ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
មុខរបរតាំងពីជំនាន់ជីដូន! កញ្ញា គឹមឡាង ធ្វើណែមលក់ដាច់ខ្លាំងនៅបាត់ដំបង កញ្ញា ទី គឹមឡាង កំពុងច្រកណែមឱ្យអតិថិជន នៅមុខផ្ទះ នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង
× បាត់ដំបង៖ «ណែមត្រី» អាចនិយាយបានថា ជាចំណីអាហារមួយប្រភេទប្រចាំខេត្តបាត់ដំបង។ កញ្ញា ទី គឹមឡាង ជាអ្នកធ្វើណែមលក់ក្នុងចំណោមអ្នកធ្វើណែមជាច្រើននាក់ទៀតក្នុងខេត្តនេះ ។ គឹម ឡាង បានបន្តវេនមុខរបរនេះ ពីឪពុករបស់ខ្លួន ដែលប្រកបរបរនេះរយៈពេល៣១ឆ្នាំមកហើយ។ បើតាម គឹមឡាង ក្នុងមួយថ្ងៃ នាងលក់ណែមអស់ចន្លោះពី៤០០០-៥០០០គ្រាប់ ដែលគិតជាទឹកប្រាក់គឺជាង១លានរៀល។
ណែមត្រីដែលកញ្ញាវ័យ២២ឆ្នាំនេះ លក់មានពីរប្រភេទ គឺណែមគ្រាប់តូចមានតម្លៃ២០,០០០រៀល ក្នុងមួយចង្កោម(១០០គ្រាប់) និងគ្រាប់ធំមានតម្លៃ៤០,០០០រៀល ក្នុងមួយចង្កោម(១០០គ្រាប់)។ ទីតាំងលក់ណែមត្រីរបស់ កញ្ញា ទី គឹមឡាង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង-ខេត្តបាត់ដំបង។ ជាទូទៅ គឹមឡាង លក់ណែមគ្រាប់ធំបានចំនួន២០០០គ្រាប់ និងគ្រាប់តូច២០០០គ្រាប់ ឬលើសពីនេះ ក្នុងមួយថ្ងៃ ដែលមានអតិថិជននៅតាមបណ្តាខេត្តនានាបានចូលទិញដោយផ្ទាល់។
«ខ្ញុំធ្វើណែមពីត្រីឆ្តោសុទ្ធដែលខ្មែរយើងចិញ្ចឹម ខ្ញុំមិនធ្វើណែមពីត្រីដែលចិញ្ចឹមនៅថៃទេ។ ក្នុងមួយថ្ងៃខ្ញុំធ្វើណែមអស់ត្រី៣០គីឡូក្រោម ក្នុងតម្លៃ៤២០,០០០រៀល ចំណាយលើថ្លៃឈ្មួល២នាក់ ក្នុងមួយព្រឹក៤០,០០០រៀល និងចំណាយលើការទិញម្ទេស គ្រឿងទេសស្ករ ប៊ិចេង ជាដើម។ ថ្វីដ្បិតការងារនេះ វារវល់តាំងពីព្រឹកទល់ព្រលប់ក៏ពិតមែន ប៉ុន្តែវាក៏បានផ្តល់នូវប្រាក់ចំណេញសមរម្យដល់គ្រួសារខ្ញុំ ហើយក៏បានផ្តល់ឱកាសការងារមួយចំនួនតូចដល់បងប្អូននៅក្នុងភូមិ ដោយពុំបាច់ចំណាកស្រុក ឬទៅធ្វើការងារនៅប្រទេសថៃជាដើម»។ នេះជាការអះអាងរបស់កញ្ញា ទី គឹមឡាង ដែលបានប្រកបរបរធ្វើណែមលក់ បន្តពីឪពុកខ្លួន។
លោក អ៊ឹង ទី ដែលជាឪពុករបស់ កញ្ញា ទី គឹមឡាង បាននិយាយប្រាប់សារព័ត៌មានThmeyThmey25 ថា មុខរបរធ្វើណែមរបស់គ្រួសារលោកនេះ គឺមានអាយុកាល៣ទសវត្ស៍មកហើយ ពោលគឺចាប់តាំងពីជំនាន់ម្ដាយលោក ដែលបានបង្កើតមុខរបរនេះឡើង កាលពីអំឡុងឆ្នាំ១៩៨៨មកម្ល៉េះ។ បើតាមលោក អ៊ឹង ទី ជាប្រចាំថ្ងៃគ្រួសារលោកធ្វើណែមតែ៣០គីឡូក្រោមទេ ប៉ុន្តែក៏មានថ្ងៃខ្លះអស់ត្រី៦០និង៩០គីឡូក្រោមផងដែរ ប្រសិនបើមានអតិថិជនបញ្ជាទិញច្រើននៅកន្លែងលក់ផ្ទាល់ និងនៅតាមខេត្តនានា។ លោក ទី បានអះអាងថា ណែមដែលធ្វើពីសាច់ត្រីឆ្ដោមានរសជាតិឆ្ងាញ់ និងស្វិតជាងត្រីផ្សេងៗ ហើយណែមត្រី ក្រោយវេចខ្ចប់រួច ក្នុងរយៈពេល៣ថ្ងៃគឺអាចយកមកបរិភោគបានហើយ។
លោក អ៊ឹង ទី បាននិយាយដូច្នេះ៖ «មុខរបរធ្វើណែមលក់នេះ ថ្វីដ្បិតវានឿយហត់បន្តិចមែន ប៉ុន្តែវាបានជួយគ្រួសារខ្ញុំឱ្យមានជីវភាពរស់នៅក្នុងកម្រិតល្អប្រសើរមួយ និងបានផ្គត់ផ្គង់កូនៗឱ្យបានរៀនចប់ចុងចប់ដើមផងដែរ។ ខ្ញុំមានកូនស្រី៤នាក់ ក្នុងនោះកូនស្រីបងពីរនាក់រៀនថ្នាក់បរិញ្ញបត្រ មានការងារធ្វើអស់ហើយ និងកូនស្រីពៅ កំពុងសិក្សា។ រីឯ គឹមឡាង ជាកូនស្រីទី៣ របស់ខ្ញុំ គាត់រៀនមិនពូកែ ហើយគាត់ក៏សម្រេចឈប់រៀន មកធ្វើណែមលក់ ដើម្បីបន្តវេនមុខរបរនេះពីខ្ញុំ»៕
Tag:
ណែម
ថ្មីៗ២៥ខេត្ត-ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com