ជាតិ
បាក់ឌុប
បាក់​ឌុប​៖​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ រៀបចំ​វគ្គ​បំប៉ន​ត្រៀមប្រឡង​ឥតគិតថ្លៃ​តាម​អន​ឡាញ​
06, Jul 2019 , 1:29 pm        
រូបភាព
រូបភាពពី​ទំព័រហ្វេសប៊ុកវគ្គបំប៉ន (BacII)
រូបភាពពី​ទំព័រហ្វេសប៊ុកវគ្គបំប៉ន (BacII)
​ភ្នំពេញ​៖​សហ​ភា ព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា នឹង​រៀបចំ​វគ្គ​បំប៉ន​តាម​អន​ឡាញ​លើ​មុខវិជ្ជា ចំនួន​៥ រួមមាន​អក្សរសាស្ត្រ​ខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា​។ វគ្គ​បំប៉ន​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​៨ ខែកក្កដា ដល់​ថ្ងៃទី​១៨ ខែសីហា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​រាជធានី​ភ្នំពេញ​។


 
​តាម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ វគ្គ​បំប៉ន​ត្រៀមប្រឡង​តាម​អន​ឡាញ​នេះ នឹង រួមចំណែក​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​ចំណេះដឹង និង​គុណភាព ស្រប​ពេលដែល​ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី ១៩ សីហា​ខាងមុខ​។ វគ្គ​បំប៉ន​នេះ នឹង​ផ្សាយ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ និង​តាម​ប្រព័ន្ធ E-School Cambodia​ផងដែរ​។ 
 
​តាម​សេចក្ដីជូនដំណឹង​ដដែល នេះ​គឺជា​ដំបូង​ហើយ ដែល​ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ រៀបចំ​វគ្គ​បំប៉ន​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស អាច​រៀនសូត្រ​បាន​តាមរយៈ​ទូរ​សព្ទ​ដៃ ជាពិសេស​ចំណេញ​ពេលវេលា និង​មិន​ចំណាយ​ថវិកា​។ តាមរយៈ​វគ្គ​បំប៉ន​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ សិស្សានុសិស្ស អាច​សួរ​សំណួរ​បាន​យ៉ាង​ស្រួល និង​បាន​សិក្សា​ជាមួយ​លោកគ្រូ អ្នកគ្រូ ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ផងដែរ​។ 
 
​លោកគ្រូ​អ្នកគ្រូ ដែល​ចូលរួម​បំប៉ន​តាម​ប្រព័ន្ធ​អន​ឡាញ​រួមមាន លោកគ្រូ នាង បូ​, លោកគ្រូ សុខ ធី​, លោកគ្រូ ឡុង សារិន​, លោកគ្រូ កែវ ណារិន​, លោកគ្រូ ជ័យ ថា​វី​, លោកគ្រូ ងិន ណៃ​ស៊​ត​, លោកគ្រូ ទាង ប៉ាង​, លោកគ្រូ ឡាវ ចន្ថា​, លោកគ្រូ ធូ ភន និង​អ្នកគ្រូ ម៉ៅ វ​ណ្ណី​៕

Tag:
 សស​យក​
  បាក់​ឌុប​
  វគ្គ​បំប៉ន​
  អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com