រកឃើញ​ឈើ​ខុសច្បាប់​ជាង​២០០​ម៉ែត្រ​គីប ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា​ខេត្តសៀមរាប​
ជាតិ
រកឃើញ​ឈើ​ខុសច្បាប់​ជាង​២០០​ម៉ែត្រ​គីប ក្នុង​សណ្ឋាគារ​អង្គរ​អេ​រ៉ា​ខេត្តសៀមរាប​
06, Jul 2019 , 7:59 am        
រូបភាព
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប
​សៀមរាប​៖ ប្រតិបត្តិ​ការចុះ​ឆែក​ឃ្លាំង​ស្ដុក​ឈើ​មួយកន្លែង​ក្នុង​សណ្ឋាគារ​ដ៏​ធំ​នៅ​ខេត្តសៀមរាប បាន​រកឃើញ​ឈើ​ប្រមាណ​ជាង​២០០​ម៉ែត្រ​គីប ជា​ឈើ​ខុសច្បាប់​។ អាជ្ញាធរ​បាន​រឹបអូស​ឈើ​ទាំងនោះ​ទៅ​រក្សាទុក និង​រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់​។​

 
​បន្ទាប់ពី​បិទ​បញ្ចប់​ប្រតិបត្តិការ​ឆែក និង​ដល់​ដំណាក់កាល​រឹបអូស​ឈើ​ខុសច្បាប់ ពី​សណ្ឋាគារ​អង្គរ​អេ​រ៉ា​រួចមក ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​រៀបរាប់​ពី​លទ្ធផល​ដែល​ទទួលបាន​។ លោក ទា គឹម​សុទ្ធ បានឱ្យដឹង នៅ​ល្ងាច​ថ្ងៃទី​៤ កក្កដា ដោយ​ថា​ការងារ​នេះ គឺមាន​ការបញ្ជា​ផ្ទា​ល់ពី​អភិបាលខេត្ត និង​បាន​ចុះ​ឆែក​ទីតាំង​នោះ ពិតជា​មាន​ឈើ​ច្រើន​មែន​។ «​កម្លាំង​បាន​ទៅដល់​ទីតាំង​នោះ​ស្ដុក​ឈើ នៅ​យប់​ថ្ងៃទី​២ កក្កដា តែដោយសារ​យប់​ហួស​ម៉ោង​ការងារ ក៏​សម្រេចចិត្ត​យាម រហូតដល់​ព្រឹក​ថ្ងៃទី​៣ ទើប​កម្លាំងចម្រុះ​បានធ្វើការ​រួមគ្នា ហើយ​ការងារ​នេះ​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប លោក សំរិទ្ធ សុខុម​»​។ នេះ​ជាការ​រៀបរាប់​របស់លោក ទា គឹម​សុទ្ធ​ទៅកាន់​អ្នកសារព័ត៌មាន​។​


រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប 
 
​ប្រធាន​មន្ទីរ​កសិកម្ម​បន្ថែមថា ប្រតិបត្តិការ​ពេញ​មួយថ្ងៃ នៅ​ថ្ងៃទី​៣​នោះ កម្លាំង​បាន​ពិនិត្យ និង​វាស់វែង​ឃើញ​មាន​ឈើ​សរុប ៥២៦ ម៉ែត្រ​គីប ក្នុងនោះ​មាន​លិខិតអនុញ្ញាត​ដឹកជញ្ជូន​តែ ២៧៤ ម៉ែត្រ​គីប​ប៉ុណ្ណោះ ដែល​ល្មើស​លើស​លិខិត​ចំនួន ២៥១ ម៉ែត្រ​គីប​។ បច្ចុប្បន្ន កម្លាំង​បាន​ដឹកជញ្ជូន​ឈើ​ទាំងនោះ ទៅ​រក្សាទុក​នៅ​ឃ្លាំង​មាន​សុវត្ថិភាព ដោយ​រង់ចាំ​ម្ចាស់​ទៅ​បង់​ការពិន័យ​តាមផ្លូវ​ច្បាប់​។ លោក ទា គឹម​សុទ្ធ​បញ្ជាក់​៖«​យើង​អនុវត្តន៍​តាមច្បាប់​ព្រៃឈើ​តាម​មាត្រា ៩៦ អ្វីដែល​ល្មើស​លើសពី​ការ​សន្ដិ​ធិ យើង​ធ្វើការ​រឹបអូស និង​ធ្វើការ​បង់ពិន័យ​ជា​ប្រាក់ យើង​សម្រេច​គុណ​នឹង​៣​នៃ​តម្លៃ​វត្ថុតាង​។ សំណុំរឿង​បង់ពិន័យ​ជា​ប្រាក់ បង់ហើយ​រួច​ការចោទប្រកាន់ បើ​មិន​បង់​ទេ​យើង​នឹង​បញ្ជូនទៅ​តុលាការ​»​។ 
 
​តាម​ការបញ្ជាក់​ពី​មន្ត្រី​ខាងលើ លោក​បាន​ដឹក​សកម្មភាព​ដឹកជញ្ជូន​របស់​សណ្ឋាគារ​អង្គរ​អេ​រ៉ា​នេះ​យូរ​ឆ្នាំ​មកហើយ គឺ​មុន​អំឡុង​ឆ្នាំ​២០០៤​មក ហើយ​កន្លងមក​អាជ្ញាធរ​ធ្លាប់បាន​ចុះ​ឆែក​និង​ពិន័យ​ម្ដង​រួចមក​ដែរ​។ លោក ទា គឹម​សុទ្ធ បញ្ជាក់ថា រាល់​សណ្ឋាគារ​ទាំងអស់ សុទ្ធ​តែងមាន​កន្លែង​កែច្នៃ​ឈើ ហើយ​ម្ចាស់​សណ្ឋាគារ​ទាំងនោះ មិនមែនជា​ឈ្មួញ​ឈើ​ទេ គ្រាន់តែ​ទិញ​មកប្រើប្រាស់ ក្នុងការ​សាងសង់​សណ្ឋាគារ​តែប៉ុណ្ណោះ​៕

Tag:
 ឈើ​ខុសច្បាប់​
  សណ្ឋាគារ​អង្គរ​អេ​រ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com