អន្តរជាតិ
៦​ឆ្នាំ មាន​មនុស្ស​ជាង​២៥០​នាក់​ស្លាប់​ពេល​ថត​សែ​ល​ហ្វី ដោយ​ឥណ្ឌា និង​រុស្ស៊ី​ច្រើនជាងគេ​
07, Jul 2019 , 11:59 am        
រូបភាព
ដោយ: ធីតា
​ករណី​មនុស្ស​ស្លាប់​នៅពេល​កំពុង​ថត​សែ​ល​ហ្វី (Selfie) មានការ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ការសិក្សា​មួយ​នៅ​ឥណ្ឌា បង្ហាញថា ចន្លោះ​ពី​ខែតុលា ឆ្នាំ​២០១១ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ មាន​មនុស្ស​ស្លាប់​រហូតដល់​ទៅ​២៥៩​នាក់​ឯណោះ​។ របាយការណ៍​ដែល​ទើបតែ​ចេញផ្សាយ បង្ហាញថា ឥណ្ឌា រុស្ស៊ី មាន​អត្រា​អ្នកស្លាប់​ខ្ពស់​ជាងគេ​។​

 
​គ្រោះថ្នាក់​ស្លាប់​ដោយសារ​ការថត​សែ​ល​ហ្វី មាន​ចំនួន​លើស​ការស្លាប់​ដោយសារ​ការវាយប្រហារ​ដោយ​ត្រី​ឆ្លាម​ដល់​ទៅ​៥​ដង​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​ទស្សនា​វ​ដ្តី​ឥណ្ឌា Journal of Family Medecine and Primary Care​។ កំណើន​ទាំងនេះ គឺ​ដោយសារតែ​ភាពសម្បូរ​បែប​នៃ​ស្មា​ត​ហ្វូ​ន​ទំនើបៗ​។​
 
​របាយការណ៍​បង្ហាញថា ឥណ្ឌា​ដែលមាន​ការប្រើប្រាស់​ទូរ​សព្ទ​ប្រមាណ​៨០០​លាន​គ្រឿង មាន​អ្នកស្លាប់​ដល់​ទៅ​១៥៩​នាក់ ក្នុង​រយៈពេល​៦​ឆ្នាំ​។ រុស្ស៊ី​ស្ថិតនៅ​លំដាប់​ទី​២ ដោយមាន​អ្នកស្លាប់​១៦​នាក់ ខណៈ​សហរដ្ឋអាមេរិក មាន​១៤​នាក់​។ ប្រទេស​ផ្សេងទៀត​ដែលមាន​អ្នកស្លាប់​ដោយសារ​មិន​ប្រុងប្រយ័ត្ន​ពេល​ថត​សែ​ល​ហ្វី មានដូចជា ប៉ា​គី​ស្ថាន ក្រូ​អាស៊ី កាណាដា និង តៃវ៉ាន់ ជាដើម​។​
 
​ករណី​ភាគ​កើតឡើង​ដោយសារ​ភ្លេចខ្លួន ដែល​បាន​បណ្តាល​ឲ្យ​រថភ្លើង​បុក ធ្លាក់ទឹក លិច​ទូក រង​ការបាញ់សម្លាប់ ការបើកបរ​លឿន​។ ស្ត្រី​ជា​អ្នក​ដែល​ថត​សែ​ល​ហ្វី​ច្រើនជាងគេ បន្ទាប់មក​គឺ​បុរស និង​យុវជន​។ ករណី​ស្លាប់​មួយចំនួន​ក៏​កើតឡើង​ដោយសារ​ការ​ហ៊ាន​ជ្រុល​ពេក​ផងដែរ​៕
 

Tag:
 សែ​ល​ហ្វី
© រក្សាសិទ្ធិដោយ thmeythmey.com