ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សម្តេច ហ៊ុន សែន​ ថា គួរ​ធ្វើបាតុកម្ម​ពេលសម្តេច​​នៅ​ស្វី​ស មិនមែន​ចំពេល​សម្តេច​វាយកូនគោល​នៅ​ភ្នំពេញ​ឡើយ​
04, Jul 2019 , 11:03 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ជំនួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ស្វី​ស និង​មកពី​បណ្តា​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប បាន​ចំអក​ក្រុម​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​សម្តេច​។ សម្តេច​បាន​លើកឡើងថា ចលនា​បាតុកម្ម​ប្រឆាំង​សម្តេច​គួរតែ​ត្រូវបាន​រៀបចំឡើង នៅពេលដែល​សម្តេច​មាន​វត្ត​មាននៅ​ស្វី​ស មិនមែន​ចំពេល​ដែល​សម្តេច​កំពុង​វាយកូនគោល​នៅ​ភ្នំពេញ​នោះឡើយ​។​



​ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ក្រុង​ហ្ស៊ឺ​ណែវ ប្រទេស​ស្វី​ស សម្តេច ហ៊ុន សែន គ្រោង​ធ្វើដំណើរ​មកដល់​រាជធានី​ភ្នំពេញ​វិញ នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៩​។ ជាមួយគ្នានេះ សម្តេច​បាន​បញ្ជាក់ថា ក្រុម​អ្នករៀបចំ​បាតុកម្ម​ប្រឆាំង​សម្តេច ទើបតែ​ដាក់​ពាក្យសុំ​សិទ្ធិ​ពី​អាជ្ញាធរ​ស្វី​ស ប៉ុន្តែ​ទម្រាំ​ទទួលបាន​ការអនុញ្ញាត​នោះ សម្តេច​មាន​វត្តមាន​លេង​កូនគោល​នៅ​រាជធានី​ភ្នំពេញ​រួចទៅហើយ​។​

​សម្តេច​បាន​រំលឹក​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង ដែល​បាន​ប្រៀបធៀប​ថា ពេល​ក្របី​ស៊ី​ស្រូវ​បង​មិន​ហ៊ាន​ដេញ ដល់ពេល​ក្របី​ដើរចេញ​បង​ដេញ​អោយ​ស្រី​មើល​។ លោក ហ៊ុន ម៉ា​ណែ​ត បានសរសេរថា​៖ «​ហេតុអ្វី​បានជា​អ្នក​ប្រកាស​ធ្វើបាតុកម្ម​ប្រឆាំង​វត្តមាន​សម្តេច​តេ​ជោ​នៅ​ប្រទេស​ស្វី​ស មិន​ហ៊ាន​ធ្វើ​ពេល​សម្តេច​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​នេះ ហើយ​បែរជា​ប្រកាស​ប្រមូល​មនុស្ស​មក​ធ្វើបាតុកម្ម​ពេលដែល​សម្តេច​ចប់​កម្មវិធី និង​ធ្វើ​មាតុភូមិ​និវត្ត​រួច​បាត់ទៅហើយ​។ បើ​ធ្វើ​ក្រោយ​វត្តមាន​សម្តេច​ដដែល គឺ​នាំ​ខាត​ពេល​អ្នកចូលរួម ហើយ​វា​ដូច​ចម្រៀង​ខ្មែរ​ថា​: ពេល​ក្របី​ស៊ី​ស្រូវ​បង​មិន​ហ៊ាន​ដេញ ដល់ពេល​ក្របី​ដើរចេញ​បង​ដេញ​អោយ​ស្រី​មើល​»​។​



ដូចគ្នា​ផងដែរ សម្តេច ហ៊ុន សែន បាន​ចំអក​ថា អ្នក​ដែល​គ្រោង​រៀបចំ​បាតុកម្ម​ប្រឆាំង​សម្តេច មិនបាន​ស្មើ​អ្នក​ដែល​រង់ចាំ​ស្វាគមន៍​សម្តេច​នោះឡើយ ដូច្នេះ​គម្រោង​ធ្វើបាតុកម្ម​គឺជា​រឿង​ឥតប្រយោជន៍​៕


© រក្សាសិទ្ធិដោយ thmeythmey.com