ជាតិ
វត្ថុ​បុរាណ​៨៥​មុខ​ដែល​បណ្ឌិត​ជប៉ុន​ប្រគល់ជូន​កម្ពុជា នឹងត្រូវ​ដាក់តាំង​ពិព័រណ៍​
05, Jul 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ វត្ថុ​បុរាណ​ទាំង​៨៥​មុខ និង​បំណែក ដែល បណ្ឌិត​ជនជាតិ​ជប៉ុន លោកស្រី ហ្វូ​មី​កូ តា​កា​កុ​វ៉ា បាន​ប្រគល់ជូន​កម្ពុជា​វិញ​នោះ នឹងត្រូវ​ដាក់តាំង​បង្ហាញ​ឱ្យ​សាធារណជន​បាន​ទស្សនា នៅក្រោយ​ការសិក្សា​ស្រាវជ្រាវ​រក​ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​វត្ថុ​បុរាណ​ទាំងនោះ​។ សារមន្ទីរ​ជាតិ​កម្ពុជា រំពឹងថា ការសិក្សា​ស្រាវជ្រាវ និង​វិភាគ​លើ​រូបសំណាក គេ​អាច​ដឹង​ពី​ការធ្វើ​ពាណិជ្ជកម្ម​កាលពី​សម័យ​នោះ​។ នេះ​បើតាម​លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​ភ្នំពេញ ដែល​បានបញ្ជាក់​នៅក្រោយ​ពិធី​ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ទាំង​៨៥​ប្រភេទ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​។​

 
​ពិធី​ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ពី​លោកស្រី បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​រ៉ា ជនជាតិ​ជប៉ុន​ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៨៥​មុខ​និង​បំណែក ជូន​មក​ប្រទេស​កម្ពុជា​វិញ ក្រោម​អធិបតីភាព​លោក ប្រាក់ សុវណ្ណារ៉ា រដ្ឋលេខាធិការ​តំណាង​អ្នកស្រី ភឿង ស​កុ​ណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​


 
​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​កម្ពុជា លោក គង់ វីរៈ ថា​សារមន្ទីរ​ជាតិ​នឹងសិក្សា​ស្រាវជ្រាវ​បន្ថែម​លើ​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​និង​ប្រភេទ​នោះ ដើម្បី​កំណត់​អត្តសញ្ញាណ កំណត់​អាយុកាល កំណត់​ទីតាំង​ផលិត និង​កំណត់​ប្រភពដើម​នៃ​រ៉ែ​ដែល​យកមក​ធ្វើ​វត្ថុ​បុរាណ​ទាំងនោះ​។ ជាងនេះទៅទៀត​ការវិភាគ​បន្ថែម​នេះ គេ​អាច​ដឹង​ពី​បច្ចេកទេស​ផលិត​នៅក្នុង​រោង​ជាង និង​ដឹង​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​សម័យ​នោះ​ថែម​ទៀតផង​។ ក្រោយពី​បញ្ចប់​ការវិភាគ​លើ​វត្ថុ​បុរាណ​ទាំងនោះ សារមន្ទីរ​ជាតិ​នឹងដាក់​តាំងពិព័រណ៍​ជា​សាធារណៈ​ជូន​សាធារណជន តែ​នៅ​មិនទាន់​អាច​កំណត់​ថ្ងៃ​ច្បាស់លាស់​នៅឡើយ​។​
 
​លោក គង់ វីរៈ បញ្ជាក់​បន្ថែមថា ៖«​តាមពិតទៅ​វត្ថុ​បុរាណ​ទាំងនេះ យើង​បានកំណត់​ពី​អាយុកាល​ខ្លះ​ហើយ យើង​អាច​តាំងពិព័រណ៍​ពេលនេះ​ក៏បាន ប៉ុន្តែ​យើង​ចង់ឱ្យ​អ្នកទស្សនា​ទទួលបាន​ព័ត៌មាន​កាន់តែច្រើន​។ ការធ្វើ​វិភា​គនេះ​ដើម្បី​ពង្រីក​បន្ថែម​ក្នុង​វិស័យ​ស្រាវជ្រាវ និង​វិស័យ​អភិរក្ស​។ រូប​ខ្លះ​នៅសល់​ស្រទាប់​ទឹកមាស ដូច្នេះ​យើង​នឹងសិក្សា​ពី​បច្ចេកទេស​លាបលន​ទឹកមាស​។ យើង​ចង់ដឹងថា​វត្ថុ​បុរាណ​ទាំងនេះ គឺ​ខ្មែរ​ជា​អ្នកបង្កើត​ផ្ទាល់ ឬ​ជាការ​ឆ្លង​ឥទ្ធិពល​ពីគ្នា​ទៅវិញទៅមក​។ យើង​ក៏​អាច​ដឹង​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​សម័យ​នោះបាន​ផងដែរ​»​។​


 
​ក្រោយ​ពិធី​ប្រគល់​-​ទទួល​វត្ថុ​បុរាណ​ពី​លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​រ៉ា ជនជាតិ​ជប៉ុន​ដែល​បាន​ស្ម័គ្រចិត្ត​ប្រគល់​វត្ថុ​បុរាណ​ចំនួន​៨៥​មុខ​និង​បំណែក​មក​ប្រទេស​កម្ពុជា​វិញ លោក គង់ វីរៈ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ​ភ្នំពេញ ថា​ការវិលត្រឡប់​របស់​វ​ត្ថុ​បុរាណ​ទាំងនោះ ប្រៀបបាន​នឹង​ការវិល​ត្រឡប់មកវិញ​នូវ​ដួងព្រលឹង​របស់​ជាតិ ដែល​បាន​បាត់បង់​ទៅ​អស់កាល​ដ៏​យូរ​មកហើយ​នោះ​។ ប្រធាន​សារមន្ទីរ​ជាតិ​កម្ពុជា​រូបនេះ កោតសរសើរ​ចំពោះ​ទឹកចិត្ត​លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​រ៉ា ដែលមាន​ឆន្ទៈ​ខ្ពស់ ប្រកបដោយ​ការយល់​ច្បាស់​ពី​តម្លៃ​សម្បត្តិ​វប្បធម៌​របស់​ជាតិ​នីមួយៗ​។ 
 
​សូមបញ្ជាក់ថា លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា ប្រគល់​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​និង​បំណែក​មក​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ស្វាមី​របស់លោក​ស្រី គឺ​លោក​បណ្ឌិត​សាស្ត្រាចារ្យ ម៉ូ​រី​ហ្វូ​មី តា​កា​កុ​វ៉ា​។ អំណោយ​វត្ថុ​បុរាណ​ទាំងនេះ​ត្រូវបាន​នាំមក​តាមរយៈ​លោក ម៉ាសា​តូ​ម៉ូ ហូ​ស៊ី​ណូ​និង​ភរិយា កាលពី​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០១៩ កន្លងទៅ​។ លោកស្រី​បណ្ឌិត ហ្វូ​មី​កូ តា​កា​កុ​វ៉ា ក៏បានផ្ដល់​អំណោយ​ជា​ទឹកប្រាក់​ចំនួន ៥,០០០ ដុល្លារ​អាមេរិក អម​មកជា​មួយ​វត្ថុ​បុរាណ​ទាំង​៨៥​មុខ​និង​ប្រភេទ ដើម្បី​ជួយ​ដល់​កិច្ចការ​របស់​សារមន្ទីរ​ផងដែរ​៕











Tag:
 វត្ថុ​បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com