ក្រឹមក្រាញ់ក្រុសក្រាយស្តាយលែងស្តី ឆ្ពិនឆ្កោកឈ្ងោកដីដឹងរឿងច្បាស់
អណ្តើកអណ្តែងស្វែងរកស្រះ ខ្យងខ្ចៅភ័យណាស់ខ្វះជម្រក។
កង្កែបស្រែកច្រៀងសៀងសោកសៅ ក្តាមក៏ស្រែក្តៅហៅភ្លៀងមក
ផ្ទោងផ្ទក់វក់ផ្ទៀងសៀងប៉ីពក ភ្លេចខ្លួនជម្រកត្រូវបំផ្លាញ។
ក្អុកក្អាត់ស្អាត់ស្ងៀមបៀមទុក្ខា កំពឹសចង្វាថាស្រៀវស្រាញ
ឆ្លូញឆ្លាំងឆ្លេឆ្លាស្រវាក្រាញ ខ្ជឹងខ្ជោលសូញសាញសោះកក្រោះ។
ដៀបឆ្តោស្លោស្លក់ហក់ហៅស្លាត រៀលលេញហែលផ្លាតទើរលើកោះ
ក្រម៉មកញ្ជ្រូកភ្លូកភ្លឹកផ្លោះ ត្រីគ្រំក្រៀមក្រោះទាំងក្លាំងហាយ។
គល់រាំងគាំងរឹងទ្រឹងទ្រេតទ្រោត ត្រីក្អោរក្អែកលោតលែងសប្បាយ
ឃើញព្រៃលិចទឹកអន្តរាយ ជនពីជិតឆ្ងាយត្រាយរុករាន។
បង្ហូរគីមីនទីល្អក់ គង្គាកខ្វក់ឆក់ក៏មាន
អូសអួនសំណាញ់ទាំងបំពាន គ្រោះខ្លាំងខ្លះហ៊ានដាក់គ្រាប់ច្នៃ។
មេត្រីត្រូវពងរងគុកកម្ម គេកាប់ចិញ្ច្រាំអាំងសាបប្រៃ
ចាប់ចៀរចៀនដុតឥតខ្លាចដៃ គ្រោះអើយគ្រោះក្រៃស្នាដៃមនុស្ស៕