កីឡាជាតិ
ជាតិ
ជ័យជម្នះបើកឆាកជើងទីពីរសម្រាប់អង្គរថាយហ្គឺរ អគ្គិសនីកម្ពុជា និងគិរីវង់សុខសែនជ័យ ខ្សែប្រយុទ្ធជប៉ុន Reiya Kinoshita អបអរជាមួយមិត្តរួមក្រុមក្រោយស៊ុតបាល់បញ្ចូលទីលើយុវជនបាទី។ រូបថត CNCC
× ការប្រកួតបើកឆាកជើងទីពីរនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ នារសៀលថ្ងៃទី៦ ខែកក្កដា នេះ ផ្តល់ភាពរីករាយសម្រាប់ក្រុមអង្គរថាយហ្គឺរ អគ្គិសនីកម្ពុជា និងគិរីវង់សុខសែនជ័យ ដែលសុទ្ធតែដណ្តើមបាន៣ពិន្ទុរៀងៗខ្លួន ពីក្រសួងការពារជាតិ ខេត្តកំពង់ចាម និងយុវជនបាទី។
នៅកីឡដ្ឋានខេត្តសៀមរាប អង្គរថាយហ្គឺរ បានយកឈ្នះក្រសួងការពារជាតិ ៣-១ ដើម្បីឡើងទៅឈរនៅលេខ២បណ្តោះអាសន្ន។ គ្រាប់បាល់បញ្ចូលទីបានកើតឡើងនៅតង់ទីពីរ ដោយ Ryota Hayashi ស៊ុតនាំមុខសម្រាប់ថាយហ្គឺរ ហើយ Mohammed Faeez តាមស្មើសម្រាប់ការពារជាតិ។ ទីបំផុត ថាយហ្គឺរជាអ្នកបាន៣ពិន្ទុ ក្រោយ Alexis Ramos និង Okereke Timothy ស៊ុតបាល់បញ្ចូលទីម្នាក់១គ្រាប់ទៀត។ កាលពីជើងទីមួយ ក្រុមទាំងពីរបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ ។
ដោយឡែកជ័យជម្នះ ៣-១ ដូចគ្នា បានកើតឡើងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលនេះជាការសងសឹករបស់អគ្គិសនីកម្ពុជាទៅក្រុមខេត្តកំពង់ចាម។ ឈឿន វិស៊ីនុ រកបានគ្រាប់បើកឆាកឲ្យអគ្គិសនីនៅ៨នាទីដំបូង តែខ្សែប្រយុទ្ធនីហ្សេរីយ៉ា Osei Tutu Michael វាយបកតាមស្មើសម្រាប់កំពង់ចាមក្នុងនាទីបន្ថែមនៃតង់ទីមួយ។ ឈានដល់តង់ទីពីរ ម៉ៅ ប៊ុនចន្ថា និង សៀន សុភត្រា រកបានម្នាក់១គ្រាប់ទៀតសម្រាប់អគ្គិសនីកម្ពុជា។ កាលពីជើងទីមួយ អគ្គិសនីកម្ពុជារងការខកចិត្តនៅលើទឹកដីរបស់ខ្លួន ដោយចាញ់កំពង់ចាម ១-០ ហើយក៏ជាជោគជ័យតែម្តងគត់របស់ក្រុមខេត្តមួយនេះផងដែរ។
ងាកទៅជំនួបនៅសាលាបាល់ទាត់ជាតិបាទី ក្រុមគិរីវង់សុខសែនជ័យ នៅតែទទួលបាន៣ពិន្ទុលើយុវជនបាទីក្នុងលទ្ធផល ១-០។ ខ្សែប្រយុទ្ធជប៉ុន Reiya Kinoshita ជាអ្នកនាំជ័យជម្នះសម្រាប់គិរីវង់នៅ៧នាទីមុនបញ្ចប់ការប្រកួត។ កាលពីជើងទីមួយ ក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវ ក៏បានយកឈ្នះយុវជនបាទីផងដែរ ក្នុងលទ្ធផល ៤-១។
© រក្សាសិទ្ធិដោយ thmeythmey.com