲ្យ​យើង​បាត់​សន្លឹកឆ្នោត​នៅ​ខេត្តបាត់ដំបង​។ ហើយ​មានរឿង​ច្រើន​ទៀត រឿង​ចុង​ក្រោយនេះ មិនទាន់​ដោះស្រាយ​ចប់​ផង គឺ​គេ​យក​លិខិត​ថតចម្លង​មួយ មិនដឹង​បានមកពី​ណា​ទេ ហើយ​រឿង​ហ្នឹង​ប្ដឹង​មកដល់​រដ្ឋសភា ហើយ​(​តុលាការខេត្ត​បាត់ដំបង​) យើងយក​រឿង​ហ្នឹង​កាត់ក្តី យក​ឯកសារ​Copy (​ចម្លង​) តឹកតាង​កាត់ទោស​គេ​ជាប់គុក​៤​ឆ្នាំ​។ សំនួរ​សួរ​តើ​ឯកសារ​ថតចម្លង​ហ្នឹង ជា​ឯកសារ​ស្របច្បាប់​ក្នុងការ​ចោទប្រកាន់​បានទេ​? នេះ​ជា​សំនួរ​របស់ខ្ញុំ ថា​អាច​យក​ជា​តឹកតាង​បាន​អត់​? ព្រោះ​ការ​សួររក​ច្បាប់ដើម​វា​អត់​មាន​។ សាលាដំបូង​ខេត្ត គាត់​កាត់ក្តី​អ៊ីចឹង ដល់​ទៅ​សាលាឧទ្ធរណ៍ គេ​អត់​បានទេ (​ទាល់តែ​)​ទៅរក​ច្បាប់ដើម​»​។​
 
​ជាការ​ឆ្លើយតប​លោក អង្គ វង្ស វ​ឌ្ឍ​នា បាន​និយាយថា បញ្ហា​ដែល​លោក ឈាង វុន លើកឡើង​នេះ ទំនងជា​ក្ដាប់​ស្ថានការណ៍​មិន​ច្បាស់ ហើយ​ចូល​ស៊ង​របស់​អតីត​គណបក្សប្រឆាំង​។ ត្រង់ចំណុច​នេះ​លោក វ​ឌ្ឍ​នា បែរជាបកស្រាយ​ប្រា​ប់លោក ឈាង វុន វិញ​ថា អ្វីដែលលោក ឈាង វុន និយាយ​ខាងលើនេះ វា​សុទ្ធតែជា​គម្រោង​អ្វីមួយ​ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ធ្វើ​ឲ្យ​តុលាការ ស្ថិតនៅក្នុង​រូបភាព​អាក្រក់​នៃ​ក្រសែភ្នែក​មហាជន​ប៉ុណ្ណោះ​។  


លោក អង្គ វង្ស វឌ្ឍនា នាពេលថ្លែងទៅកាន់អ្នក​តំណាងរាស្ត្រ។ រូបថត រដ្ឋសភា

​និយាយ​បែបនេះហើយ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​លើកយក​ករណី​ដីធ្លី​សាលារៀន ដែល​លោក ឈាង វុន លើកឡើង​នោះ បកស្រាយ​ប្រាប់​វិញ​ថា ដី​សាលារៀន​នោះ គឺជា​របស់​គ្រូបង្រៀន​ម្នាក់ ដែល​គាត់​បានផ្ដល់​ឲ្យ​អាជ្ញាធរ​សាងសង់​សាលារៀន​។ ប៉ុន្តែ​ក្រោយមក​គ្រូ​រូបនេះ បាន​សុំ​យក​ដី​នោះ មកប្រើប្រាស់​កាន់កាប់​ជា​កម្មសិទ្ធិ​ខ្លួន​វិញ ស្រាប់តែ​អតីត​ចៅសង្កាត់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កញ្ញា ស៊ិន ចាន់​ពៅ​រូ​ហ្ស៊ិ​ត បាន​យក​ករណីនេះ ទៅធ្វើជា​រឿង​នយោបាយ ដោយ​ឲ្យ​ពលរដ្ឋ​ដាក់ពាក្យ​ប្ដឹងផ្ដល់​គ្នា​ទៅវិញ​។ នេះ​ជាការ​បញ្ជាក់​របស់លោក អង្គ វង្ស វ​ឌ្ឍ​នា ដែល​ការពារ​ការសម្រេច​រប​ស់​តុលាការ​លើ​ការកាត់ក្តី​ករណី​ដីធ្លី​នេះ​។​

សំឡេងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា ឆ្លើយតបលោក ឈាង វុន តំណាងរាស្ត្រមណ្ឌលបាត់ដំបង៖

 

​ថ្លែង​ចំពោះមុខ​សភាពេញអង្គ នៅ​ព្រឹក​ថ្ងៃទី​៤ កក្កដា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ចំពោះ​បញ្ហា​ឯកឧត្តម ឈាង វុន លើកឡើង​នៅ​បាត់ដំបង​នោះ ខ្ញុំ​ដឹង​តែ​រឿង​នៅ​សាលារៀន​ទេ​…​។ ហើយ​រឿងនេះ វា​មិនមែន​ខុស​មកពី​តុលាការ វា​មិនមែន​ខុសពី​ចៅក្រម វា​មិនមែន​ខុសពី​ឯកឧត្តម​ទេ ។ (​ចំណុច​)​វា​គឺថា ខ្ញុំ​មើលទៅ​ប្រហែល​ជាមាន​គម្រោង​ស្អី​មួយ គឺ​គេ​ធ្វើ​ដើម្បី​រៀបចំ​បំផុស​ឲ្យ​ការងារ​ហ្នឹង​(​មហាជន​ភាន់ច្រឡំ​)​លើ​យើង​។ អាហ្នឹង​ហើយ ដែល​យើង​ចូល​ក្រោល​របស់គេ​(​អ្នកប្រឆាំង​) ហើយ​យើង​ចាញ់​សម្តី​គេ ។​ហើយ​បើ​យើង​មិនចេះ​ពន្យល់​ទៅ​ប្រជាពលរដ្ឋ​វិញ យើង​នឹង​ទទួលផល​(​អាក្រក់​)​នេះ​»​។​
 
​ជុំវិញ​ការបកស្រាយ​របស់​រដ្ឋ​មន្ត្រី​យុត្តិធម៌​នេះ ត្រូវបាន​កញ្ញា ស៊ិន ចាន់​ពៅ​រូ​ហ្ស៊ិ​ត ច្រានចោល​ហើយ ចាត់ទុក​ការអះអាង​របស់លោក អង្គ វង្ស វ​ឌ្ឍ​នា នេះ គ្រាន់តែ​ជា​បំណង​ទម្លាក់កំហុស​មកលើ​គណ​បក្សប្រឆាំង​ប៉ុណ្ណោះ​។ កញ្ញា រូ​ហ្ស៊ិ​ត ដែល​ត្រូវបាន​តុលាការ​កោះហៅ​សាកសួរ​ចំនួន​២ដង ដោយសារ​ករណី​ដី​សាលារៀន​មតេយ្យ​អូរ​ចា បាន​និយាយថា ដី​ដែល​តុលាការ​កាត់​ឲ្យ​ឯកជន​នេះ គឺជា​ដី​របស់​រដ្ឋ​ដែលមាន​ប្លង់​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​បញ្ជាក់​ពី​សូ​រិ​យោ​ខេត្ត​ផងដែរ ពោលគឺ​មិនមែនជា​ដី​របស់​បុគ្គល​គ្រូបង្រៀន​ដូច​ការលើក​របស់លោក អង្គ វង្ស​វ​ឌ្ឍ​នា ឡើយ​។ បើតាម​កញ្ញា រូ​ហ្ស៊ិ​ត បុគ្គល​ឈ្មោះ សៅ ប៊ុន​ទិ​ត្យ ដែល​ទាមទារ​ដី​សាលារៀន​នោះ មិនមែនជា​គ្រូបង្រៀន​ទេ ពោល​គឺជា​មន្ត្រីប៉ូលិស ដែល​កំពុង​តាំងទី​លំនៅ​សាលារៀន​មតេយ្យ​អូរ​ចា​។

សំឡេងកញ្ញា ស៊ិន ចាន់ពៅរូហ្ស៊ិត អតីតចៅសង្កាត់អូរចានៃអតីតគណបក្សសង្គ្រោះជាតិ៖



អតីត​ចៅសង្កាត់​អូរ​ចា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​ចោទ​ពីបទ​រារាំង​ការអនុវត្ត​សាលក្រម ជុំវិញ​ករណី​ប្ដឹងផ្ដល់​លើដី​សាលារៀន​កាលពី​ឆ្នាំ​២០១៧​នេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ការលើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងយុត្តិធម៌​លោក អង្គ វង្ស វ​ឌ្ឍ​នា នេះ​គឺជា​ការចោទប្រកាន់​ទៅលើ​អតីត​បក្សប្រឆាំង​ដោយ​អយុត្តិធម៌​បំផុត​។ ផ្ទុយ​ទៅ​វា សបញ្ជាក់​ថា សភា​ឯក​បក្ស​រាល់ថ្ងៃ​ហ្នឹង មិនបាន​ស៊ីជម្រៅ មិនបាន​យល់ច្បាស់​ពី​ទុក​លំបាក​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​នៅទេ​។ ហើយ​បើ​ចង់ដឹង​ច្បាស់​ទាល់តែ​សភា ទៅ​ស្រាវជ្រាវ​បរិវេន​ម្ដុំ​សាលារៀន ដែល​តុលាការ​កាត់​ទៅ​ឲ្យ​ឯកជន​»​។​



កញ្ញា ស៊ិន ចាន់​ពៅ​រូ​ហ្ស៊ិ​ត អតីតចៅសង្កាត់ និងបច្ចុប្បន្នជាអាជីវករម្នាក់។ រូបថត ហ្វេសប៊ុក
 
​អម​ជាមួយ​ការបកស្រាយ​តប​នេះ កញ្ញា រូ​ហ្ស៊ិ​ត បាន​ចំអក​វិញ​ថា ដោយសារ​ការកាត់ក្តី​ដោយ​អយុត្តិធម៌​របស់​តុលាការ​នេះហើយ ទើប​ធ្វើ​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជានៅសង្កាត់អូរចា នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អណ​ត្តិ​ទី​៤ កាលពី​ឆ្នាំ​២០១៧​កន្លងមក ។ កញ្ញា រូ​ហ្ស៊ិ​ត បាន​អង្គុយ​កៅអី​ចៅសង្កាត់​អូរ​ចា រយៈពេល​៤​ខែ មុន​តុលាការ​កំពូល​ចេញ​សាលក្រម​រំលាយ​គណបក្ស​កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៧​។​
 
​រូបភាព​អាក្រក់​របស់​តុលាការ មិនមែន​កើតចេញពី​គណបក្សប្រឆាំង​ឡើយ ប៉ុន្តែ​វា​កើតចេញពី​ការអនុវត្ត​របស់​តុលាការ​ផ្ទាល់​តែម្ដង​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សមាគម​អាដហុក លោក សឹង សែន​ករុណា ដែល​បាន​បន្ថែមថា តុលាការ​កម្ពុជា នៅ​ខ្វះ​ភាព​ឯករាជ្យ និង​មាន​និន្នាការ​ផ្នែក​នយោបាយ​។​

សំឡេងលោក សឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃអង្គការសមាគមអាដហុក៖


 

«​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​យើង​ហ្នឹង អ្នក​ដែល​អនុវត្ត​ច្បាប់​ហ្នឹង ភាគច្រើន​គាត់​អនុវត្ត​ដោយ​ភ័យខ្លាច​។ របៀប​ថា ឲ្យ​តែ​សំណុំរឿង​ប៉ះចំ​អ្នកធំ គេ​ហៅថា​លម្អៀង​ដោយ​ខ្លាច​អំណាច ឥត​ហ៊ាន​កាត់ក្តី​ទេ​។ ហើយ​រឿង​មួយទៀត​នោះ បើសិនជា​ក្រុម​ណាមួយ ដែលជា​ផ្នែក​តុលា​ការមិន​ពេញចិត្ត អាចជា​និន្នាការ​ផ្នែក​នយោបាយ ក្រុម​សង្គម​ស៊ីវិល ក្រុម​សកម្មជន​ដីធ្លី​តវ៉ា​ដំណើររឿង​របស់ខ្លួន​នៅក្នុង​តុលាការ​ហ្នឹង យើង​អាច​ថា កម្រ​ឃើញ​ការទទួលបាន​យុត្តិធម៌​ណាស់​។ អាច​ថា​មកពី​(​តុលាការ​)​លម្អៀង​ដោយ​ស្អប់​(​ក្រុមប្រឆាំង​)​ក៏​ថា​បានដែរ​។ អ៊ីចឹង​ការកាត់ក្តី​លម្អៀង​ទាំង​៤​ហ្នឹង មាន​ស្រលាញ់ មាន​ស្អប់ ភ័យខ្លាច កាត់ក្តី​ដោយ​មិន​យល់ដឹង គឺមាន​នៅក្នុង​(​ប្រព័ន្ធយុត្តិធម៌​)​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ករុណា ដែល​បន្ថែមថា សូម្បីតែ​អន្តរជាតិ​ក៏​វាយតម្លៃ​អវិជ្ជមាន​លើ​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​ដែរ​។​


លោក សឹង សែន​ករុណា មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក។ រូបថត ហ្វេសប៊ុក
​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន នៃ​មណ្ឌល​បាត់ដំបង លោក ឈាង វុន បាន​បន្ថែមថា ការកាត់ក្តី​ចេញ​ដីកា​សម្រេច គឺជា​ឆន្ទា​នុ​សិទ្ធ​របស់​តុលាការ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អាចមាន​សិទ្ធិ​ធ្វើ​អធិការកិច្ច​ស៊ើបអង្កេត​លើ​ករណី​ណាមួយ ដែល​ប្រជាពលរដ្ឋ​រិះគន់ ឬ​សង្ស័យថា​កាត់ក្តី​មិន​ត្រឹមត្រូវ ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ចិត្ត​ឡើងវិញ​។ ជាពិសេស​បន្សាប​មតិ​អវិជ្ជមាន​មកលើ​ប្រព័ន្ធយុត្តិធម៌​បច្ចុប្បន្ន​៕

Tag:
 ​ឈាង វុន​
  អង្គ វង្ស វ​ឌ្ឍ​នា​
  យុត្តិធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com