កីឡាជាតិ
ជាតិ
ការផ្ទេរ​កីឡាករ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​ជើង​ទី​ពីរ​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​
05, Jul 2019 , 3:42 pm        
រូបភាព
ដោយ:
​ការដោះដូរ​កីឡាករ​ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ មាន​ភាព​មមាញឹក​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រដូវ​កាល​ដោះដូរ​កីឡាករ​ជើង​ទី​២ ដែល​ទើប​បញ្ចប់​កាលពីពេល​ថ្មីៗ​។ ក្នុងនោះ​ក្លិប​ចំនួន​៨ បាន​ផ្លាស់ប្តូរ និង​បន្ថែម​សមាជិក​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​ត្រៀម​ការប្រកួត​ជើង​ទី​២ ដែល​ចាប់ផ្តើម​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ​។ ហើយ ក៏មាន​ក្លិប​មួយចំនួន​មិនមាន​ការដោះដូរ​កីឡាករ​ផងដែរ​។

 
​ក្លិប​បាល់ទាត់​ចំនួន​៨​រួមមាន​ក្រសួងការពារជាតិ បឹងកេត ណាហ្គា​វើ​ល អង្គ​រថា​យ​ហ្គឺ​រ ភ្នំពេញ​ក្រោ​ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​គីរីវង់​សុខ​សែន​ជ័យ​បាន​ផ្លាស់ប្តូរ និង​បន្ថែម​សមាជិក ដើម្បី​ត្រៀម​ប្រកួត​ជើង​ទី​២​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ក្រៅពី​ដោះដូរ​កីឡាករ ក៏មាន​ក្លិប​មួយចំនួន​បញ្ចប់​កិច្ចសន្យា​ជាមួយ​គ្រូបង្វឹក និង​តែងតាំង​គ្រូ​ថ្មី​ផងដែរ​។ 
 
​ទោះបី​មាន​ដោះដូរ​កីឡាករ​យ៉ាង​មមាញឹក​ក៏ដោយ តែ​យើង​កត់សម្គាល់​ឃើញថា ក្នុងចំណោម​កីឡាករ​បរទេស ដែល​ក្លិប​បាន​នាំចូល​ទាំងនោះ​ភាគច្រើន​ជា​កីឡាករ​លេង​ឲ្យ​ក្លិប​នៅ​កម្ពុជា​ស្រាប់ ពោលគឺ​ក្រាន់តែ​ផ្លាស់ប្តូរ​ពី​ក្លិប​មួយ​ទៅ​ក្លិប​មួយ​តែប៉ុណ្ណោះ​។ ក្នុងចំណោម​ក្លិប​ទាំង​៨ មានតែ​ភ្នំពេញ​ក្រោ​ន និង​អាស៊ី​អឺរ៉ុប​នោះទេ ដែល​នាំចូល​កីឡាករ​ច្រើនជាងគេ​។ 

 
 
​ក្រោយ​តែងតាំង​លោក ស៊ុំ វណ្ណា ឲ្យ​ដឹកនាំ​ក្រុមបណ្តោះអាសន្ន​ជំនួស​គ្រូបង្វឹក​ប្រេ​ស៊ី​ល Leonardo Vitorino ដែល​ក្លិប​បញ្ចប់​កិច្ចសន្យា​ពាក់​កណ្តាលផ្លូវ ភ្នំពេញ​ក្រោ​ន​បាន​នាំចូល​កីឡាករ​ថ្មី​ចំនួន​៤​រូប​រួមមាន​ខ្សែប្រយុទ្ធ Booysen Shane ដែល​ទើប​ចែកផ្លូវ​គ្នា​ជាមួយ​ប៉ូលិស​, Dzarma Bata ចែកផ្លូវ​ជាមួយ​ទ័ព​, Mustafa Zazai, សេង សា​រ៉ាវុធ និង​កីឡាករ សុខ សុវណ្ណ​។ 

 
 
​ការ​នាំចូល​កីឡាករ​ថ្មី​នេះ ក្រោយ​ភ្នំពេញ​ក្រោ​ន​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​ជប៉ុន Shuhei Mitsuhashi និង​កីឡាករ​ខ្មែរ​បារាំង ពេ​ជ អូវែ​ន និង Thomas Sam Sochenn​។ ក្លិប​ជើងឯក​៦​សម័យកាល​មួយ​នេះ ក៏បាន​បន្ត​កិច្ចសន្យា​ជាមួយ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor និង​កីឡាករ​កម្ពុជា​៧​រូប ដែល​ម្នាក់ៗ​មាន​សុពលភាព​ដល់​ឆ្នាំ​២០២២​។​
 
​ក្រោយ​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Dzarma Bata និង​កីឡាករ​ជប៉ុន Taku Yanagidate ក្លិប​ក្រសួងការពារជាតិ​បាន​នាំចូល​កីឡាករ​បរទេស​ពីររូប ដើម្បី​ជំនួស​កៅអី​ពួកគេ គឺ​កីឡាករ Na Hyosung និង Khan Mohammed Faeez​។ កីឡាករ​ជប៉ុន Taku Yanagidate ចូលរួម​ជាមួយ​គិរីវង់​សុខ​សែន​ជ័យ ដែល​ទើប​នាំចូល​កីឡាករ​កូត​ឌី​វ័រ Coulibaly Major Bangaly ក្រោយ​ការចាកចេញ​របស់​កីឡាករ Ota Takahito​។ 

 
 
​ក្រុម​បញ្ចប់​ចំណាត់ថ្នាក់​លេខ​២​បណ្តោះអាសន្ន​ណាហ្គា​វើ​ល បាន​នាំចូល​កីឡាករ​ជប៉ុន Kawabata Yugo តែ​ម្នាក់​គត់ ដើម្បី​ត្រៀម​ការប្រកួត​ជុំ​ទី​២​។ វត្តមាន​របស់​ខ្សែបម្រើ​វ័យ​២៥​ឆ្នាំ​ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រកា​លពី​ឆ្នាំ​២០១៧​រូបនេះ គឺ​បំពេញ​កូតា​កីឡាករ​បរទេស​របស់​ណាហ្គា​វើ​ល ដែលមាន Paul Omogba, Anderson Zogbe, Atuheire Kipson និង Amir Gurbani​។ 
 
 
​ក្លិ​ម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​អង្គ​រថា​យ​ហ្គឺ​រ បាន​នាំចូល​កីឡាករ​អេ​ស្ប៉ា​ញ Fernando Cozar Torres ដើម្បី​ជំនួស​កៅអី​របស់​កីឡាករ Yudai Ogawa ដែល​បាន​ចែកផ្លូវ​គ្នា ដើម្បី​ទៅធ្វើ​តេស្ត​ជាមួយ​ក្លិប​នៅ​តំបន់​អឺរ៉ុប​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ ធ្លាប់​លេង​ឲ្យ​ក្លិប​លំដាប់​ទី​៣ និង​ទី​៤​ជាច្រើន​នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ធ្លាប់​លេង​ឲ្យ​ក្លិប FC Legirus Inter របស់​ហ្វាំ​ង​ឡង់​។ អ្វីដែល​ពិសេស គឺ​កីឡាករ​កម្ពស់​១,៨៨​ម៉ែត្រ​រូបនេះ បានរួម​ចំណែក​ជួយ​ឲ្យ​ក្លិប​លំដាប់​ទី​២​ហ្វាំ​ង​ឡង់ HIFK Football ឈ្នះ​កៅអី​ឡើងទៅ​លេង​នៅ​ក្របខណ្ឌ​កំពូល​។ 
 
 
​ចំណែក​ក្លិប​ជើងឯក​ពីរ​សម័យកាល​បឹងកេត ដែល​ឈរ​ត្រឹម​លេខ​រៀង​ទី​៤​ប​ណ្តោ​អាសន្ន​ក្នុង​ជើង​ទី​១ បាន​ទិញ​ចូល​កីឡាករ​ជប៉ុន Kenta Yamazaki ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​លំដាប់​ទី​២​នៅ​ថៃ ដើម្បី​ជំនួស​កៅអី​ខ្សែប្រយុទ្ធ Angel Carrascosa​។ Kenta ជា​កីឡា​ករទី​២ បន្ទាប់ពី​កីឡាករ ចាន់ វឌ្ឍនាកា ដែល​បាន​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​លេង​ក្លិប​នេះ​។ វឌ្ឍនាកា ទោះបី​មិនទាន់បាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ក្របខណ្ឌ​លី​គ តែ​រូបគេ​សម្រេចបាន Hat Trick ឲ្យ​បឹងកេត​នា​ជំនួប​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ​ជាមួយ​ខេត្តសៀមរាប​។​
 
Kenta បានចាប់ផ្តើម​លេង​បាល់ទាត់​អាជីព​នៅ​ឆ្នាំ​២០១២ ជាមួយ​ក្លិប​នៅ​ជប៉ុន Tokyo 23 FC មុន​ផ្ទេរ​មកលេង​ឲ្យ​ក្លិប​លំដាប់​ទី​២​ថៃ TTM Customs នៅ​ឆ្នាំ​២០១៣​។ បន្ទាប់មក​រូបគេ​ផ្លាស់​ទៅលេង​ឲ្យ​ក្លិប​លំដាប់​ទី​២​ម៉ុង​តេ​ណេ​ហ្គ្រោ Fudbalski klub Berane ចន្លោះ​ពី​ឆ្នាំ​២០១៣-២០១៤ មុន​ផ្លាស់​ទៅ​ក្លិប OFK Grbalj នៅ​ឆ្នាំ​២០១៤-២០១៥​។ ក្រោយមក​រូបគេ​ក៏បាន​មកកាន់​ទឹកដី​ថៃ​ជា​លើក​ទី​២ ដោយ​លេង​ឲ្យ​ក្លិប​លំដាប់​ទី​២ Ubon UMT United ពី​ឆ្នាំ​២០១៥-២០១៨​។ 

 
 
​ចំណែក​ក្រុម​ឈរ​លេខ​រៀង​ទី​៩​បណ្តោះអាសន្ន​អាស៊ី​អឺរ៉ុប​បាន​ដោះដូរ​កីឡាករ​បរទេស​ពីររូប និង​បន្ថែម​សមាជិក​ថ្មី​ពីររូប រួមមាន​កីឡាករ Julien William, Ndoumene Yannick Francois, Tjutomu Hasegawa និង​កីឡាករ សុក ចាន់​រស្មី​។ ការនាំ​ចូល​កីឡាករ​ទាំងនេះ បន្ទាប់ពី​ក្លិប​ចែកផ្លូវ​ជាមួយ​កីឡាករ Ajayi Opeyene Korede និង Tomohiro Masaki​។ 

 
 
​ក្រោយ​ចាក​ចេញពី​អាស៊ី​អឺរ៉ុប​កីឡាករ​ជប៉ុន Tomohiro Masaki បាន​ចុះកិច្ចសន្យា​លេង​ក្លិប​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៅ​ជើង​ទី​២​នេះ​។ វត្តមាន​របស់​ខ្សែបម្រើ​រូបនេះ គឺ​ដើម្បី​ជំនួស​កៅអី​កីឡាករ Booysen Shane ដែល​បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោ​ន​។​
 
 
​ទន្ទឹមនឹង​ក្លិប​មួយចំនួន​មមាញឹក​ជាមួយ​ការដោះដូរ​កីឡាករ​នៅ​ជើង​ទី​២ ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង វិសាខា កំពង់ចាម សូល​ទី​ឡូ​អង្គរ អគ្គិសនី​កម្ពុជា និង​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ហាក់​មិន​អើពើ​ជាមួយ​ការដោះដូរ​កីឡាករ​ឡើយ​។ ទោះបី​គ្មាន​ការដោះដូរ​កីឡាករ តែ​ក្លិប​បាល់ទាត់​វិសាខា​បាន​ផ្តាស់​ប្តូរ​គ្រូបង្វឹក ដោយ​បញ្ចប់​កិច្ចសន្យា​ជាមួយ​លោក ហុក សុ​ជីវ័ន ហើយ​តែងតាំង​លោក Akeep Tunji Ayoyinka ដែលជា​គ្រូ​ជំនួយ​ឲ្យ​ដឹកនាំ​ជំនួស​បណ្តោះអាសន្ន​។ ជាមួយគ្នានេះ លោក ទេព ឡុង​រចនា ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ក្រុម​ក្រសួងការពារជាតិ ជំនួស​លោក ភា សុ​ភ័​ក្ត្រា​៕  

Tag:
 ​បាល់ទាត់​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com