ONE Championship
កីឡាជាតិ
ជាតិ
ការប្រកួតនៅសង្វៀនឯកភ្នំ កាន់តែជក់ចិត្ត បន្ទាប់ពីប្តូរទៅវ៉ៃ៣ទឹក តាម ONE
×
អត្ថបទ៖ ស៊ីធី
សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ ឬ (Ek Phnom Kun Khmer Arena) ទាញបានចំណាប់អារម្មណ៍ពីទស្សនិកជន និងអ្នកគាំទ្រជាច្រើន បន្ទាប់ពីផ្លាស់ប្ដូរក្បួនច្បាប់ពី៥ មកត្រឹម៣ទឹកដូច ONE Championship ដែលចាប់ផ្ដើមអនុវត្តន៍ កាលថ្ងៃទី៣០ ខែមិថុនា។ នេះបើតាម លោក Matias Andrés អ្នកគ្រប់គ្រងទូទៅនៅសង្វៀននៅខេត្តបាត់ដំបងនេះ។
ជាមួយគ្នានោះ កីឡាករ ណាម ម៉ូរ៉ាក់ ដែលបង្ហាញវត្តមាន ក្នុងការប្រកួតផ្លាស់ប្ដូរលើកដំបូងបានថ្លែងថា៖«ការវ៉ៃ ៣ ទឹក គឺម្យ៉ាង មិនពិបាកពេក និងមិនស្រួលពេក តែយើងមិនបាច់សន្សំកម្លាំងទេ ហើយប្រើពេលខ្លីក្នុងការស្ទាបស្ទង់។ គេត្រូវការកីឡាករចូលវ៉ៃ និងបុកយកតែម្ដង។ បើយើងមិនដើរចូល វ៉ៃគឺច្បាស់ជាចាញ់ ហើយល្អមើល»។ អ្នកលេងគុនខ្មែរ មកពីក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង វ័យ ២៦ ឆ្នាំរូបនេះ សង្កត់ធ្ងន់ទៀតថា៖«ល្អដែរគោលការណ៍វ៉ៃ ៣ ទឹក គឺគេមិនឲ្យអោបយូរទេ។ ហើយបើវ៉ៃធ្វើអែលៗលំៗ រវល់ដើរថយ អត់វ៉ៃ គឺដឹងតែចាញ់តែម្តង។ គេចង់បានការវ៉ៃល្អមើល ៣ទឹក»។ ណាម ម៉ូរ៉ាក់ បានយកឈ្នះពិន្ទុ កីឡាករ ឆាយ មាស ក្នុងកម្មវិធីប្ដូរមកវ៉ៃ៣ទឹក លើកដំបូងនេះ»។
ងាកមក ឈុំ សារិន មកពីក្លិបរាហូកីឡាខេត្តបាត់ដំបង បានបង្ហើបដែរថា ៖«ការវ៉ៃ៥ទឹក ពេលខ្លះអត់ល្អមើល ព្រោះពេលអស់កម្លាំងដើរលើរេញ។ បើវ៉ៃ ៣ ទឹកយ៉ាងយូរស្ទាបស្ទង់ ១ ទឹក អស់ហើយ។ ក្រៅពីហ្នឹងទឹកទី២ និងទី៣ ចូលបុកយកតែម្ដង»។ អ្នកប្រដាល់វ័យ ២៤ឆ្នាំ ឈុំ សារិន ដែលបច្ចុប្បន្នហាត់ប្រដាល់ផង និងរៀនជំនាញជួសជុលរថយន្តផងនោះ ឈ្នះពិន្ទុ មិល សារិន ក្នុងការប្រកួត ៣ ទឹក កាលថ្ងៃអាទិត្យកន្លងទៅ។
លោក Matias Andrés បានបង្ហាញភាពរីករាយ ដែលបានរៀបចំ និងផ្លាស់ប្ដូរគោលការណ៍ប្រកួត បានជោគជ័យ ដោយមានការជ្រោមជ្រែងពីសំណាក់ភាគីពាក់ព័ន្ធ រួមទាំងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងការយកចិត្តទុកដាក់គាំទ្រពីលោក ហេង តុលា។ លោកគូសបញ្ជាក់ថា៖«ខ្ញុំសប្បាយក្រៃលែង ដែលកីឡាករទាំងអស់ ធ្វើបានល្អក្នុងថ្ងៃរៀបចំដំបូង ហើយកីឡាករមួយចំនួន ទទួលបានប្រាក់រង្វាន់បន្ថែម ព្រោះវ៉ៃដៃគូឲ្យសន្លប់ និងមានរង្វាន់មួយចំនួនដល់អ្នកឈ្នះផងដែរ»។
យ៉ាងណាក្ដីនេះ ជាការចាប់ផ្ដើមដំបូង ខណៈកីឡាករមួយចំនួ ននៅមិនទាន់សុំានឹងការវ៉ៃ៥ ទឹក ហើយពួកចាប់ផ្ដើមដំបូងយឺត និងបញ្ចប់ទៅយឺត ប៉ុន្តែគោលការណ៍របស់សង្វៀន ចង់ឲ្យវ៉ៃល្អមើល និងរំភើបដល់អ្នកគាំទ្រ។ លោកសង្កេតឃើញថា ការដាក់ពិន្ទុពីចៅក្រម ឬគណៈកម្មការរៀបចំការប្រកួត មិនមានបញ្ហាចោទទេ ពោលដំណើរការដោយរលូន ព្រោះលោកយល់ច្បាស់ និងមានឆន្ទៈ ដើម្បីសម្របខ្លួនទៅរកកម្រិតឆាកអន្តរជាតិ។ បុរសសញ្ជាតិឈីលីរូបនេះបន្ថែមថា នេះជាការផ្លាស់ប្ដូរតិចតួច ហើយចៅក្រមសុទ្ធតែអ្នកជំនាញ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ទីបំផុតគ្រប់ចៅក្រម និងគណៈកម្មការរៀបចំការប្រកួតទាំងអស់ធ្វើបានល្អណាស់។
លោកបានថ្លែងអំណរគុណដល់កីឡាករ អ្នកគាំទ្រ និងអ្នកបានចូលរួម ក្នុងសកម្មភាពបំផុសគុនខ្មែរនេះ ក៏ដូចជាការគាំទ្រយ៉ាងសកម្មនៅលើ ហ្វេសប៊ុកផ្លូវការរបស់«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ»។ ដើម្បីតបស្នងនឹងការគាំទ្រនេះ សង្វៀនដែលកំពុងទទួលបានប្រជាប្រិយភាព នឹងរៀបចំព្រឹត្តិការណ៍អស្ចារ្យ ពោលមានវត្តមានកីឡាការិនីឆ្នើម នៅ ស្រីពៅ និងជើងខ្លាំង គង់ សំបូរ ឡើងប្រកួតនៅថ្ងៃទី ១៤ ខែ កក្កដា ខាងមុខ។
អ្នកគ្រប់គ្រងដែលចូលកាន់តំណែងជាង ៣ ខែមកនេះ រំពឹងថា កីឡាករគុនខ្មែរទាំងអស់ នឹងបន្សាំខ្លួន ទៅនឹងការប្រកួត ៣ ទឹកបានយ៉ាងល្អ ហើយនេះជាជំហានដំបូង សម្រាប់គុនខ្មែរជំនាន់ក្រោយ ក្នុងគោលដៅចែករំលែកវប្បធម៌ និងមោទកភាពជាំតិខ្មែរ ទៅកាន់ពិភពលោក។
ស្ថិតនៅខេត្តបាត់ដំបង«សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» ត្រូវបានសម្ពោធដាក់ឲ្យប្រកួតជាផ្លូវការ នៅដើមខែកុម្ភៈ ឆ្នាំ២០១៩។ កីឡាករ និងក្លិបប្រដាល់នៅខេត្តបាត់ដំបង ក៏កំពុងតែអភិវឌ្ឍខ្លួនឈានឡើងកម្រិតខ្ពស់មួយបន្ថែមទៀត បន្ទាប់ពីវត្តមានសង្វៀនល្បី ក្នុងស្រុកមួយនេះ។ «សង្វៀនប្រដាល់គុនខ្មែរឯកភ្នំ» សម្រេចប្ដូរគោលការណ៍ពីការប្រកួត ៥ទឹក មក ៣ ទឹក កាលថ្ងៃទី ៣០ មិថុនា និងបន្តដំណើរទៅមុខទៀត។ នេះជាគោលដៅ ដើម្បីឲ្យកីឡាករសុំា និងអាចប្រកួតបានល្អ នៅសង្វៀនអន្តរជាតិ ONE Championship៕
© រក្សាសិទ្ធិដោយ thmeythmey.com