កម្ទេច​ក្រណាត់​តូចៗ​កំពុង​គំរាមកំហែង​ដល់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef នៅ​អូស្ត្រាលី​
អន្តរជាតិ
កម្ទេច​ក្រណាត់​តូចៗ​កំពុង​គំរាមកំហែង​ដល់​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef នៅ​អូស្ត្រាលី​
05, Jul 2019 , 7:59 pm        
រូបភាព
រូបភាព​ដែល​មិន​មាន​កាលបរិច្ឆេទ​មួយ​បង្ហាញ​ពី​ការ​សឹក​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ក្នុង​ប្រទេស​អូស្ត្រាលី។
រូបភាព​ដែល​មិន​មាន​កាលបរិច្ឆេទ​មួយ​បង្ហាញ​ពី​ការ​សឹក​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef ក្នុង​ប្រទេស​អូស្ត្រាលី។
ដោយ: VOA
​ស៊ីដនី ៖ ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជាតិពុល​ដ៏​អាក្រក់​បំផុត​នៅក្នុង​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef​មិនមែនជា​កម្ទេច​ផ្លា​ស្ទិ​ក​តូចៗ​នោះទេ ប៉ុន្តែ​ជា​កម្ទេច​ក្រណាត់​តូចៗ​ហៅថា Microfiber ដែលមាន​ជាតិ​នីឡុង​និង​ស​សៃ​អំបោះ​តូចៗ​។​

 
​ផលប៉ះពាល់​ដែល​ស្ទើរតែ​មិនអាច​មើលឃើញ នៃ​ជាតិពុល​នៃ​ទៅលើ​ត្រី ឬ​មនុស្សជាតិ​នៅ​មិនទាន់​រកឃើញ​នោះទេ ប៉ុន្តែ​ក្រុម​អភិរក្ស​ព្រួយបារម្ភ​ថា វា​នឹង​ប៉ះពាល់​កាន់តែខ្លាំង​ដល់​ថ្ម​ប៉ប្រះ​ទឹក​នៅ​តំបន់​ភូមិភាគ​ឦសាន​របស់​អូស្ត្រាលី​។ ថ្ម​ប៉ប្រះ​ទឹកបាន​រងគ្រោះ​ដោយសារ​ការ​សឹក​ថ្ម ដែល​បង្កឡើង​ដោយ​ការឡើង​កម្តៅ​ទឹកសមុទ្រ ការនេសាទ​ហួសហេតុ និង​ជាតិពុល​ដែល​ហូរ​ចេញពី​កសិដ្ឋាន​ចូលទៅក្នុង​សមុទ្រ​។​
 
​អ្នកស្រី​បណ្ឌិត Frederieke Kroon ជា​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ស្រាវជ្រាវ​មួយ​នៅ​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​វិទ្យាសាស្ត្រ​សមុទ្រ​។​
 
​អ្នកស្រី​បាន​ថ្លែងថា​៖
 
«​គំរូ​ទឹកសមុទ្រ​ទាំងអស់​មាន​កម្ទេច​ផ្លា​ស្ទិ​ក ហើយ​ត្រី​ដែល​យើង​យកមក​ពិសោធន៍​ទាំងអស់​ក៏មាន​កម្ទេច​ផ្លា​ស្ទិ​ក​ដែរ​។ យើង​ឃើញ​មាន​ត្រី​មួយ​មាន​ជាប់​អ្វី​ម្យ៉ាង​ដែល​យើង​ហៅថា កម្ទេច​ក្រណាត់​តូចៗ​។ ត្រី​អាច​គិតថា វា​ជា​អាហារ ប៉ុន្តែ​តាមពិតទៅ ត្រី​ស៊ី​តែ​កម្ទេច​ក្រណាត់​តូចៗ​តែប៉ុណ្ណោះ​។ ដូច្នេះ វា​មិនមាន​សារធាតុ​បំប៉ន​អ្វី​នោះទេ​»​។​
 
​វា​នៅ​មិនទាន់​ច្បាស់​នោះទេ​ថា​តើ កម្ទេច​តូចៗ​ទាំងនោះ​មកពីណា​។ ក្រុម​អ្នកស្រាវជ្រាវ​សង្ស័យថា កម្ទេច​ទាំងនោះ​ស្ថិតនៅលើ​ចរន្តទឹក​សមុទ្រ ជា​កាកសំណល់​ចេញពី​កប៉ាល់ ឬ​ហើរ​តាម​ខ្យល់ ឬ​ហូរ​តាម​ប្រព័ន្ធ​លូ​ចូលទៅក្នុង​សមុទ្រ​។ អ្នកស្រាវជ្រាវ​ជឿថា កម្ទេច​តូចៗ​ទាំងនោះ​អាច​កើតចេញពី​ក្រណាត់ និង​ប្រអប់​កញ្ចប់​ផ្សេងៗ ដែល​បាន​បំបែក​ខ្លួន​នៅក្នុង​សមុទ្រ ហើយ​ក្លាយទៅជា​កម្ទេច​តូចៗ​។​
 
​តំបន់​ថ្ម​ប៉ប្រះ​ទឹក Great Barrier Reef មាន​ទំហំ​ប៉ុន​ប្រទេស​អ៊ីតាលី ឬ​ជប៉ុន​។​
 
​តំបន់​បេតិកភណ្ឌ​ពិភពលោក​នេះ​ជា​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ដ៏​ធំ​បំផុត​នៅលើ​ភពផែនដី និង​មាន​ទំហំ​៣៤៤.០០០ គីឡូម៉ែត្រ​ការ៉េ​។ វា​ធំ​ខ្លាំងណាស់ ដែល​អាច​មើលឃើញ​ពីលើ​អាកា​សបាន​។​
 
​តំបន់​នេះ​ស្ថិតនៅ​ពីមុខ​ឆ្នេរ​ក្នុង​រដ្ឋ Queensland ហើយ​ប្រមូលផ្តុំ​ទៅដោយ​ប្រព័ន្ធ​ថ្ម​ប៉ប្រះ​ទឹក​ចំនួន​៣.០០០ និង​ជា​ជម្រក​សត្វ​និង​រុក្ខជាតិ​អស្ចារ្យ​ជាច្រើន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com