ជាតិ
បាក់ឌុប
វីដេអូ
បាក់​ឌុប​៖«​អក្សរសាស្ត្រ​ខ្មែរ​» មិន​គណនា​ដូច​«​គណិតវិទ្យា​» តែ​ត្រូវ​ចេះ​ក្បួន​សរសេរ​ទើប​ជាប់​!
06, Jul 2019 , 12:49 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ ទទួលបាន​ពិន្ទុសរុប​៧៥ ដែលមាន​រយៈពេល​៩០​នាទី សម្រាប់​សិស្សានុសិស្ស​ដោះស្រាយ​នូវ​សំណេរ​តែមួយ​មុខ​ប៉ុណ្ណោះ ដោយ​មិនមាន​លំ​ហាត់​វេយ្យាករណ៍ ឬ​សំណួរ​អ្វី​ឡើយ​។ បើទោះបី​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ មានតែ​សំណេរ​តែងសេចក្ដី​មួយ​មុខ​ក្ដី ក៏​មិនមែន​មានន័យថា ងាយស្រួល​សម្រាប់​សិស្សានុសិស្ស​ដែរ​។ សិស្សានុសិស្ស​ដែល​ប្រឡង ត្រូវ​ចេះ​នូវ​វិធីសាស្ត្រ និង​ក្បួន​នៃ​ការសរសេរ​សំណេរ​ឲ្យ​ច្បាស់លាស់ ជាពិសេស​ត្រូវ​ស្វែងយល់​ពី​អក្សរសិល្ប៍ និង​ចំណេះដឹង​ទូទៅ ទើប​អាច​សរសេរ​សំណេរ​បាន​។ ទាំងនេះ​ជាការ​បញ្ជាក់​របស់លោក ជុំ ច័ន្ទ​មុនី សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ សម្ដេច ហ៊ុន សែន ភ្នំពេញ​ថ្មី នា​រាជធានី​ភ្នំពេញ​។​



​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ជុំ ច័ន្ទ​មុនី សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​ដូចតទៅ​៖ 
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ជុំ ច័ន្ទ​មុនី សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​បើ​យើង​គិតថា តែងសេចក្ដី​តែមួយ អ្នកខ្លះ​គិតថា​ងាយ ប៉ុន្តែ ដល់ពេល​យើង​ចាប់ផ្ដើម​ឲ្យ​គាត់ (​សិស្ស​) សរសេរ គាត់​សរសេរ​មិនត្រូវ​។ ខ្ញុំ​គិតថា​មុខវិជ្ជា​នេះ មិន​ងាយ​ទេ​។ សិស្ស​ចេះ​វិធីសាស្ត្រ​ក្នុងការ​តែងសេចក្ដី មិនទាន់​គ្រប់គ្រាន់​ទេ សិស្ស​ត្រូវ​ចេះ​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​បញ្ហា​សង្គម និង​ស្នាដៃ​អក្សរសិល្ប៍​នានា​។ បើ​សិស្ស​ចេះអក្សរ​សិល្ប៍ និង​បញ្ហា​សង្គម​មិន​ច្បាស់ ហើយ​ចេះតែ​វិធីសាស្ត្រ នោះ​មិនមាន​គំនិត​សរសេរ​ទេ​»​។ 
 
​ដើម្បី​អត្ថាធិប្បាយ​លើ​សំណេរ​តែងសេចក្ដី​បាន សិស្សានុសិស្ស ត្រូវ​ចេះ​វិធីសាស្ត្រ​តែងសេចក្ដី​ជាមុនសិន​។ លោក​សាស្ត្រាចារ្យ ជុំ ច័ន្ទ​មុនី បញ្ជាក់ថា​៖ «​ក្បួន​ក្នុង​សំណេរ​តែងសេចក្ដី​មានដូចជា សេចក្ដី​ផ្ដើម​, តួ​សេចក្ដី និង​សេចក្ដី​បញ្ចប់​។ ហើយ​ក្នុង​សេចក្ដី​ផ្ដើម មាន​លំនាំ​បញ្ហា​, ចំណូល​បញ្ហា និង​ចំណោទបញ្ហា​។ ចំណែកឯ​តួ​សេចក្ដី​វិញ មាន​ឃ្លា​ភ្ជាប់​សេចក្ដី​, ពន្យល់​ពាក្យ​, ពន្យល់​ន័យ​ប្រធាន​, បំណកស្រាយ​ប្រធាន និង​មតិ​សរុប​»​។ 
 
​ក្នុង​សំណេរ​តែងសេចក្ដី មាន​ប្រធាន​ចំនួន​៣​ប្រភេទ គឺប្រធាន​បែប​ពន្យល់​, បែប​ពិភាក្សា និង​បែប​ប្រៀបធៀប​។ បើតាម​លោក​សាស្ត្រាចារ្យ ជុំ ច័ន្ទ​មុនី ក្នុង​ដំណើរ​ការប្រឡង​នៅ​ឆ្នាំ​កន្លងទៅ ក្រសួង​អប់រំ តែង​ចេញ​ប្រធាន​បែប​ពន្យល់​។ បើទោះបី​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្លាប់​ចេញ​សំណេរ​បែប​ពន្យល់​ច្រើន​ឆ្នាំ​ក៏ដោយ សម្រាប់​លោក​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ​រូបនេះ បង្រៀន​ពី​ប្រធាន​បែប​ពិភាក្សា និង​ប្រៀបធៀប​ដល់​សិស្ស​ផងដែរ​។ 
 
​សូមបញ្ជាក់ថា សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែសីហា ខាងមុខនេះ ដោយមាន​បេក្ខជន​ប្រឡង​ទូទាំង​រាជធានី​-​ខេត្ត ជិត​១២​ម៉ឺន​នាក់​។  ក្នុង​ដំណើរ​ការប្រឡង​នេះ មាន​មណ្ឌល​ប្រឡង​ចំនួន ២០២​មណ្ឌល ដោយ​ចែកចេញជា​៤.៨០៩​បន្ទប់​៕
 

Tag:
 បាក់​ឌុប​
  អក្សរសាស្ត្រ​ខ្មែរ​
  សំណេរ​
  ជុំ ច័ន្ទ​មុនី​
  ភ្នំពេញ​ថ្មី​
  សំណេរ​
  តែងសេចក្ដី​
© រក្សាសិទ្ធិដោយ thmeythmey.com