ជាតិ
«សមាគមអភិរក្សដំរី»នៅរតនគិរី ដាំកូនឈើប្រណិត២ពាន់ដើម ផ្តល់ជម្រកបន្ថែមដល់សត្វព្រៃ
× ភ្នំពេញ៖ សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា នឹងរៀបចំកម្មវិធីដាំកូនឈើមានតម្លៃចំនួន ២ពាន់ដើម នៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃទី០៨ កក្កដានេះ។ បើតាមសមាគមអៃរាវត្តា កូនឈើចំនួន២ពាន់ដើមនេះ មានអាយុចន្លោះពី១-៣ឆ្នាំ ដែលមានប្រភេទដូចជា នាងនួន, បេង, ឈើទាល, ស្រឡៅ, ត្រាច, ក្រញ៉ូង, ថ្លុង, ត្បែង, ម៉ៃសាក់, សុក្រំ, គគីរ, ផ្ចិក និងឈ្លីក។
កូនឈើចំនួន ២ពាន់ដើម នឹងត្រូវដាក់ដាំក្នុងតំបន់ព្រៃសហគមន៍កាទៀង នៅថ្ងៃទី ០៨ ខែកក្កដាដើម្បីការពារបរិស្ថាន និងផ្ដល់ជម្រកដល់សត្វព្រៃ ជាពិសេសផ្ដល់ជាចំណីសម្រាប់សត្វដំរី៤ក្បាលចុងក្រោយនៅខេត្តរតនគិរី។ ពិធីដាំកូនឈើនេះ នឹងមានការអញ្ជើញចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមទាំងពលរដ្ឋ និងសិស្សានុសិស្ស។
លោកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីខ្មែរ បញ្ជាក់ថា៖ «នៅរដូវប្រាំងខ្វះចំណីសម្រាប់ដំរី ដូច្នេះទើបសមាគមសម្រេចដាំកូនឈើ និងឈើហូបផ្លែ ដើម្បីបង្គ្រាប់ និងបន្ថែមចំណីដល់ដំរី។ ហើយការងារនេះ ជាការងារសង្គម ដែលការពារបរិស្ថានផងដែរ»។
ក្នុងកម្មវិធីទិវាដាំកូនឈើនេះ នឹងមានការសម្ដែងសិល្បៈជនជាតិដើមភាគតិចទំពួន ដោយក្រុមសិល្បៈករយក្សលោម, ការបង្ហាញបង្ហាត់ដំរី ដោយប្រើវិធីផ្ដល់រង្វាន់ដោយក្រុមហ្មដំរីអៃរាវត្តា និងគ្រូបង្ហាត់មកពីបរទេស។ ក្នុងកម្មវិធីដដែល នឹងមានការសម្ដែងសាច់រឿង «អភិរក្សដំរី គឺអភិរក្សវប្បធម៌ខ្មែរ» ដោយសហព័ន្ធល្បុក្កតោជាតិកម្ពុជា និងការសម្ដែងរឿង «សហការីដំរីរួមគ្នាការពារព្រៃឈើ» ដោយក្រុមល្បុក្កតោក្លឹបឥសាន្តរតនៈ ខេត្តរតនគិរី។
សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីដាំកូនឈើនេះ ក៏មានដំណើរកម្សាន្តជាមួយសត្វដំរីក្នុងព្រៃសហគមន៍,ងូតទឹកឲ្យដំរី និងការបង្រៀនក្បាច់គុនល្បុក្កតោជូនភ្ញៀវកិត្តិយស រួមទាំងការពិនិត្យ និងព្យាបាលសុខភាពដល់ពលរដ្ឋផងដែរ៕
Tag:
អៃរាវត្តា
ដាំកូនឈើ
© រក្សាសិទ្ធិដោយ thmeythmey.com