អន្តរជាតិ
UN អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​នៅ​លី​ប៊ី ក្រោយ​មនុស្ស​១០០០​នាក់​បាន​ស្លាប់​
06, Jul 2019 , 1:59 pm        
រូបភាព
​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៥ ខែកក្កដា បាន​អំពាវនាវ​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​ភាគី​ជម្លោះ​នៅ​លី​ប៊ី ដែល​ស្លាប់​មនុស្ស​អស់​មួយ​ពាន់​នាក់​តាំងពី​ខែមេសា​មក​។ ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ទ័ព​របស់​សេនាប្រមុខ ខា​លី​ហ្វា ហា​ហ្វ​តា និង​កងទ័ព​រដ្ឋាភិបាល​រួបរួម​ដែល​ទទួលស្គាល​អង្គការ​សហប្រជាជាតិ កំពុងតែ​រុញ​ប្រទេស​អាហ្វ្រិក​ខាងជើង​មួយ​នេះ​ឲ្យ​ធ្លាក់ចូល​វិបត្តិ​ដែល​ពិបាក​រក​ច្រកចេញ​។

 
​បី​ខែក្រោយ​ការបើក​ប្រតិបត្តិការ​សឹក​ដណ្ដើម​ទីក្រុង​ទ្រី​ប៉ូ​លី​របស់​កម្លាំង​ទ័ព​គាំទ្រ​ឧ​ត្ត​ម​សេនីយ៍ ខា​លី​ហ្វា ហា​ហ្វ​តា មនុស្ស​មួយ​ពាន់​នាក់ ត្រូវបាន​សម្លាប់​រាប់ទាំង​មនុស្ស​មួយចំនួន​ដែល​ស្លាប់​ក្នុងការ​វាយប្រហារ​ដែន​អាកាស​លើ​មន្ទីរឃុំឃាំង​ជនភៀសខ្លួន​មួយ​កាលពីដើម​សប្ដាហ៍​នេះ​ផង​។ បើតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ជាង​ប្រាំ​ពាន់​នាក់​ទៀត បាន​រងរបួស​ក្នុងការ​ប៉ះទង្គិច​រវាង​កម្លាំង​ទ័ព​លោក ហា​ហ្វ​តា និង​យោធា​ភាគ​ខាងលិច​ប្រចាំ​ទីក្រុង​ទ្រី​ប៉ូ​លី​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ថ្ងៃទី​៥ ខែកក្ដា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ការវាយប្រហារ​លើ​កន្លែង​ឃុំឃាំង​ជនអន្តោប្រវេសន៍ ដែល​បច្ចុប្បន្ននេះ​រកមុខ​អ្នកទទួលខុសត្រូវ​មិនទាន់​ឃើញ​នៅឡើយ ហើយក៏​ស្នើ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា និង​បង្កើត​បទ​ឈប់​បាញ់​មួយ​។ ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​លី​ប៊ី​ទាំងពីរ​នេះ ក៏​បង្ខំ​ឲ្យ​ប្រជាជន​ច្រើនជាង​មួយ​ម៉ឺន​នាក់ រត់​ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព​ផងដែរ​។​
 
​លោក ហា​ហ្វ​តា ដែល​គ្រប់គ្រង​ភាគ​ខាងកើត​លី​ប៊ី បាន​បើក​ប្រតិបត្តិ​យោធា​មួយ​ក្នុង​ខែមេសា​ដើម្បី​ដណ្ដើម​ទីក្រុង​ទ្រី​ប៉ូ​លី​ពី​រដ្ឋាភិបាល​រួបរួម​ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​បី​ខែ​មកនេះ មិន​កំណត់​ឈ្នះ​ចាញ់​នៅឡើយ ខណៈ​អន្តរជាតិ​នៅតែ​បន្ត​គាំទ្រ​អាជ្ញាធរ​ក្រុង​ទ្រី​ប៉ូ​លី ហើយ​ប្រាប់​ឲ្យ​លោក ហា​ហ្វ​តា ផ្អាក​យុទ្ធនាការ​ជាបន្ទាន់​។ អាមេរិក និង​រុស្ស៊ី​ជា​មហាអំណាច​ពីរ​ដែល​មិនបាន​ថ្កោលទោស​លោក ហា​ហ្វ​តា ។​
 
​រដ្ឋាភិបាល​ក្រុង​ទ្រី​ប៉ូ​លី បាន​ចោទ​កម្លាំង​លោក ហា​ហ្វ​តា ថា នៅ​ពីក្រោយ​ការវាយប្រហារ​លើ​ជំរំ​ជនភៀសខ្លួន​ដែល​សម្លាប់​មនុស្ស​ជាង​៥០​នាក់​។ អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​មានការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​ហេតុការណ៍​វាយប្រហារ​នេះ​។ ប្រធានាធិបតី​តួ​ក​គី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ដែល​គាំទ្រ​រដ្ឋាភិបាល​រួបរួម​ជាតិ​របស់​នាយករដ្ឋមន្ត្រី Fayez al-Sarraj  បាន​ប្រាប់​ឲ្យ​លោក ហា​ហ្វ​តា បញ្ចប់​ប្រតិ​ប​តិ​ការខុសច្បាប់​របស់ខ្លួន​។​
 
​អង្គការសហប្រជាជាតិ និង​ក្រុម​មនុស្សធម៌​នានា តែង​បង្ហាញ​ពី​ក្ដីបារម្ភ​របស់ខ្លួន​ជុំវិញ​សុវត្ថិភាព​ពលរដ្ឋ​អំឡុងពេល​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ទ័ព​ភាគ​កើត និង​ភាគ​លិច​នៅ​លី​ប៊ី ពិសេស​សុវត្ថិភាព​រប​ស់ជន​អន្តោប្រវេសន៍​រាប់ពាន់នាក់​ដែល​ស្នាក់​ជំរំ​នានា​។ លី​ប៊ី គឺជា​ច្រក​ឆ្លងកាត់​ដ៏​សំខាន់បំផុត​មួយ​របស់​ជនភៀសខ្លួន​មកពី​ប្រទេស​អាហ្វ្រិក​នានា​ដែល​ស្វែ​ករក​អនាគត​ល្អប្រសើរ ហើយ​គោលដៅ​ធំចម្បង​របស់​ពួកគេ គឺ​តំបន់​អឺរ៉ុប​តែម្ដង​៕
 

Tag:
 UN
  លី​ប៊ី
© រក្សាសិទ្ធិដោយ thmeythmey.com