ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ការវិភាគ​ថ្មី​មួយ​ស្ដីពី​ស្នេហា​ទុំ​ទាវ ធ្វើឱ្យ​យុវជន​យល់ឃើញ​ផ្សេងគ្នា​
07, Jul 2019 , 9:58 am        
រូបភាព
​ភ្នំពេញ​៖ ផ្ទុយ​ពី​ការវិភាគ​កន្លងមក ស្នេហា​ទុំ​ទាវ​គឺជា​ស្នេហា​ដែលមាន​ការគិត​ពិចារណា​ល្អិតល្អន់ និង​ជា​ស្នេហា​ដ៏​ស្មោះត្រង់​។ នេះ​គឺជា​ការវិភាគ​របស់លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា ក្នុង​បាឋកថា​ស្ដីពី​លក្ខណៈពិសេស​នៃ​ស្នេហា​ទុំ​ទាវ ដែល​ធ្វើ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​កាលពីពេល​កន្លងទៅ​។ សិក្ខាកាម ដែល​បាន​ចូលរួម​ក្នុង​បាឋកថា ខ្លះ​យល់​ស្របតាម​ការវិភាគ​នេះ ប៉ុន្តែ​ក៏មាន​អ្នក​ប្រកាន់​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ដែរ​។ ជាង​នោះ​ទៅទៀត សិក្ខាកាម​ខ្លះ​មើលឃើញថា ទុំ បាន​ប្រទូស​នឹង​ព្រះពុទ្ធសាសនា​។


 
​ដើម្បី​ដឹង​ច្បាស់​ថា​តើ​យុវជន​យល់ឃើញ​យ៉ាងណា ចំពោះ​ស្នេហា​ទុំ​ទាវ តទៅ​នេះ​សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូច​ទៅ​៖



 
​បាឋកថា​ដែល​វិភាគ​ផ្ដោត​សំខាន់​តែ​ពី​ស្នេហា​ទុំ​ទាវ ដោយ​មិន​វិភាគ​ផ្ទៃរឿង​ទាំងមូល​នោះ បាន​ទាក់ទាញ​សិក្ខាកាម​ប្រមាណ​ជា​៧០​នាក់ ចូលរួម​ដោយ​ភាគច្រើន​ជា​គរុ​សិស្ស​។ ផ្ទុយ​ពី​ការវិភាគ​មុនៗ ដែលថា​ស្នេហា​ទុំ​ទាវ​ជា​ស្នេហា​កាំរន្ទះ ជា​ស្នេហា​ទុំ​មុន​ស្រគាល ឬ​ជា​ស្នេហា​ថោកទាប​ជាដើម​នោះ លោក ប៉ាង រតនា មន្ត្រី​ស្រាវជ្រាវ នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា បែរជា​មើលឃើញ​ពី​ភាពស្មោះត្រង់ និង​ការគិត​ពិចារណា​ច្បាស់លាស់​ទៅវិញ​។ «​ខ្ញុំ​គ្រាន់តែ​ចង់​ឆ្លុះបញ្ចាំង​លក្ខណៈពិសេស នៃ​ស្នេហា​របស់​ទុំ​និង​ទាវ ដែលមាន​៣​ចំណុច​សំខាន់ៗ​។ ទី​១ ការចាប់ផ្ដើម​ស្នេហា​របស់គេ ទី​២ ពី​ការពិចារណា​រក​ដៃគូ ដែល​គេ​អាច​រស់នៅ​ជាមួយគ្នា​អស់​មួយជីវិត និង​ទី​៣ គឺ​ភាពស្មោះត្រង់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ប៉ាង រតនា​។


 
​សិក្ខាកាម សាន សុខ​ជា ដែលជា​គរុ​សិស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ បាន​និយាយថា​ការលើកឡើង​របស់​វាគ្មិន​គឺជា​គំនិត​ថ្មី ដែល​នាង​មិន​ធ្លាប់​បានដឹង​ពីមុន​។ តែ​ទោះជា​យ៉ាងណា នារី​មកពី​ខេត្តកំពង់ស្ពឺ ក្នុង​វ័យ​២៤​ឆ្នាំនេះ នៅតែ​គិតថា​ស្នេហា​ដែល​រំលង​ប្រពៃណី គឺជា​រឿង​មិន​គប្បី​។ កញ្ញា បញ្ជាក់​ដូច្នេះ​៖«​តាម​ការបកស្រាយ​រប​ស់វា​គ្មិ​ត ខ្ញុំ​គិតថា​វា​ជា​គំនិត​ប្លែក​។ ការបកស្រាយ​មុនៗ​តែង​និយាយថា ស្នេហា​ទុំ​ទាវ គឺជា​ស្នេហា​អសីលធម៌ ព្រោះ​ធ្វើ​ខុស​ប្រពៃណី​។ ចំណែក​វាគ្មិន បកស្រាយ​នៅថ្ងៃនេះ គាត់​ថា​ស្នេហា​កើតឡើង​ពី​ធម្មជាតិ​។ បើ​យើង​មើល​តែមួយ​ជ្រុង ទាក់ទង​នឹង​ប្រពៃណី ខ្ញុំ​គិតថា​ពួកគាត់​ខុស​មែន ប៉ុន្តែ​បើ​យើង​មើលទៅ​ស្នេហា​របស់​ពួកគាត់ គឺជា​ស្នេហា​ស្មោះ​មួយ​នឹង​មួយ​»​។


 
​ឆ្លើយតប​ទៅនឹង​ការមិនយល់ស្រប​របស់​កញ្ញា សុខ​ជា មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា បញ្ជាក់ថា ប្រពៃណី​ទំនៀមទម្លាប់​រៀប​អាពាហ៍ពិពាហ៍ គ្រាន់តែ​ជា​សាក្សី​បញ្ជាក់ ដល់​អ្នកភូមិ​ឱ្យ​ដឹងឮ​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ ក្នុង​ជីវិត​គូ​ស្វាមីភរិយា គឺជា​ភាពស្មោះត្រង់​ទៅវិញ​ទេ​។ លោក​ពន្យល់​ដូច្នេះ​៖«​ប្រពៃណី​រៀបការ វា​គ្រាន់តែ​ជា​សាក្សី​មួយ​សម្រាប់​អ្នកភូមិ​។ ទោះបីជា​ទាវ​មិនបាន​រៀបការ​តាម​ប្រពៃណី​ក៏ដោយ ប៉ុន្តែ​ស្នេហា​គេ​នៅតែមាន​ភាពស្មោះត្រង់ ប្ដូរស្លាប់ប្ដូររស់​ជាមួយគ្នា​។ គ្រួសារ​ខ្លះ រៀបការ​តាម​ប្រពៃណី​ក៏ដោយ តែ​បើសិនជា​មិនមាន​ភាពជឿជាក់ ក្នុងការ​ជ្រើសរើស​គូស្រករ​ទេ អ្នកខ្លះ​ការ​ហើយ​បែក​គ្នា​ក៏មានដែរ​។ ដូច្នេះ ទាវ​គ្រាន់តែ​ចង់​បញ្ជាក់ថា ពេលដែល​គេ​ពិចារណា​ច្បាស់លាស់ ក្នុងការ​រើស​ដៃគូ​ហើយ ប្រពៃណី​មិនមែនជា​រឿង​សំខាន់​»​។​
 
​ក្រៅពី​ការប្រព្រឹត្ត​ខុស​ប្រពៃណី​របស់​នាង​ទាវ បញ្ហា​របស់ ទុំ ដែលមាន​ចិត្ត​ស្រឡាញ់​ស្ត្រី​ក្នុងពេលដែល​ខ្លួន​កំពុង​ស្ថិតក្នុង​ភេទ​ជាស​ង្ឃ ក៏​ជា​រឿង​ដែល​ទាញ​ការចាប់អារម្មណ៍ ពី​សិក្ខាកាម​ដែរ​។ លោក ប៉ាង រតនា នៅតែ​ទាញ​បាន​ចំណុច​វិជ្ជា​មាន​ក្នុង​រឿងនេះ ដោយ​លោក​លើក​ហេតុផល​ថា ថ្វី​ដ្បិត​ទុំ​គឺជា​សង្ឃ ក៏ពិតមែន តែ​ទុំ នៅតែមាន​ការជាប់​ជំពាក់​។ លោក​បន្ថែមថា ទុំ បានដឹង​ច្បាស់​ថា ខ្លួន​អស់​ឧបនិស្ស័យ​ក្នុង​ភេទ​ជាស​ង្ឃ ហើយ ទុំ ក៏បាន​ទៅសុំ​គ្រូ​ឧបជ្ឈា​សឹក​ដែរ តែ​គ្រូ​មិន​ព្រម ទើប​ទុំ​បង្ខំចិត្ត​សឹក​ដោយ​ខ្លួនឯង​។​
 
​ប៉ុន្តែ​លោក រិ​ន ទិ​ត្យ​បញ្ញា  ជា​និស្សិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ខ្មែរ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលមាន​អាយុ​២៣​ឆ្នាំ នៅតែ​ប្រកាន់​ជំហរ​ថា មនុស្ស​ដែល​រស់ក្នុង​សង្គម​មួយ ត្រូវតែ​គោរព​ទៅតាម​ប្រពៃណី​ទំនៀមទម្លាប់​ក្នុងសង្គម​នោះ ទើប​ជា​រឿង​ប្រសើរ​។ អ្នក​ភ្នំពេញ​រូបនេះ​បន្ថែម​៖«​ការលើកឡើង​ជុំវិញ​បញ្ហា​នេះ ពេលខ្លះ​ក៏​លើកឡើង​ដោយមាន​ហេតុផល​ច្បាស់លាស់ តែ​ពេលខ្លះ ក៏​មិនបាន​មើល​ពី​សង្គម​បរិយាកាស​ដែរ​។ ស្នេហា​របស់​មនុស្ស គឺ​ស្ថិតនៅក្នុង​កាលៈទេសៈ​ខុសគ្នា​។ ស្នេហា​របស់​ទុំ និង​ទាវ ស្ថិត​ក្នុងសង្គម​បរិយាកាស​ដែល​ត្រូវគោរព​ប្រពៃណី និង​ទំនៀមទម្លាប់​ច្រើន​។ ដូច្នេះ បើសិនជា​បុគ្គល​ណា ដែល​ប្រាសចាក​ប្រពៃណី គេ​ថា​ជា​បុគ្គល​ដែល​អគតិ​តែម្ដង​»​។


 
​ចំណែក​អ្នកនាង ហៃ សុខ​ហ៊ាង ដែល​បាន​ឡើង​បញ្ចេញ​មតិយោបល់​ជំទាស់ ទៅនឹង​ការលើកឡើង​របស់​វាគ្មិន ត្រង់ចំណុច ទុំ សឹក​ចាក​ភេទ​ជាស​ង្ឃ​ដោយ​ខ្លួនឯង ថា​នេះ​ជា​អំពើ​ផ្ទុយ​ពី​បញ្ញត្តិ​របស់​ព្រះពុទ្ធសាសនា​។ អ្នកនាង​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ពេលដែល​វាគ្មិន​វិភាគ​ថា មិន​ខុស​វិន័យ ប៉ុន្តែ​បើតាម​វិន័យ​របស់​ព្រះពុទ្ធសាសនា ដែល​ខ្ញុំ​ធ្លាប់​បានដឹង​ខ្លះៗ គឺ​តឹងតែង​ណាស់​។ ពេលដែល​បុគ្គល​ម្នាក់ ចូល​បួស​ក្នុង​ព្រះពុទ្ធសាសនា គឺ​ត្រូវមាន​ការសូត្រ​ឡើង​ញត្តិ ចំពោះ​ភិក្ខុសង្ឃ​៤​អង្គ ឡើងទៅ​ទើប​អាច​បួស​បាន​។ ដូច្នេះ​ទុំ​លួច​សឹក​ខ្លួនឯង គឺ​គាត់​ខុស​តែម្ដង ទោះបី​គាត់​ស្លៀក​សម្លៀកបំពាក់​ជា​គ្រហស្ថ​ហើយក៏​ដោយ តែ​ទុំ​នៅតែ​ជាស​ង្ឃ​ដដែល​»​។


 
​រីឯ​ព្រះ​ភិក្ខុ សំ ចាន់ ព្រះ​វិន័យធរ​សហការី​សម្ដេចព្រះ​អគ្គ​មហាសង្ឃរាជ​ទេព​វង្ស បាន​មាន​ថេរ​ដីការ ពន្យល់​ពី​ការ​លាចាក​សិក្ខាបទ​យ៉ាង​ដូច្នេះ​៖«​ក្នុង​វិន័យ​ព្រះពុទ្ធសាសនា ក្នុង​ភាគ​ទី​១ ដែល​គេ​ហៅថា​គម្ពីរ​វិន័យ​បិដក ស្ដីពី​ការ​លាចាក​សិក្ខាបទ ត្រូវ​ប្រកបដោយ​អង្គ​៦​។ មាន​ប្រកបដោយ​ចិត្ត ប្រកបដោយ​បុគ្គល ប្រកបដោយ​កាល ប្រកបដោយ​កាយ​ប​យោគ វា​ចាប​យោគ និង​ប្រកបដោយ​វិជ្ជា​នន​។ ត្រូវតែមាន​អ្នក​ដែលជា​សាក្សី ដែលជា​អ្នក​មិន​វង្វេង មិន​ឆ្កួត ជា​មនុស្ស​ប្រកបដោយ​គុណធម៌ យ៉ាងហោចណាស់​ក៏​គ្រូសូត្រឆ្វេង​ស្ដាំ​ដែរ​»​។​
 
​ព្រះអង្គ​បន្ថែមថា ការ​សឹក​ចាក​ចេញពី​ភេទ​ជា​សង្ឃ​ដោយ​ខ្លួនឯង ទុំ គឺ​ក្លាយជា​គ្រហស្ថ​ដោយ​មិន​ពេញលក្ខណៈ ហើយ​ការណ៍​នេះ ចាត់​ចូលទៅ​ក្នុងការ​ប្រទូស នឹង​វិន័យ​ព្រះពុទ្ធសាសនា​៖«​ទុំ​ធ្វើ​ខុស​នឹង​ព្រះពុទ្ធសាសនា ព្រោះ​មិនបាន​ធ្វើតាម​របៀប​ព្រះ​វិន័យ ដែល​ត្រូវ​លាសិក្ខា​បទ ដោយ​ត្រូវមាន​បុគ្គល​ជា​សាក្សី ត្រូវ​លះ​ក្នុង​ផ្លូវចិត្ត​របស់ខ្លួន ឱ្យមាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​។ ការ​ទៅ​សឹក​នៅ​ព្រៃ នៅ​ទីវាល​ដូចជា នេន​ទុំ ទៅ​សឹក​នៅ​ដំបូក នេះ​ឈ្មោះថា​ប្រទូស​នឹង​ព្រះពុទ្ធសាសនា ធ្វើឱ្យ​អ្នកបួស​មាន​កេរ្តិ៍​អាស្រូវ​»​។​
 
​តែ​ទោះជា​យ៉ាងណា​ព្រះអង្គ សំ ចាន់ ក៏មាន​ថេរ​ដីកា​បញ្ជាក់ដែរថា ទុំ ប្រព្រឹត្ត​ខុស ក៏​ព្រោះតែ​គ្រូ​ឧបជ្ឈា​ដែរ​។ ព្រះអង្គ​មាន​ថេរ​ដីការ​បញ្ជាក់បន្ថែម​៖«​គេ​គោរព​ទៅតាម​គុណធម៌ ដែល​យើង​បាន​បួស យើង​មាន​ឧបជ្ឈា មាន​គ្រូសូត្រឆ្វេង​ស្ដាំ ហើយ​មាន​វត្ត​អារាម មាន​សីមា ដែល​អ្នកបួស​ត្រូវ​នៅ​ធ្វើ​កិច្ច​វដ្ដ​បដិបត្តិ តែ​ពេល​ទៅ​សឹក​ចិត្ត​ឯង​នោះ​វា​ខុស​។ រឿងនេះ​មិនមែន​ខុស​តែ​ទុំ​ទេ ព្រោះ​ទុំ​បាន​សុំ​គ្រូ​ឧបជ្ឈា​សឹក តែ​គ្រូ​ឧបជ្ឈា​នោះ​ហាម​។ ពាក្យ​ថា​ហាម​នោះ​មិនគួរ​គប្បី​ប្រើ​នៅពេលដែល​ភិក្ខុ​មាន​កម្លាំង​ថយ​ទេ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ ក្នុង​បាឋកថា​របស់ លោក ប៉ាង រតនា គឺ​វិភាគ​ផ្ដោត​សំខាន់​តែ​ទៅលើ​ភាពស្មោះត្រង់ នៃ​ស្នេហា​របស់​ទុំ​ទាវ ដែល​មនុស្ស​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​។​
 
​មិន​និយាយ​ពី​ប្រពៃណី​ទំនៀមទម្លាប់ លោក ប៉ាង រតនា ចង់ឱ្យ​អ្នក​ស្ដាប់​ស្វែងយល់ តែ​ពី​ដំណើរការ​ស្នេហា របស់​ទុំ​ទាវ​។ លោក​លើកយក​ចំណុច​ដែល ទាវ បានគិត​ពិចារណា​យ៉ាងច្បាស់​លាស់ មុននឹង​ជ្រើស​រើសយក​ទុំ មក​ធ្វើជា​គូ​អនាគត​៖«​ពេលដែល​ទុំ​ដឹងថា ទាវ​មិនទាន់​ជឿជាក់​លើ​ខ្លួន​ហើយ ទុំ​បានបង្ហាញ​ហេតុផល​មួយចំនួន ដើម្បីឱ្យ​ទាវ​ដឹង​។ ទុំ​ថា ខ្លួន​បង​ជា​រាជ​សី ឯ​រូប​ទាវ​ស្រី​ដូច​គុហា រាជ​សី បើ​បាន​លំនៅ​ជា មិន​ចង់​ឃ្លាតឃ្លា​គុហា​ឡើយ​។  តែ​ទាវ​ក៏​នៅតែ​មិនទាន់​ជឿ​ដែរ​ទាវ​ថា ប្អូន​ដូចជា​កំពង់ អ្នក​ប្រុស​ឆោមយង់​ដូចជា​ទូក ហើរ​ចាប់​ចត​អាស្រ័យ​អ្នក​ថ្លៃ​អើយ ចាកចោល​កន្តើយ​មិន​នឹកនា​។ ចំណុច​នេះ មាន​វែង​តទៅទៀត ពីមួយ​ដំណាក់កាល ទៅមួយ​ដំណាក់កាល គឺជា​ពេលវេលា ក្នុងការ​ពិចារណា​រប​ស់ទាវ​។ រហូតដល់​ដំណាក់កាល​ចុងក្រោយ ទើប​ទាវ​រាវរក​ឃើញថា ទុំ​ពិតជា​បុរស​ដែលមាន​ចិត្ត​ស្មោះ ចំពោះ​គាត់​មែន​»​។


 
​លោក​បន្ថែមថា​៖«​ក្រោយពី​មាន​ទំនាក់ទំនង​ជាមួយគ្នា​ហើយ ពេល​ទុំ​ទៅ​វាំង ទុំ​មិន​ដែលមាន​ស្រី​ញី នៅ​ខាងក្រៅ ហើយ​ទុំ​ស្មោះត្រង់​ជាមួយ​ទាវ ប្ដូរផ្ដាច់​រហូតដល់​ទៅ​ហ៊ាន​ប្រឈម​នឹង​សេចក្ដីស្លាប់ ជាមួយគ្នា​ទៀត​។ នេះ​បញ្ជាក់ថា ការពិចារណា​របស់​ទា​វ គឺ​ត្រឹមត្រូវ​។ សេចក្ដីស្នេហា​បរិសុទ្ធរ​ប​ស់ទាវ បើ​គិតពី​ដំណើររឿង​គឺ​ធំធេង​ណាស់ ដំណាក់កាល​អរជូន ជា​អ្នកមានអំណាច​មានទ្រព្យ​សម្បត្តិ​មួយ ប៉ុន្តែ​ទាវ​មិន​ចាប់អារម្មណ៍​។ សូម្បីតែ​ព្រះរាជា ក៏​នាង​ទាវ​មិន​ចាប់អារម្មណ៍​ដែរ ដូច្នេះ​នាង​ទាវ គាត់​ស្មោះស្ម័គ្រ​តែ​ជាមួយ​ទុំ​»​។ 
 
​ជា​លទ្ធផល​ក្រោយ ចូលរួម​បាឋកថា​ស្ដីពី​លក្ខណៈពិសេស នៃ​ស្នេហា​ទុំ​ទាវ កញ្ញា សាន សុខ​ជា ទទួលបាន​ចំណុច​ទាំងនេះ​៖«​ថ្ងៃនេះ ខ្ញុំ​ទទួលបាន​ច្រើន គឺ​ដឹងថា​ស្នេហា​មាន ៤​ដំណាក់កាល ដែល​ធ្វើឱ្យ​ខ្ញុំ​ភ្លឺភ្នែក​ជាមុន​។ ដឹងថា​ដើម្បី​ជ្រើសរើស​គូស្រករ​ឱ្យបាន​ល្អ យើង​ត្រូវ​ជ្រើសរើស​ដោយ​របៀប​ណា មុន​ជ្រើសរើស​អ្នកណាម្នាក់​ធ្វើជា​គូ​អនាគត​»​។​
 
​មន្ត្រី​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ភាសាជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា​រូបនេះ បានបញ្ជាក់​បន្ថែមថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ វិភាគ​ស្នាដៃ​អក្សរសិល្ប៍ តាម​អ្វីដែល​ខ្លួន​យល់ឃើញថា​ត្រឹមត្រូវ ដើម្បី​ទាញ​ជា​ប្រយោជន៍​សម្រាប់​ខ្លួនឯង​៕

Tag:
 ទុំ​ទាវ​
  វិភាគ​
  ស្នេហា​
  អក្សរសិល្ប៍​
  អក្សរសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com