កីឡាអន្តរជាតិ
អន្តរជាតិ
អតីត​ចៅហ្វាយក្រុង​រី​យ៉ូ​សារភាពថា បាន​សូកលុយ​២​លាន​ដុល្លារ​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​២០១៦
05, Jul 2019 , 9:39 pm        
រូបភាព
(ពីឆ្វេង) លោក Arthur Nuzman លោក Luiz Inacio LuLa da Silva និង លោក Sergio Cabral អតីតអភិបាលក្រុងរីយ៉ូ។ រូបភាព Reuters
(ពីឆ្វេង) លោក Arthur Nuzman លោក Luiz Inacio LuLa da Silva និង លោក Sergio Cabral អតីតអភិបាលក្រុងរីយ៉ូ។ រូបភាព Reuters
​អតីត​អភិបាលក្រុង​រី​យ៉ូ (Rio de Janeiro) លោក Sergio Cabral នៅ​ថ្ងៃទី​៤ ខែកក្កដា បាន​សារភាព​ចំពោះមុខ​ចៅក្រម​ថា​លោក​បាន​ចំណាយ​ប្រាក់​ចំនួន ២ លាន​ដុល្លារ​ទិញ​សន្លឹកឆ្នោត​ដើម្បី​ធានាថា​ទីក្រុង​មាត់សមុទ្រ​របស់​ប្រេ​ស៊ី​ល​មួយ​នេះ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦​។​


 
​លោក Sergio Cabral ប្រាប់​ចៅក្រម​ថា​ប្រាក់​នោះ​លោក​បាន​ឲ្យ​ទៅ​លោក Lamine Diack អតីត​ប្រធាន​សហព័ន្ធ​កីឡាអត្តពលកម្ម​អន្តរជាតិ (IAAF) ដើម្បី​ដោះដូរ​នឹង​សន្លឹកឆ្នោត​ចំនួន ៩ សន្លឹក​។ អ្វីដែល​ចាប់អារម្មណ៍ វា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ​ដែល​លោក Cabral អាចមាន​ការទាក់ទង​ផ្ទាល់​ទៅ​លោក Diack នោះ គឺ​ប្រាកដ​ជាមាន​ពាក់ព័ន្ធ​ជាមួយ​អ្នកផ្សេង​ទៀត​មិន​ខាន​។​
 
​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ប្រេ​ស៊ី​ល (BOC) និង​ជា​អ្នករៀបចំ​ការដេញថ្លៃ​លោក Arthur Nuzman ជា​អ្នក​ណែនាំ​លោក Cabral ឲ្យ​ទៅ​ជួប Diack ដើម្បី​ចរចា​គ្នា​នៅមុន​ការបោះឆ្នោត​ឆ្នាំ ២០០៩ ហើយ​គេ​ពិត​បាន​ឃើញថា​ក្រុង​រី​យ៉ូ​បានឈ្នះ​ការដេញថ្លៃ​លើ​ក្រុង​ម៉ា​ឌ្រី​ត (​អេ​ស្ប៉ា​ញ​) Chicago (​អាមេរិក​) និង​តូ​ក្យូ (​ជប៉ុន​)​។ អតីត​ចៅហ្វាយក្រុង​រី​យ៉ូ​រូបនេះ បកអាក្រាត​ប្រាប់​ចៅក្រម​ដូច្នេះ​ក្នុង​តុលា​។​
 
Cabral បន្ថែមថា​៖«​លោក Nuzman បាន​មករក​ខ្ញុំ​ហើយ​និយាយថា Cabral ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​ប្រធាន IAAF លោក Lamine Diack គាត់​ជាម​នុស្ស​ដែល​ចូលចិត្ត​ទទួល​យកលុយ​សំណូក​»​។​
​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល​បាន​ចោទប្រកាន់​លោក Nuzman កាលពី​ខែតុលា ឆ្នាំ​២០១៧ ជុំវិញ​ការផ្តល់​សំណូក​២​លាន​ដុល្លារ​ដើម្បី​ឲ្យ​ក្រុង Rio ក្លាយជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០១៦​កន្លង​ទៅនោះ​។ សវនាការ​ក៏​បន្តដំណើរ​ការ​រហូត​ប​ច្ចុ​ប្បន្ន ខណៈ​ប្រធាន BOC រូបនេះ​អះអាងថា​លោក​គ្មាន​ទោស​ទេ​។​
 
​ចំ​ណែ​លោក Diack ក៏​បដិសេធ​មិន​ទទួលកំហុស ក្នុងការ​ចោទប្រកាន់​ពី​សំណាក់​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល​ដូចគ្នា​៕ 

Tag:
 កីឡា​អូឡាំពិក​
  Rio de Janeiro
© រក្សាសិទ្ធិដោយ thmeythmey.com