ជាតិ
នយោបាយជាតិ
នាយករដ្ឋមន្ត្រី៖ បើដក EBA សមិទ្ធផលដែលអឺរ៉ុបជួយខ្មែរ «គឺដូចអំបិលត្រូវទឹក»
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកម្ពុជា នៅប្រទេសស្វីស នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ បកស្រាយជាថ្មី ពីរឿងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។ សម្តេចនាយករដ្ឋមន្ត្រី នៅតែនិយាយដូចមុនថា កម្ពុជា មិនលន់តួសហភាពអឺរ៉ុប ឲ្យរក្សាទុក EBA នោះទេ បើសហភាពអឺរ៉ុប ចង់ដក។
ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា ទោះជាគ្មាន EBA ក៏កម្ពុជា នៅតែមានសមត្ថភាពបង់ពន្ធ ហើយនៅតែបន្តរកស៊ី និងនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុបដដែល។ ប៉ុន្តែ ប្រមុខរដ្ឋាភិបាល អះអាងថា បើបាត់បង់ EBA មែន ហាក់ដូចជាបាត់បង់អ្វីៗ ដែលសហភាពអឺរ៉ុបធ្លាប់ជួយកម្ពុជា។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«គេត្រូវតែយល់ សមិទ្ធផលដែលអ្នកទាំងឡាយបានជួយខ្ញុំរយៈពេលកន្លងទៅ ដូចជាអំបិលត្រូវទឹក»។
លើសពីនេះ មេដឹកនាំកម្ពុជា ចាត់ទុកការដក EBA ថាដូចជាការរួមចំណែកសម្លាប់ក្រុមអ្នកប្រឆាំង។ មេដឹកនាំរូបនេះ ប្រាប់ទៅសហភាពអឺរ៉ុបថា៖«ខ្ញុំគ្រាន់តែផ្តាំប៉ុណ្ណឹងទេ ព្រោះអ្នកឯង គ្មានសិទ្ធិអ្វីមកនិយាយជាមួយខ្ញុំទៀតទេ»។
យ៉ាងណា សម្តេច ហ៊ុន សែន ប្រកាសថា ខ្លួននៅតែបើកការសន្ទនាជាមួយសហភាពអឺរ៉ុប ពីបញ្ហា EBA ប៉ុន្តែមិនត្រូវដាក់លក្ខខណ្ឌណាមួយ ដែលប៉ះពាល់ ឬរំលោភអធិបតេយ្យរបស់កម្ពុជាឡើយ។ សម្តេច ថ្លែងថា៖«បើគេនៅឲ្យក៏ល្អ តែបើគេយកទៅវិញ អាហ្នឹងក៏យើងមិនដឹងធ្វើម៉េចដែរ»។
ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី បានក្រើនរម្លឹកឲ្យមន្ត្រីរាជការ ពង្រឹងសមត្ថភាព និងខិតខំធ្វើការ ដើម្បីធានាថា សេដ្ឋកិច្ចកម្ពុជាមិនដួលរលំ ពេលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ។ សម្តេច សង្កត់ធ្ងន់ដូច្នេះថា៖«មាន EBA មិនអាចក្លាយជាអ្នកមាន បាត់ EBA ក៏មិនងាប់ដែរ។ តែយើងត្រូវប្រឹងខ្លួនឯងមួយជាពីរ។ អ្វីដែលខ្ញុំបារម្ភ មិនមែនបញ្ហាបាត់ ឬមិនបាត់ EBA ទេ បារម្ភខ្លាចភាពស្ពឹកស្រពន់របស់មន្ត្រីរាជការយើង»៕
© រក្សាសិទ្ធិដោយ thmeythmey.com