អន្តរជាតិ
ខួប​ទី​២៤៣​នៃ​ថ្ងៃ​ឯករាជ្យ លោក ត្រាំ ថា គ្មាន​អ្វីដែល​អាមេរិក​ធ្វើ​មិន​បានឡើយ​
05, Jul 2019 , 2:38 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងនាខួបទី២៤៣ ថ្ងៃឯករាជ្យ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងនាខួបទី២៤៣ ថ្ងៃឯករាជ្យ។ រូបភាព AFP
​ខុសពី​សព្វដង បុណ្យ​ឯករាជ្យ​អាមេរិក​ថ្ងៃទី​៤ ខែកក្កដា ត្រូវធ្វើឡើង​យ៉ាង​អធិកអធម ហើយ​មាន​វត្តមាន​រថក្រោះ​តាម​ការចង់បាន​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ពី​ខាងមុខ​វិមាន​អនុស្សាវរីយ៍ Lincoln ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន លោក ត្រាំ បាន​កោតសរសើរ​វីរភាព​កងទ័ព​អាមេរិក ដែល​ធ្វើសង្គ្រាម​គ្រប់ទិសទី ហើយ​ថា អាមេរិក​ជា​ប្រទេស​ពិសេស​ជាងគេ​លើ​ពិភពលោក​នេះ​។ សម្រាប់​លោក គ្មាន​អ្វីដែល​អាមេរិក​ធ្វើ​មិន​បានឡើយ​។​

 
​លោក ដូ​ណា​ល់ ត្រាំ ក្លាយជា​ប្រធានាធិបតី​អាម​រិ​ក​ដំបូង​គេ​ក្នុង​រយៈពេល​ច្រើនជាង​៧០​ឆ្នាំ​ដែល​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃទី​៤ ខែកក្កដា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​អាមេរិក​។ ជា​ទម្លាប់ ទិវា​ឯករាជ្យ​នេះ ជា​ថ្ងៃ​ដែល​មិន​ពាក់ព័ន្ធ​នយោបាយ ការបង្រួបបង្រួម​រវាង​អ្នកនយោបាយ និង​ជា​ថ្ងៃ​រំឭក​ដល់​វីរភាព​ថ្នាក់ដឹកនាំ​ជំនាន់​។ ខុសប្លែក​ពីលើ​ក​មុនៗ បុណ្យ​ឯករាជ្យ​លើក​ទី​២៤៣ ឆ្នាំ​២០១៩ នេះ ត្រូវ​លោក ត្រាំ ផ្ដោត​សំខាន់​លើ​ភាព​អង់អាច​របស់​យោធា​។​
 
​ចំពោះមុខ​អ្នកចូលរួម​ជាច្រើន​នៅខាងមុខ​វិមាន Lincoln លោក ត្រាំ បាន​និយាយ​ម្ដង​ហើយ​ម្ដងទៀត​ពី​ភាពក្លាហាន​របស់​យោធា​អាមេរិក​ក្នុងការ​ការពារ​ទឹកដី និង​ប្រជាជន​។ លោក​បន្តថា អាមេរិក​បច្ចុប្បន្ន គឺ​ខ្លាំង​ជាង​អាមេរិក​ជំនាន់​មុន ហើយ​ស្ថិតក្នុង​ដំណាក់​ដែល​ល្អ​ផុត​លេខ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។ បើតាម​ប្រធានាធិបតី​រូបនេះ គ្មាន​អ្វីដែល​អាមេរិក​មិនអាច​ធ្វើ​បានឡើយ បើ​ប្រជាជន​អាមេរិក​នៅតែ​មិន​បញ្ឈប់​ការប្រឹងប្រែង​ដើម្បី​អនាគត​ភ្លឺស្វាង​នោះ​។​
 
​តាមពិតទៅ លោក ត្រាំ ចង់​ឲ្យ​រៀបចំ​ពិធី​នេះ​ឲ្យ​អធិកអធម ពិសេស​មានការ​ដង្ហែរ​ក្បួន​យោធា​ផង​។ ប៉ុន្តែ​គំនិត​នេះ រង​ការជំទាស់​យ៉ាងខ្លាំង​ពី​មន្ត្រី​ក្រោមបង្គាប់​របស់លោក​។ ម្យ៉ាង​ការ​ដង្ហែរ​ក្បួន​នេះ ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ផង ហើយ​ម្យ៉ាងទៀត គឺ​ការគិតគូរ​ពី​ផលប៉ះពាល់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដែល​មិនអាច​ទ្រាំទ្រ​សព្វាវុធ​ធុន​ធ្ងន់ៗ​បានឡើយ​។ ចុងក្រោយ អ្វីដែល​លោក​ទទួលបាន ត្រឹមតែ​ការរៀបចំ​ខ្នាតតូច​ប៉ុណ្ណោះ​។​
 
​មេបញ្ជាការ​ទ័ពជើងគោក ជើង​អាកាស និង​ជើង​ទឹក គ្មាន​ឈ្មោះ​បញ្ជី​អ្នកចូលរួម​ឡើយ ប៉ុន្តែ​គេ​ឃើញ​នាយសេនាធិការ​ចម្រុះ ចូ​សេ​ហ្វ ដាន់​ហ្វ​ត ឈរ​ក្បែរ​លោក ត្រាំ ។ មិន​មានការ​ដង្ហែរ​ក្បួន​សព្វាវុធ​ធំៗ​ឡើយ មានតែ​ការតាំង​បង្ហាញ​រថក្រោះ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​។ នៅលើ​ផ្ទៃ​អាកាស យន្តហោះ​ប្រធានាធិបតី Air Force One, យន្តហោះ​ទម្លាក់​គ្រាប់បែក B2, ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង​ក្រុម​ហោះហើរ​ទ័ពជើងទឹក Blue Angel បាន​ហោះ​សម្ញែង​ពីលើ​វេទិកា​។ តម​ក ក៏មាន​ការបាញ់​កាំជ្រួច​ផងដែរ​។ 
 
​លោក ត្រាំ រង​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការយក​ទិវា​បុណ្យជាតិ​ដ៏​សំខាន់​នេះ​ទៅធ្វើជា​រឿង​នយោបាយ ខុស​គោលការណ៍​ដើម​។ គំនិត​ចង់ឃើញ​ក្បួន​យោធា​នេះ លេចឡើង​បន្ទាប់​លោក ត្រាំ ទស្សនា​ផ្ទាល់​ភ្នែក​ព្យុហយាត្រា​យោធា​នៅ​បារាំង​កាលពី​ឆ្នាំ​២០១៧ ហើយក៏​ចង់​រៀបចំ​ដូចគ្នានេះ​នៅ​អាមេរិក​។ ប៉ុន្តែ​អ្នក​រិះគន់ និង​អ្នកប្រឆាំង​ជាច្រើន​ទៀត​អះអាងថា ប្រធានាធិបតី​អាមេរិក​រូបនេះ​យក​គម្រូ​តាម​មេដឹកនាំ​ផ្ដាច់ការ​កូរ៉េខាងជើង ឬ​ចិន​ដែល​ចូលចិត្ត​សម្ញែង​អនុភាព​យោធា​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com