ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សក់​ជ្រុះ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!
06, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​នរណា​ក៏​ធ្លាប់​ជួបប្រទះ​នូវ​បញ្ហា​សក់​ផ្សេងៗ​ដែរ ជាពិសេស​នោះ គឺ​បញ្ហា​សក់​ជ្រុះ បើទោះជា​ខំ​ប្រើប្រាស់​ផលិតផល​ថែរក្សា​ការពារ​យ៉ាងណាក៏ដោយ​។  មកទល់នឹង​ពេលបច្ចុប្បន្ន​ផលិតផល​ថែរក្សា​សក់​ព្យាបាល​សក់​ជ្រុះ​ស្ដើង​មាន​មិន​ខ្វះ​ឡើយ តែ​វា​មានតម្លៃ​ថ្លៃ ហើយ​មួយចំនួន​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​ដល់​សុខភាព​។ ប៉ុន្តែ​កុំ​បារម្ភ​! ក៏​ព្រោះ​អ្នក​អាច​ទប់ស្កាត់​បញ្ហា​សក់​ជ្រុះ​ដោយ​គ្រាន់តែ​ទទួលទាន​អាហារ​មួយចំនួន​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ទប់ស្កាត់​សក់​ជ្រុះ ៖ 
 
១. គ្រាប់​ឪឡឹក​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ដែក ប្រូតេអ៊ីន ជាតិ​ទង់ដែង និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ចាំបាច់​សម្រាប់​សុខភាព​នៃ​សក់​ល្អប្រសើរ​។ ប្រូតេអ៊ីន គឺជា​ធាតុ​សំខាន់​មួយ​ជួយ​ក្នុងការ​លូតលាស់​នៃ​សក់ ដូច្នេះហើយ​ទើប​គ្រាប់​ឪឡឹក គឺជា​អាហារសម្រន់​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​សក់​ជ្រុះ ឬ​សក់​ស្ដើង​។  រីឯ​ជាតិ​ម៉ាញ៉េ​ស្យូ​ម​វិញ គឺជា​ធាតុ​ចាំបាច់​មួយ​ជួយ​រក្សា​ឱ្យ​សក់​មាន​សភាព​រឹងមាំ និង​បង្ការ​បញ្ហា​បែក​ចុង​។ ខណៈដែល​ជាតិ​ទង់ដែង គឺ​ដើរ​ក្នុង​ការផលិត​មេឡានីន​ដែល​ផ្ដល់​ពណ៌​ដល់​សក់ និង​ធានាបាន​ថាស​ក់មាន​សភាព​ភ្លឺ​រលាស់​ស្រស់ស្អាត​។​
 
២. បង្គា​
 
​នោះ​ក៏​ព្រោះតែ​បង្គា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ស័ង្កសី ហើយ​កង្វះ​នៃ​ជាតិ​ស័ង្កសី​ជា​កត្តា​ចម្បង​បំផុត​មួយ​ដែរ​នៃ​បញ្ហា​ជ្រុះ​សក់​។ ដូច្នេះ​ចូរ​បន្ថែម​បង្គា​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ឬ​បង្កើន​ការទទួល​ទាន​បង្គា ដើម្បី​ទទួលបាន​នូវ​ជាតិ​ស័ង្កសី​គ្រប់គ្រាន់​។​
 
៣. ការ៉ុត​
 
​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A ដែល​ចាំបាច់​សម្រាប់​ការផលិត​ជាតិ​ប្រេង​ធម្មជាតិ​នៃ​សក់ ដើម្បី​រក្សាបាន​នូវ​ស្បែកក្បាល​មាន​សុខ​ភាពល្អ​។ ប្រសិនបើ​គ្មាន​ជាតិ​ប្រេង​គ្រប់គ្រាន់​ទេនោះ​ស្បែកក្បាល​នឹង​ប្រែជា​ស្ងួត ងាយ​ជ្រុះ ហើយ​រមាស់​។​
 
៤. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែល​ជួយ​ឱ្យ​ឬ​សរសៃសក់​ធ្វើការ​កាន់តែ​មាន​ប្រសិទ្ធិភាព និង​បង្កើន​ចរន្តឈាម​ជំរុញ​ការលូតលាស់​សក់​។ វា​ក៏​ជួយ​រក្សា​កម្រិត​តុល្យភាព PH និង​ជាតិ​ប្រេង​ទប់ស្កាត់​ភាព​រាំងស្ទះ​ដល់​ការលូតលាស់​នៃ​សក់​ផងដែរ​។​
 
៥. ស៊ុត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Biotin និង Protein ដែល​សំខាន់​សម្រាប់​សុខភាព​ស្បែកក្បាល ព្រមទាំង​ការលូតលាស់​នៃ​សក់​។​
 
៦. បន្លែ​បៃតង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ចាំបាច់​ណាស់​សម្រាប់​រក្សាសុខ​ភាព​សក់​រឹងមាំ​។ កង្វះ​ជាតិ​ដែក​អាច​បង្ក​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដែលជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ជ្រុះ​សក់ ក៏​ព្រោះ​ឬ​សរសៃសក់​ទទួលបាន​សារធាតុចិញ្ចឹម​តាមរយៈ​ការផ្គត់ផ្គង់​របស់​ឈាម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com