ជាតិ
សុខភាព
អេត្យូពី និងកម្ពុជា កាត់បន្ថយការបន្ទោបង់ពាសវាលពាសកាលរហូតដល់ទៅជាង៥០ភាគរយ
× អេត្យូពី និងកម្ពុជា កំពុងឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDGs) ឆ្នាំ២០៣០ ពិសេសគោលដៅទី៦ស្តីពីទឹកស្អាត និងអនាម័យ។ របាយការណ៍រួម JMP បានបង្ហាញថា ការបន្ទោបង់ពាសវាលពាសកាល (Open Defecation) នៅប្រទេសទាំងពីរនេះ ថយចុះរហូតដល់ទៅជាង៥០ភាគរយ ចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧។
អេត្យូពី និងកម្ពុជា ឈានមុខគេលើករណីនេះ ដោយនៅអេត្យូពី ការបន្ទោបង់ពាសវាលពាសកាល ថយចុះរហូតដល់ទៅ៥៧ភាគរយ ខណៈកម្ពុជាថយចុះ៥៣ភាគរយ។ ១៤ប្រទេសផ្សេងទៀត ក៏មានអត្រាថយចុះដ៏គួរឲ្យកត់សម្គាល់ផងដែរ ដោយឥណ្ឌា ណេប៉ាល់ និងឡាវ ថយចុះជាង៤០ភាគរយ ម៉ូសំប៊ិក សូម៉ាលី កាប់វែរ និងប៉ាគីស្ថាន ថយជាង៣០ភាគរយ។
បណ្តាប្រទេសដែលមានអត្រាបន្ទោបង់ពាសពាសកាលថយចុះជាង២០ភាគរយរួមមាន ស៊ូដង់ បួគីណាហ្វាសូ ម៉ូរីតានី សៅតូម៉េនិងប្រាំងស៊ីប អង់ហ្គោឡា ឥណ្ឌូណេស៊ី និងគីរីបាទី។ ជាមួយគ្នានេះ ប្រទេសចំនួន២៣មានអត្រាបន្ទោបង់ពាសវាលពាសកាលក្រោម១ភាគរយ និងស្ទើរតែគ្មានទាំងស្រុង។
របាយការណ៍បានបង្ហាញផងដែរ តំបន់អឺរ៉ុប អាមេរិកខាងជើង អូស្ត្រាលី និងនូវែលសេឡង់ មិនមានករណីបែបនេះឡើយ ខណៈអនុតំបន់សាហារ៉ាអាហ្វ្រិក អាស៊ីកណ្តាល និងអាស៊ីខាងត្បូង បណ្តាប្រទេសតំបន់កោះ និងប្រទេសអភិវឌ្ឍន៍តិច មានករណីបន្ទោបង់ពាសវាលពាសកាលចន្លោះពី១៨ ទៅ២០ភាគរយ។ ក្នុងចំណោមនោះ បណ្តាប្រទេសនៅអាស៊ីកណ្តាល និងខាងត្បូង ថយចុះរហូតដល់ទៅ៣៩ភាគរយចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៧។
បច្ចុប្បន្នប្រទេសមានអត្រាបន្ទោបង់ពាសវាលពាសកាលច្រើនជាងគេ គឺ ឆាត បេណាំង កោះសូឡូម៉ុង ម៉ូរីតានី អេត្យូពី អង់ហ្គោឡា ហៃទី ស៊ីមបាវ៉េ ឡាវ និងទីម័រខាងកើត។ មិនខុសពីកម្ពុជានោះឡើយ វៀតណាម ក៏ជាប្រទេសមួយដែលមានអត្រាថយចុះការបន្ទោបង់ពាសវាលពាសកាល ប៉ុន្តែតំបន់ក្រីក្រនៅតែជាបញ្ហាប្រឈាមដ៏ធំ។
ចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០៣០ គេរំពឹងថា កម្ពុជានឹងស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាបន្ទោបង់ពាសវាលពាសកាលក្រោម១ភាគរយ ឬស៊ឹងតែគ្មាន។ ប្រទេសផ្សេងទៀតរួមមាន ឥណ្ឌា អេត្យូពី ឡាវ កាប់វែរ ប៉ូលីវី ប៉ាគីស្ថាន ឥណ្ឌូណេស៊ី ម៉ារ៉ុក ម៉ាលី អ៊ីស្វាទីនី ប៉េរូ នីការ៉ាហ្គោ ហុងឌូរ៉ាស ម៉ាឡាវី អ៊ូហ្គង់ដា និងហ្វីលីពីន។
កោះសូឡូម៉ុង ឆាត និងនីហ្សេ នៅតែមានអត្រាជាង៥០ភាគរយ រីឯប្រទេសចន្លោះពី ២៥ ទៅ៥០ភាគរយ រួមមាន បេណាំង ណាមីប៊ី សៅតូមេនិងប្រាំងស៊ីប បួគីណាហ្វាសូ ម៉ាដាហ្គាស្កា និងលីបេរី៕
Tag:
អនាម័យ
បង្គន់
Open Defecation
© រក្សាសិទ្ធិដោយ thmeythmey.com