ជាតិ
សង្គមជាតិ
ពិព័រណ៍​រូបថត​«​ទឹកជា​ជីវិត​»​បង្ហាញ​ពី​កង្វះ​ទឹកស្អាត​ប្រើប្រាស់​របស់​ពលរដ្ឋ​នៅ​តំបន់​ដាច់ស្រយាល​
06, Jul 2019 , 11:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រូបថត​ប្រមាណ ១១៥​សន្លឹក ត្រូវបាន​យុវជន​ចំនួន​១១​នាក់ ដែល​ស្ថិតនៅក្នុង​សហគមន៍ ខុសៗ​គ្នា​នៅ​កម្ពុជា យកមក​តាំង​បង្ហាញ​នៅ​ពិព័រណ៍​ក្រោម​ប្រធានបទ «​ទឹកជា​ជីវិត​៖​គ្មាន​នរណាម្នាក់​ត្រូវបាន​ទុកចោល​»​។ ពិព័រណ៍​នេះ រៀបចំ​ដោយ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អង្គការ​វ័ត​ធឺ​អេ​ត​កម្ពុជា នៅ​មជ្ឈមណ្ឌល​បុ​ប្ឆា​ណា ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៧ ខែកក្កដា​។ តាំងពិព័រណ៍​រូបថត​ទាំងនេះ បង្ហាញ​ពី​ស្ថានភាព​ជាក់ស្តែង និង​បញ្ហា​ប្រឈម ទាក់ទង​នឹង​ទឹក និង​ជីវិត ដែល​កើត​មាននៅ​សហគមន៍​ដាច់​ស្រ​យោល​បំផុត​ក្នុងប្រទេស​កម្ពុជា​។


 
​លោក ទ្រី មេ​ង រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ថា ការតាំងពិព័រណ៍​រូបថត​ដែល​ទាក់ទង​នឹង ទឹកជា​ជីវិត គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល ដែល​ជួបប្រទះ​ពី​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ និង​ស្រោចស្រព​ដំណាំ​ភោគផល​។ ការរៀបចំ​ឲ្យ​មានការ​តាំងពិព័រណ៍​នេះ គឺ​ក្នុង​បំណង​ឲ្យ​យុវជន ដែល​រស់​នៅតាម​តំបន់​ណាមួយ រៀបរាប់​នូវ​បញ្ហា​ព្រឹត្តិការណ៍​ជាក់ស្តែង​ណាមួយ តាមរយៈ​រូបថត​ដែល​ពួកគេ​បាន​ថត​។ 


 
​រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​រូប​នេះ អះអាងថា កន្លងមក​រាជរដ្ឋាភិបាល មាន​យុទ្ធសាស្ត្រ​ផ្គត់ផ្គង់​ទឹកស្អាត​ជនបទ​ឲ្យ​បាន​យ៉ាងហោចណាស់​៥០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៥ ជា​លទ្ធផល​នៅ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៦ សម្រេចបាន​៦០​ភាគរយ​។ ក្រសួង​នឹងមាន​យុទ្ធសាស្ត្រ​សម្រេច​ឲ្យ​បាន​៩០​ភាគរយ​សម្រាប់​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ឆ្នាំ​២០២៥​។ ដើម្បី​សម្រេចបាន​យុទ្ធសាស្ត្រ​នេះ ក្រសួង​បានដាក់​ចេញ​ផែនការ​មួយចំនួន​ដូចជា គោលការណ៍​គិតគូរ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ប្រជាជន​ដែល​ងាយ​រងគ្រោះ ជន​ដែលមាន​ពិការភាព ប្រជាជន​ដែល​រស់នៅ​តំបន់​ប្រឈម និង​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។​
 
​លោក ម៉ក់ រ៉េមី​ស្សា អ្នក​ថតរូប​អាជីព និង​ជា​អ្នក​បណ្តុះបណ្តាល​ផ្នែក​ថតរូប ដល់​យុវជន​ទាំង​១១​នាក់ បាន​និយាយថា រូបថត​ពិតជា​មា​នស​ក្តា​នុព​ល ដើម្បី​បង្ហាញ​ពី​រឿងរ៉ាវ​អ្វីមួយ​ដែល​កើតឡើង​សម្រាប់​រក​ដំណោះស្រាយ និង​អត្ថន័យ​របស់​វា​។ សម្រាប់​លោក ម៉ក់ រ៉េមី​ស្សា លោក​ចង់​ឲ្យ​យុវជន​ជំនាន់​ក្រោយ ស្រឡាញ់​អាជីព​ជា​អ្នក​ថតរូប ដើម្បី​សិក្សា​ពី​ជំនាញ​ថតរូប និង​បង្ហាញ​ពី​អត្ថន័យ​នៃ​រូបថត​។ លោក ក៏​ចង់​ឲ្យ​ក្រសួង​នានា​រៀបចំ ការតាំងពិព័រណ៍​បែបនេះ ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែល​ស្រឡាញ់​វិស័យ​ថតរូប ចូលរួម​អភិវឌ្ឍ​វិស័យ​ថតរូប​នៅ​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង​។ 


 
​រូបថត​១០​សន្លឹក ដែល​បង្ហាញ​ពី​ការប្រើប្រាស់​ទឹកស្អាត​នៅតាម​សាលារៀន គឺជា​ស្នាដៃ​របស់​យុវជន យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ឹម មកពី​ខេត្ត​ត្បូងឃ្មុំ ដែល​ថត​បាន​នៅក្នុង​តំបន់​ដែល​ខ្លួន​រស់នៅ​។ យុវជន​រូបនេះ​បាន​និយាយថា ខ្លួន​ជ្រើសរើស​រូបថត​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​ទឹកស្អាត​នៅតាម​សាលារៀន ព្រោះ​ទឹកជា​ជីវិត សម្រាប់​ផ្គត់ផ្គង់​ដល់​សិស្សានុសិស្ស​។ រូបថត​ដែល​លោក​តាំង​បង្ហាញ​នេះ លោក​ចង់​ឲ្យ​អង្គការ​នានា ជួយ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​សហគមន៍ ក៏ដូចជា​តាម​សាលារៀន ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​។  
 
​ទើបតែ​ប្រឡូក​ចូលក្នុង​វិស័យ​ថតរូប​រយៈពេល​១​ឆ្នាំ លោក យូ​សុះ អាប់​ឌុល​រ៉ា​ស់​ហ៊ឹម ចង់​បង្កើត​រូបថត​ជាច្រើន​ទៀត ដែល​ទាក់ទង​នឹង​បញ្ហា​បារី ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន បានឃើញ​ពី​ស្ថានភាព និង​បញ្ហា​ប្រឈម​នៃ​ការប្រើប្រាស់​បារី​។ ទន្ទឹមនឹងនេះ អ្នក​ខេត្ត​ត្បូងឃ្មុំ​រូបនេះ នឹងចូលរួម​ការតាំង​ពិព័រណ៍​រូបថត​នៅ​ថ្ងៃមុខ​ទៀត ដើម្បី​បង្ហាញ​ស្នាដៃ​ដែល​ខ្លួន​បាន​ថត ទៅ​ឲ្យ​មហាជន និង​ជនបរទេស​បាន​ស្គាល់​ផងដែរ​។  
 
​ម្ចាស់​ស្នាដៃ​រូបថត​ម្នាក់ទៀត គឺ​កញ្ញា ផល ករុណា ជា​អ្នករស់នៅ​ខេត្តកណ្តាល​។ ករុណា មាន​រូបថត​៩ សន្លឹក រៀបរាប់​ពី​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​នៅតាម​ដង​ទន្លេមេគង្គ​។ តាម​ម្ចាស់​ដៃ​រូបនេះ រូបថត​ដែល​នាង​យកមក​ដាក់​បង្ហាញ គឺ​ដើម្បី​បង្ហាញថា ពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ មានទឹក​ប្រើប្រាស់​គ្រប់គ្រាន់ ប៉ុន្តែ​ពួកគេ​មិនបាន​ប្រើប្រាស់​ទឹក និង​ថែរក្សា​ឲ្យ​បាន​ត្រឹមត្រូវ​នៅឡើយ​។ មូលហេតុ​មួយទៀត គឺ​ករុណា ចង់​ឲ្យ​ពលរដ្ឋ​មាន​ស្មារតី  និង​គិតគូរ​ឡើងវិញ​ពី​ការ​ចោល​សំរាម​ទៅក្នុង​ទឹកទន្លេ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ទឹក និង​សុខភាព តាមរយៈ​រូបថត​របស់ខ្លួន​។ កញ្ញា​បញ្ជាក់ថា​៖«​ខ្ញុំ​ចំណាយពេល​៥​ថ្ងៃ ដើម្បី​ផ្តិត​យក​រូបភាព និង​ស្ថានភាព​ការរស់នៅ របស់​ពលរដ្ឋ​តាម​ដង​ទន្លេមេគង្គ​។ វា​ពិតជា​បានធ្វើ​ឲ្យ​ខ្ញុំ​ឃើញ និង​យល់​កាន់តែច្បាស់ ពី​បញ្ហា​ដែល​ពលរដ្ឋ​កំពុង​ប្រឈម​។​


 
​របាយការណ៍​ស្តីពី​ការអង្កេត​សេដ្ឋកិច្ចសង្គម​ឆ្នាំ​២០១៧ បាន​បង្ហាញថា បច្ចុប្បន្ន​កម្ពុជា ជួប​បញ្ហា​កង្វះ​ទឹកស្អាត​ប្រើប្រាស់ ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។ តាម​ការប៉ាន់ប្រមាណ ៤០​ភាគរយ​នៃ​ប្រជាជន​សរុប​មិនទាន់​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ និង​ប្រមាណ ២៩​ភាគរយ មិនទាន់មាន​បង្គន់​ប្រើប្រាស់​នៅឡើយ​៕  










 

Tag:
 តាំងពិព័រណ៍​
  ទឹក​
 ​រូបថត​
  ជនបទ
© រក្សាសិទ្ធិដោយ thmeythmey.com