ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ជំនាញ​ក្នុងការ​ការពារ​ខ្លួន​អ្នក​ពី​ជំងឺគ្រុនឈាម​
06, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដូច​អ្នក​ទាំងអស់គ្នា​បានដឹង​រួចមកហើយ​ថា ក្រសួងសុខាភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាកដ​រួច​ថា ក្នុងឆ្នាំនេះ​នឹងមាន​ការផ្ទុះ​ជំងឺគ្រុនឈាម​ទ្រង់ទ្រាយ​ធំ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​តែមាន​ចំនួន​អ្នកជំងឺ​គ្រុនឈាម​យ៉ាងច្រើន​កំពុងតែ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ស្ទើរតែ​គ្រប់កន្លែង​ទាំងអស់​ក្នុងប្រទេស​យើង​។ អ្វីដែល​យើង​បារម្ភ​អំពី​រឿងនេះ​គឺ​ដោយសារតែ​មូស​ខ្លា​ញី​តែម្តង ដែលជា​ប្រភព​ចម្លង​ដ៏​ខ្លាំង​មួយ​តាំងពីដើម​មកម្ល៉េះ​។ ជំងឺគ្រុនឈាម​ត្រូវបាន​សម្គាល់​ដឹង​តាមរយៈ ការឈឺ​សាច់ដុំ ក្តៅខ្លួន អស់កម្លាំង និង​ឈឺខ្លួន​។ ការ​ជាសះស្បើយ​ពី​ជំងឺ​នេះ​ក៏​មិនមែនជា​រឿង​ងាយស្រួល​ដែរ​។ ហេតុដូច្នេះ​ហើយ​យើង​គួរតែមាន​វិធានការ​ការពារ​ជំងឺ​នេះ​ទើប​ជាការ​ល្អ​។

 
​ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​អំពី​គន្លឹះ​ជំនាញ ៥​យ៉ាង​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺគ្រុនឈាម​បាន​៖
 
១. គេង​ក្នុង​មុង​ជានិច្ច​
 
​ចូរ​ចំណាយលុយ​បន្តិចបន្តួច​ដើម្បី​ទិញ​មុង​ដើម្បី​គេង​ព្រោះ​វា​មិនជា​ថ្លៃ​ប៉ុន្មាន​ឡើយ​
​យក​ល្អ​គួរតែ​ទិញ​មុង​ណា​ដែល​ត្រូវ​នឹង​ចំនួន​មនុស្ស​ដែល​ត្រូវ​គេង ដោយ​ធ្វើយ៉ាងណា​កុំ​ឲ្យ​តូច​ពេក ព្រោះ​បើ​តូច​ពេក មូស​នៅតែ​អាច​ខាំ​បាន​នៅពេល​គេង​លក់​ខណៈពេល​ដៃ​ឬ​ជើង​ប៉ះ​ជើងមុង​ពេក​​ចូរ​ព្យាយាម​គេង​ក្នុង​មុង​ទាំងយប់ និង​ថ្ងៃ ព្រោះ​ជំងឺគ្រុនឈាម​មិនមែន​ចម្លង​តែ​ពេលយប់​ឡើយ​។

២. រក្សា​ធុងសំរាម​ក្នុងផ្ទះ​ឲ្យ​ស្អាត​ល្អ ឬ​បិទ​គម្រប​ឲ្យ​បាន​ជិត​ត្រឹមត្រូវ​
 
​ធុងសំរាម​ដែល​ចំហ ហើយ​មាន​មេរោគ​ច្រើន​គឺជា​កន្លែង​ដែល​ទាក់ទាញ​សត្វ​មូស​ខ្លាំងណាស់ ហើយក៏​ងាយ​នឹងធ្វើ​ឲ្យ​អ្នក​ឆ្លង​ជំងឺ​ដោយសារតែ​មូស​ខាំ​ដែរ​។ ការលាង​សម្អាត​ធុងសម្រាម​បាន​ទៀងទាត់ ហើយ​ដាក់​វា​ផ្កាប់​ឲ្យ​ស្ងួត​ជានិច្ច នឹង​អាចជួយ​ការពារ​អ្នក​ពី​ជំងឺ​ដោយសារតែ​មូស​បាន​។ 
 
៣. ស្លៀកពាក់​ខោអាវ​ជើងវែង ដៃ​វែង​
 
​ចាប់តាំងពី​ជើង និង​ប្រអប់ដៃ​គឺជា​គោល​ដ៏​ងាយស្រួល​ក្នុងការ​ខាំ​របស់​មូស មធ្យោបាយ​ដ៏​សាមញ្ញ​បំផុត និង​មាន​ប្រសិទ្ធិភាព​ដើម្បី​ការពារ​ខ្លួន គឺ​ស្លៀកពាក់​ខោ​អាវដៃវែង និង​ជើងវែង ជាការ​ស្រេច​ហើយ​។ 
 
៤. ប្រមូល​ចោល​ឲ្យ​អស់​នូវ​អ្វី​ដែលជា​ប្រភពទឹក​ដក់​
 
​មូលហេតុ​ធំ​បំផុត​សម្រាប់​មេរោគ និង​មូស​ពង​នោះ​គឺ​រដូវភ្លៀង ព្រោះ​ទឹកភ្លៀង​នឹង​បង្ក​ជាការ​ដក​ទឹក​គ្រប់កន្លែង​នៃ​ទីធ្លា​អ្នករស់នៅ ហើយ​វា​ក៏​ជា​កន្លែង​ដែល​មូស​ចូលចិត្ត​ទម្លាក់​ពង​ដើម្បី​បង្កើតជា​កូនចៅ​របស់​វា​ថែមទៀត​ដែរ​។ ហេតុ​ដូច្នេះហើយ វិធី​បង្ការ​ជំងឺគ្រុនឈាម​ដ៏​ល្អ​នោះ​គឺ ត្រូវ​លុបបំបាត់ចោល​ឲ្យ​អស់​នូវ​វត្ថុ​ដែល​អាច​ដក់​ទឹកបាន​ទាំង​ក្នុងផ្ទះ និង​ក្រៅ​ផ្ទះ​។ 
 
៥. ដាំ​រុក្ខជាតិ​សម្រាប់​បណ្តេញ​មូស​
 
​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយទៀត​ក្នុងការ​បណ្តេញ​មូស​កុំ​ឲ្យ​មក​ជិត គឺ​ការដាំ​រុក្ខជាតិ​ដែលមាន​ជំនាញ​ក្នុង​ការបណ្តេញ​សត្វ​មូស​កុំ​ឲ្យ​មក​ជិត​។​រុក្ខជាតិ​ទាំងនោះ​មានដូចជា Tulsi និង​ដើម​ស្លឹកគ្រៃ​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com