ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេចនាយក​រម្លឹក​រឿង​កម្ពុជា​កាត់ទោស​តំណាងរាស្ត្រ​ថៃ ខណៈ​តំណាងរាស្ត្រ​អឺរ៉ុប​ប្រកា​សមក​ខ្មែរ​ជាមួយ​លោក​សម រង្ស៊ី
05, Jul 2019 , 11:27 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងសារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក។ រូបពីអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី
ដោយ: ថ្មីៗ
​ក្រោយ​ឮថា​មាន​តំណាងរាស្ត្រ​ពី​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​សហភាព​អឺរ៉ុប នឹង​អមដំណើរ លោក សម រង្ស៊ី និង ក្រុម​អ្នកប្រឆាំង មក​កម្ពុជា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​រម្លឹក​ពី​រឿង​កម្ពុជា ធ្លាប់​អនុវត្ត​ច្បាប់​ចំពោះ​តំណាងរាស្ត្រ​ថៃ​។ 


 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ទៅកាន់​តំណាងរាស្ត្រ​ក្នុង​សហភាព​អឺរ៉ុប​ទាំងនោះ​ថា ពួកគេ ត្រូវតែ​សុំ​វី​សា​សិន មុននឹង​ចូលមក​កម្ពុជា​។ សម្តេច ព្រមាន​ដូច្នេះ​ថា​៖«​បើ​ខ្ញុំ​មិន​ឲ្យ អ្នកឯង ចូល​សាកល​មើល៍​...​។ តំណាងរាស្ត្រ​ថៃ ចូល​កម្ពុជា កម្ពុជា​កាត់ទោស​តំណាងរាស្ត្រ​ថៃ​។ សុំ​ចាំ​ឲ្យ​ច្បាស់​»​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ប្រាប់​ពួកគេ​ថា សមត្ថកិច្ច នឹងមិន​ធ្វើ​អ្វី​ចំពោះ​ពួកគេ​ឡើយ បើ​ពួកគេ​ចូលមក​កម្ពុជា ដោយមាន​វី​សា​ត្រឹមត្រូវ​។ យ៉ាងណា ពួកគេ ប្រហែលជា​គ្មាន​ឱកាស​ទទួលបាន​វី​សា​នោះទេ ព្រោះ​ប្រមុខ​រដ្ឋាភិបាល បាន​បញ្ជា​ស្ថានទូត​កម្ពុជា​នៅតាម​ប្រទេស​នានា​រួចហើយ ថា​កុំ​ផ្តល់​វី​សា​ដល់​ពួកគេ​។ ប្រមុខ​រដ្ឋាភិបាល បង្គាប់​បែបនេះ​ថា​៖«​បញ្ជូន​ឈ្មោះ​មក​....​ស្រួល​ហើយ ឃើញ​ឈ្មោះ​ហ្នឹង កុំ​ឲ្យ​វី​សា​...​ចប់​»​។​


សម្តេចនាយករដ្ឋមន្រ្តិ ស្ថិត​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នា​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៩

ស្រប​ជាមួយគ្នានេះ មេដឹកនាំ​កម្ពុជា បាន​ព្រមាន​ជាថ្មី​ថា នឹង​វាយខ្នោះ​លោក សម រង្ស៊ី និង​អ្នកប្រឆាំង​មួយចំនួនទៀត ដែលមាន​ដីកា​ចាប់​ខ្លួន នៅពេលណា​ពួកគេ ចូល​មកដល់​កម្ពុជា​។ មេដឹកនាំ​រូបនេះ ថ្លែង​ដូច្នេះ​ថា​៖«​អ្នកឯង កំពុង​រត់ចេញ​ពី​គុក ឥឡូវ បើ​ទៅវិញ ខ្ញុំ​សប្បាយចិត្ត​ណាស់ ដើម្បី​យក​អ្នកឯង​ចូល​គុក​។ ទៅ​ព្រៃ​ស ឬ​ត្រពាំង​ផ្លុ​ង​»​។​
 
​ប្រធាន​គណបក្សកាន់អំណាច ក៏​អស់សំណើច​ផងដែរ ដែល​មេដឹកនាំ​ក្រុមប្រឆាំង ព្រមាន​ថា នឹង​ចូលមក​ចាប់ខ្លួន យកទៅផ្តន្ទាទោស​។ ប្រធាន​គណបក្សកាន់អំណាច និយាយ​បែប​ហួសចិត្ត​ថា​៖«​ហេតុ​អី​នៅ​សុខៗ ទៅ​ចាប់​ហ៊ុន សែន ងាយ​ម្ល៉េះ​»​។ 
 
​អ្នកស្រី មូរ សុខ​ហួរ ប្រកាស​នាពេល​ថ្មីៗ​នេះ​ថា លោក សម រង្ស៊ី និង​ថ្នាក់ដឹកនាំ​ខាង​ប្រឆាំង នឹងធ្វើ​មាតុភូមិ​និវត្ត​នៅ​ខែសីហា ឬ​ឈានចូល​ខែកញ្ញា ឆ្នាំ​២០១៩​។ ក្រោយមក អ្នកស្រី ក៏បាន​សរសេរ​លើ​បណ្តា​ញ​សង្គម​ថា មាន​តំណាងរាស្ត្រ​ក្នុង​សហភាព​អឺរ៉ុប​៦​នាក់​ហើយ ដែល​បានបញ្ជាក់​ពី​ការរួម​ដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រឆាំង​៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com