ជាតិ
ខ្យល់​កន្ត្រាក់​បំផ្លាញ​សាលារៀន និង​ផ្ទះ​ពលរដ្ឋ​ជិត​១០០​ខ្នង នៅ​បន្ទាយមានជ័យ​
06, Jul 2019 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ ឥទ្ធិពល​ខ្យល់​កន្ត្រាក់​លាយឡំ​នឹង​ភ្លៀង​កាលពី​ថ្ងៃទី​៥ កក្កដា បាន​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​រងរបួស និង​បំផ្លាញ​សាលារៀន រួមទាំង​ផ្ទះ​ប្រជាពលរដ្ឋ​ជិត ១០០​ខ្នង នៅ​តំបន់​មួយចំនួន​នៃ​ខេត្តបន្ទាយមានជ័យ​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា AKP​។​


 
​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា គ្រោះធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ កើត​កាលពី​រសៀល​ថ្ងៃទី​៥ កក្កដា ដោយ​បោកបក់​លើ​មូលដ្ឋាន​មួយចំនួន​ក្នុងស្រុក​-​ក្រុង​ចំនួន ៨​របស់​ខេត្ត និង​ធ្វើ​ឲ្យ​ផ្ទះ​ជិត ១០០​ខ្នង រង​ការខូចខាត​។ នេះ​បើតាម​ការ​ស្រង់​សម្ដី​របស់​ទីភ្នាក់ងារ AKP​។ 
 
​តាម​របាយការណ៍​លេខាធិការដ្ឋាន​គណៈកម្មកា​រ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តបន្ទាយមានជ័យ ក្រុង​-​ស្រុក ដែល​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​រួមមាន ក្រុង​ប៉ោយប៉ែត ខូចខាត​ផ្ទះ​០៦​ខ្នង​, ក្រុង​សិរីសោភ័ណ ខូចខាត​ផ្ទះ​០៩​ខ្នង​, ស្រុក​មង្គល​បូរី ខូចខាត​ផ្ទះ​១​ខ្នង​, ស្រុក​ថ្មពួក ខូចខាត​ផ្ទះ​២១​ខ្នង​, ស្រុក​ស្វាយចេក ខូចខាត​ផ្ទះ​២១​ខ្នង​, ស្រុក​ព្រះនេត្រព្រះ ខូចខាត​ផ្ទះ​១៣​ខ្នង​, ស្រុក​ភ្នំស្រុក ខូចខាត​ផ្ទះ​២៧​ខ្នង​, សាលារៀន​០១​ខ្នង​, និង​ស្រុក​អូរជ្រៅ ខូចខាត​ផ្ទះ​០១​ខ្នង​។ 
 
​ភ្លាមៗ​ក្រោយ​កើតហេតុ អភិបាលខេត្ត​បន្ទាយមានជ័យ អាជ្ញាធរ​ស្រុក​-​ក្រុង និង​កងកម្លាំង​នគរបាល យោធា អាវុធហត្ថ បាន​ចុះសួរសុខទុក្ខ និង​អន្តរាគមន៍​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​គ្រោះធម្មជាតិ​នេះ​ផងដែរ​៕
 

Tag:
 ខ្យល់​កន្ត្រាក់​
  ភ្លៀង​
  រលំ​
  អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com