អន្តរជាតិ
មេដឹកនាំ​ហុងកុង Carrie Lam ចង់​ជួប​យុវជន​ដើម្បី​ដោះស្រាយ​បញ្ហា​
05, Jul 2019 , 8:59 pm        
រូបភាព
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង Carrie Lam ។ រូបភាព AFP
ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង Carrie Lam ។ រូបភាព AFP
​មេដឹកនាំ​ហុងកុង Carrie Lam បាន​អញ្ជើញ​ក្រុមយុវជន​វ័យក្មេង​ឲ្យ​ចូលរួម​ក្នុងជំនួប​បិទទ្វារ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ញាប់​ញ័រ​ទីក្រុង​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​។ នេះ ជា​លើកដំបូង​ដែល​រដ្ឋាភិបាល​ហុងកុង​បោះដៃ​ទៅរក​ក្រុមយុវជន​ដែលជា​កម្លាំង​ស្នូល​នៃ​ការធ្វើ​បាតុកម្ម​ប្រឆាំង​សំណើ​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ដីគោក​។ ប៉ុន្តែ​សមាគមយុវជន​សំខាន់ៗ​ចំនួន​ពីរ បាន​បដិសេធ​ដោយ​អះអាងថា សំណើ​នេះ​ជាការ​ស្ដារ​មុខមាត់​រដ្ឋាភិបាល​ប៉ុណ្ណោះ​។​

 
​អ្នកនាំពាក្យ​ការិយាល័យ​ប្រធាន​ប្រតិបត្តិ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៅ​ថ្ងៃទី​៤ ខែកក្កដា និយាយថា លោកស្រី Carrie Lam បាន​អញ្ជើញ​ក្រុមយុវជន​វ័យក្មេង​មកពី​ស្រទាប់វណ្ណៈ​ផ្សេង​នៅ​ហុងកុង ឲ្យ​ចូលរួម​ក្នុងការ​ពិភាក្សា​មួយ​។ និស្សិត​សាកលវិទ្យាល័យ និង​ក្រុមយុវជន​ដែល​ចូលរួម​ក្នុង​បាតុកម្ម​ដ៏​កក្រើក​នាពេល​ថ្មីៗ​នេះ ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ​។ 
 
​បើតាម​អ្នកនាំពាក្យ​ដដែល គោលដៅ​នៃ​ជំនួប​ខាងលើនេះ គឺ​ដើម្បី​ស្ដាប់​មតិយោបល់ និង​ផ្លាស់ប្ដូរ​គំនិត​ដោយស្មោះ​ត្រង់​។ ដូចនេះហើយ​គម្រោង​ជំនួប​នេះ ត្រូវ​រៀបចំឡើង​ក្នុង​ទំហំ​តូច បិទទ្វារ ហើយ​ការជជែក​ទាំង​អម្បាលម៉ាន នឹងមិន​ត្រូវបាន​ផ្សព្វផ្សាយ​ឡើយ​។ ខណៈ​សំណើ​នេះ ត្រូវបាន​តំណាង​និស្សិត​ខ្លះ​បដិសេធ​ទៅហើយនោះ រដ្ឋាភិបាល​ហុងកុង​ជឿថា ពួកគេ​នឹង​ពិចារណា​សំណើ​ម្ដងទៀត​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ហុងកុង South China Morning Post ។​
 
​មេដឹកនាំ​និស្សិត​មកពី​សាកលវិទ្យាល័យ​ចំនួន​ពីរ​ដែល​ទទួល​បានការ​អញ្ជើញ បាន​ទាត់ចោល​សំណើ​ភ្លាមៗ​។ លោក So Tsun-fung ប្រធាន​សហភាព​និស្សិត​នៃ​សាកលវិទ្យាល័យ​នៅ​ហុងកុង និយាយថា យើង​មិន​ចង់​ចូលរួម​ក្នុងការ​ជំនួប​បែប​សម្ដែង​បែបនេះ​ឡើយ ហើយនឹង​ពិចារណា​សំណើ​នេះ​ឡើងវិញ បើ​រដ្ឋាភិបាល​គិតគូរ​សំណើ​និស្សិត​ដែរ​។ លោក So ចាត់ទុក​សកម្មភាពរ​បស់​រដ្ឋាភិបាល​ជា​រឿង​សម្បទាន​តិចពេក ហើយក៏​យឺត​ពេល​ទៅហើយ​។​
 
​អ្វីដែល​មេដឹកនាំ​និស្សិត​ហុងកុង​ចង់​ឲ្យ​រដ្ឋា​ភិ​បា​លោកស្រី Lam ពិចារណា​ដែរនោះ គឺ​បើកចំហ​កិច្ចប្រជុំ​ជាមួយ​តំណាង​យុវជន និង​ប្រមូល​ភាគី​ផ្សេងទៀត​ឲ្យ​ចូលរួម​ផងដែរ​។ លោក Jordan Pang មេដឹកនាំ​និស្សិត​នៅ​សាកលវិទ្យាល័យ​ហុងកុង ហាក់​សង្ស័យ​នឹង​បំណង​របស់​មេដឹកនាំ​ហុងកុង ព្រោះ​ចង់​ជួប​និស្សិត​ដោះស្រាយ​បញ្ហា តែ​ធ្វើឡើង​ដោយ​បិទទ្វារ​ពី​ភ្នែក​មហាជន​ទៅវិញ ហើយ​មិន​ព្រម​ដោះស្រាយ​ការទាមទារ​របស់​បាតុករ​ផង​។​
 
​ការបង្ហាញ​ជំហរ​ជួប​ក្រុមយុវជន​នេះ កើតឡើង​ស្រប​ពេលដែល​លោកស្រី Lam កំពុង​រង​សម្ពាធ​ពី​បាតុករ​ឲ្យ​ចុះ​ចេញពី​តំណែង​។ ពីដំបូង ក្រុមបាតុករ​មិន​ពេញចិត្ត​រដ្ឋាភិបាល​ហុងកុង​របស់លោក​ស្រី Lam ដែល​ស្នើ​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​ទៅ​សភា តែ​ចុងក្រោយ​ក៏​រាលដាល​ដល់​លោកស្រី​ប្រធាន​ប្រតិបត្តិ​តែម្ដង ព្រោះ​លោកស្រី​មិន​ចុះ​ញ៉ម​តាម​ការទាមទារ​។ សព្វថ្ងៃ ទោះ​សេចក្ដីស្នើ​នេះ​ត្រូវបាន​ដកចេញ​ក្ដី ក៏​មិនអាច​រំងាប់​កំហឹង​បាតុករ​ឡើយ​៕ 

Tag:
 ចិន​
  ហុងកុង​
  Carrie Lam
© រក្សាសិទ្ធិដោយ thmeythmey.com