ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន ប្រាប់​ឲ្យ​តំណាងរាស្ត្រ​សភា យក​ពេល​វិស្សមកាល​៣​ខែ ចុះ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ
05, Jul 2019 , 9:59 pm        
រូបភាព
រូបពីរដ្ឋសភាជាតិកម្ពុជា
រូបពីរដ្ឋសភាជាតិកម្ពុជា
​ភ្នំពេញ​៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ប្រាប់​ឲ្យ​តំណាងរាស្ត្រ​យកចិត្តទុកដាក់ និង​ជួយ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ នៅក្នុង​ថ្ងៃ​វិស្សមកាល​រយៈពេល​៣​ខែ ក្រោយ​សម័យប្រជុំ​រដ្ឋសភា​ពីថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៩​។

 
​ប្រធានរដ្ឋសភា បាន​ប្រាប់​តំណាងរាស្ត្រ​ថា ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ជា​ទុក្ខលំបាក​របស់​តំណាងរាស្ត្រ​។ សម្តេច ហេង សំរិន បាន​លើកឡើងថា​៖« ខ្ញុំ​សូម​លើកទឹកចិត្ត ដល់​សមាជិក​រដ្ឋសភា​ទាំងអស់ បន្ត​តួនាទី ភារកិច្ច​ទៅតាម​មណ្ឌល​នីមួយៗ​របស់ខ្លួន ចុះ​ជាប់​ជាមួយ​ម្ចាស់ឆ្នោត ដើម្បី​ចុះ​សិក្សា​ឈ្វេងយល់​ពី​ការលំបាក និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​រួមគ្នា​ដោះស្រាយ និង​ឆ្លើយតប​កង្វល់​របស់​ម្ចាស់ឆ្នោត​ឲ្យ​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។ លើសពីនេះ​ត្រូវ​ផ្តល់​អំណោយ​សង្គ្រោះបន្ទាន់​ផ្សេងៗ ពេល​ពលរដ្ឋ​ជួប​គ្រោះធម្មជាតិ​»​។​
 
​លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ការលើកឡើង​របស់​ស​ម្តេច​នេះ ជាការ​ក្រើនរម្លឹក​ដល់​តំណាងរាស្ត្រ​ឲ្យ​ខិតខំ​បំពេញ​តួនាទី​របស់ខ្លួន​បន្ថែម​ទៀត​។ បើតាម​លោក ប៉េងឡុង ពាក្យ​វិស្សមកាល​នេះ មិនមែនជា​ពេល​ឈប់សម្រាក​នោះទេ ប៉ុន្តែ​ជា​ពេលដែល​តម្រូវ​ឲ្យ​តំណាងរាស្ត្រ​ទាំងអស់​ចុះ​មូលដ្ឋាន ជួយ​ដោះស្រាយ​ការងារ​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស មុននឹង​សភា​ចូល​កង​បំពេញការងារ​ជាធម្មតា​វិញ​។ 
 
« វិស្សមកាល​នឹង​មិនមែនជា វិស្សមកាល​ដើរលេង​នោះទេ តំណាងរាស្ត្រ​ទាំងអស់​ត្រូវ​ចុះ​មូលដ្ឋាន ខ្លះ​ចុះ​តាម​គណៈកម្មាធិការ ខ្លះ​ចុះ​ជា​លក្ខណៈ​ឯកជន ហើយ​ពេល​ចូល​កង​វិញ​ត្រូវមាន​របាយការណ៍​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋសភា ដែល​បាន​បន្ថែមថា នៅពេល​សភា​ចូល​កង​វិញ តំណាងរាស្ត្រ​ទាំងអស់ ត្រូវមាន​របាយការណ៍​សកម្មភាព​ការងារ​ខ្លួន ដើម្បី​រាយការណ៍​ជូន​ប្រធានរដ្ឋសភា​៕

© រក្សាសិទ្ធិដោយ thmeythmey.com