ជាតិ
ក្រសួង​អប់រំ ផ្តល់​អាហារូបករណ៍​១៩០​កន្លែង សម្រាប់​និស្សិត​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ
07, Jul 2019 , 2:09 pm        
រូបភាព
​ភ្នំពេញ​៖​ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ១០០​ភាគរយ ចំនួន​១៩០​កន្លែង សម្រាប់​ថ្នាក់​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​។ បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​អប់រំ អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្ររង មានមុខ​ជំនាញ​វិទ្យាសាស្ត្រ​ដំណាំ​,​វិទ្យាសាស្ត្រ​សត្វ​,​វិទ្យាសាស្ត្រ​ជលផល​,​កុំព្យូទ័រ​ធុរកិច្ច​,​បច្ចេកវិទ្យា​អាហារ និង​ជំនាញ​ការដំឡើង​ប្រព័ន្ធ​អគ្គិសនី​។ ចំណែក​ថ្នាក់​បរិញ្ញាបត្រ  មានមុខ​ជំនាញ​វិទ្យាសាស្ត្រ​ដំណាំ និង​វិទ្យាសាស្ត្រ​សត្វ​។


 
​លក្ខខណ្ឌ​នៃ​ការជ្រើសរើស បេក្ខជន​ទាំងអស់ ត្រូវជា​សិស្ស​ប្រឡង​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​(​គិត​ចាប់ពី​ឆ្នាំ​២០០២) និង​ត្រូវជា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែលមាន​តម្លៃ​ស្មើ​។ 
 
​ការប្រឡង​ជ្រើសរើស នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​បច្ចេក​កំពង់ស្ពឺ​។ សិស្ស​និស្សិត ដែល​ចាប់អារម្មណ៍ អាច​ទៅ​ទទួល​ពាក្យសុំ​ប្រឡង ចាប់ពី​ថ្ងៃនេះ  រហូតដល់​ថ្ងៃទី​១៦ ខែតុលា ឬ​អាច​ទាញយក​តាម​គេហទំព័រ www.ksit.edu.kh/form2018/​។ បេក្ខជន​ទាំងអស់ ត្រូវដាក់​ពាក្យ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ និង​នៅ​នាយកដ្ឋាន​តម្រង់ទិស​វិជ្ជាជីវៈ នៅ​រាជធានី​ភ្នំពេញ​។ ព័ត៌មាន​បន្ថែម ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ ០៨៥ ៤៨៣ ៦០៩៕
 

Tag:
 អប់រំ​
  និស្សិត​
  អាហារូបករណ៍​
 ​បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com