ភ្នំពេញ៖ ពលរដ្ឋដើមកំណើតខ្មែរ ៣៧ នាក់ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីថ្ងៃទី ៤ ខែកក្កដា ។ នេះបើតាមការផ្សព្វផ្សាយរបស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (ICE)។
ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍អន្តោប្រវេសន៍ បានបញ្ជាក់ថា ជនដែលត្រូវបណ្តេញចេញទាំង៣៧ នាក់នេះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មនៅអាមេរិក ក្នុងនោះរួមមានអំពើឃាតកម្ម អំពើមនុស្សឃាត អំពើរំលោភផ្លូវភេទ អំពើរំលោភបំពានលើកុមារ អំពើហិង្សាគ្រួសារ អំពើជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដើម។ បើតាមភ្នាក់ងារអន្តោប្រវេសន៍អាមេរិក ពលរដ្ឋដើមកំណើតខ្មែរទាំងនេះ ត្រូវបានប្រគល់ឲ្យអាជ្ញាធរកម្ពុជា កាលពីថ្ងៃទី ៤ កក្កដាហើយ។
ជុំវិញបញ្ហានេះសារព័ត៌មានថ្មីៗ មិនអាចទាក់ទងសុំការបំភ្លឺពីលោក កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានទេ នាព្រឹកថ្ងៃទី៥ ខែកក្កដានេះ ដោយហៅទូរស័ព្ទចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកទទួល។
តែយ៉ាងណាអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេក្តីថ្លែងការថ្កោលទោសអាមេរិក លើករណីបញ្ជូនពលរដ្ឋខ្មែរអាមេរិកមកកម្ពុជានេះ។ អង្គការមួយនេះចាត់ទុកការបញ្ជូនពលរដ្ឋដើមកំណើតខ្មែរនេះ ជាការនិរទេសទាំងបង្ខិតបង្ខំ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា៖«ពលរដ្ឋខ្មែរដែលត្រូវបានបញ្ជូនមកទាំងនោះជាកូនរបស់ជនភៀសខ្លួនកម្ពុជា ក្នុងរបបខ្មែរក្រហម ដែលបានកើតនៅក្នុងជំរុំជនភៀសខ្លួនថៃ។ ពួកគេបានរស់នៅស្ទើតែពេញមួយជីវិតទៅហើយលើទឹកដីអាមេរិក ដោយមិនបានស្គាល់ប្រទេសកំណើតរបស់ពួកគេនោះទេ។ ការបញ្ជូនពួកគេមកនេះ ដូចជាការឲ្យេពួកគេមករស់នៅលើទឹកដីដ៏ចម្លែកអ៊ីចឹង»។
លោក Phil Robertson ស្នើឲ្យអាមេរិកត្រូវតែគិតគូឡើងវិញចំពោះទង្វើរបស់ខ្លួន ខណៈពួកគេមានភាពស្និទស្នាលជាមួយអាមេរិកជាងប្រទសកំណើតរបស់ពួកគេ។ បើតាមលោក Phil Robertson អាមេរិកគួរតែកែលម្អគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន ដោយគិតគូរពីសិទ្ធិមនុស្ស និងមនុស្សជាតិផងដែរ។
អង្គការអន្តរជាតិមួយនេះបន្តថា មន្ត្រីអន្តោប្រវេសន៍ និងគយ អាមេរិក (ICE) បានបិទសិទ្ធិពលរដ្ឋទាំងនោះ មិនឲ្យជួបជាមួយក្រុមគ្រួសាររបស់ពួកគេមុនបញ្ជូនមកកម្ពុជានោះទេ។
កន្លងមកសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់រិះគន់រដ្ឋាភិបាលអាមេរិក ដែលចាប់បញ្ជូនពលរដ្ឋខ្មែរមកកម្ពុជានេះថា ជាការរំលោភសិទ្ធិមនុស្ស និងបំបែកបំបាក់ទំនាក់ទំនងគ្រួសាររបស់ពួកគេជាដើម។
ក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានបណ្តេញពលរដ្ឋខ្មែរចេញចំនួន១១០នាក់ ដែលកើនឡើងដល់ទៅ ២៧៩ភាគរយ ធៀបនឹងឆ្នាំ២០១៧ កន្លងទៅ។ ក៏ប៉ុន្តែ នៅមានពលរដ្ឋដើមកំណើតខ្មែរជិត ១.៩០០ នាក់ផ្សេងទៀត កំពុងរស់នៅសហរដ្ឋអាមេរិក ដោយមានដីកាបណ្ដេញចេញ ក្នុងនោះ ១.៤០០ នាក់ ជាប់ទោសពីបទឧក្រិដ្ឋ។ មកដល់ពេលនេះ មានពលរដ្ឋខ្មែរជិត៩០០នាក់ហើយ ត្រូវបានបញ្ជូនចេញពីសហរដ្ឋអាមេរិក ចាប់តាំងពីប្រទេសកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០២មក រហូតដល់ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមការផ្សព្វផ្សាយរបស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (ICE)៕