ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថាបញ្ហា​គ្រេចស្មា បានធូរស្រាល​ និងឆ្លើយតប​ក្រុម​អ្នកប្រមាថ​ជីវិត​សម្តេច
07, Jul 2019 , 12:13 pm        
រូបភាព
រូបថតពី​​ហ្វេសប៊ុក​សម្តេច​ ហ៊ុន សែន
រូបថតពី​​ហ្វេសប៊ុក​សម្តេច​ ហ៊ុន សែន
 សម្តេច​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បង្ហោះ​សារ និងរូបថត​ពី​មន្ទីរពេទ្យ​សិង្ហបុរី ដោយបញ្ជាក់ថា ក្រុមគ្រូពេទ្យ​បាន​ដោះស្រាយ​បញ្ហា​គ្រេចស្មារបស់​សម្តេច​ដោយជោគជ័យហើយ។ ប្រមុខរដ្ឋាភិបាល​ក៏បាន​ឆ្លើយតប​ទៅ​ក្រុមអ្នកអត្ថាធិប្បាយ​តាម​ហ្វេសប៊ុក​ខ្លះ ដែល​សម្តេច​បញ្ជាក់ថា ជាក្រុម​ដែល​បន់ឲ្យ​សម្តេច​ស្លាប់នោះផងដែរ។



 «ខ្ញុំ​សូមជម្រាបជូនថា បន្ទាប់ពីការ​ព្យាបាលដោយយកចិត្តទុកដាក់ ក្រុមគ្រូពេទ្យ​បាន​ដោះស្រាយដោយជោគជ័យ​ កន្លែងគ្រេចស្មាស្តាំ។ អ្វីដែល​បាត់បង់ គឺគ្រូពេទ្យ​បាន​តម្រូវ​ឲ្យខ្ញុំ​ ផ្អាកវាយកូនគោល​មួយរយៈ ដែលខ្ញុំ​គោរពបាន​យ៉ាងស្រួល»។ នេះជាការ​ជូនដំណឹង​ របស់​ប្រមុខរដ្ឋាភិបាល​ទៅសាធារណជន​អ្នកគាំទ្រ និងអ្នកដែល​បាន​បន់ស្រន់ឲ្យសម្តេចបានឆាប់ជាសះស្បើយ។

សម្តេច ហ៊ុន សែន ក៏បាន​ឆ្លើបតប​ទៅក្រុមអ្នកប្រមាថ​អាយុជីវិត​សម្តេច​។ សម្តេច​នាយករដ្ឋមន្ត្រី​បាន​សរសេរយ៉ាង​ដូច្នេះ៖«ខ្ញុំ​សូមជូនយោបល់ទៅអ្នកទាំងនោះវិញថា ឈប់បាន ឈប់ទៅ! ធ្វើនយោបាយចង់ចាំ​ឲ្យខ្ញុំ​ស្លាប់ ដើម្បី​ដណ្តើម​អំណាច សូមរង់ចាំជាតិក្រោយចុះ!»។ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ បាន​សរសេរបន្តទៀតថា៖«យមរាជ មិនត្រូវការជីវិតខ្ញុំ​ទេ ក្នុងរយៈពេលមិនតិចជាង​៤០ឆ្នាំខាងមុខ។ យមរាជ​ ត្រូវការ​ឲ្យខ្ញុំ​នៅបម្រើ​ប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ»។

ទោះបានធូរស្បើយ​ពី​បញ្ហាគ្រេចស្មាស្តាំក៏ដោយ នៅក្នុងសារចុងក្រោយនេះ សម្តេច​ ហ៊ុន សែន មិនបាន​បញ្ជាក់​ពី​ពេលវេលា នៃការ​ត្រឡប់ពីមន្ទីរពេទ្យ​វិញនៅឡើយទេ។

កាលពីរសៀល​ថ្ងៃទី​សៅរ៍ទី៦​ខែកក្កដា ពោលគឺតែប៉ុន្មាន​ម៉ោង​ ក្រោយពី​ការ​មកដល់កម្ពុជាវិញ ​ពី​កិច្ចប្រជុំ​នៅ​ប្រទេស​ស្វីស សម្តេច​នាយករដ្ឋមន្ត្រី​បាន​បង្ហោះ​សារមួយប្រាប់សាធារណជនថា សម្តេច​មាន​បញ្ហាគ្រេចស្មាស្តាំ ហើយដែលត្រូវទៅទទួល​ការព្យាបាល​នៅ​ប្រទេស​សិង្ហបុរី។ នៅក្នុង​សារជូនដំណឹងនេះ សម្តេច​ក៏បានបញ្ជាក់ប្រាប់​ពីការ​លុបចោល​រាល់ជំនួប​ផ្លូវការ​ ជាមួយភ្ញៀវជាតិ និងអន្តរជាតិ ​នៅសប្តាហ៍​ក្រោយ​នេះដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com