អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​ទាត់ចោល​សម្តី​អាមេរិក​ដែលថា ខ្លួន​បាញ់​សាកល្បង​មី​ស៊ី​ល​នៅ​សមុទ្រ​ចិន​ខាងត្បូង​
07, Jul 2019 , 12:58 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ច្រានចោល​របាយការណ៍​រប​ស់​មន្ទីរ​បញ្ច​កោណ​របស់​ក្រុង​វ៉ាស៊ីនតោន ដែល ថា កងទ័ព​ចិន បាញ់​សាកល្បង​មី​ស៊ី​ល​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​ប៉េកាំង អះអាងថា សកម្មភាព​យោធា​របស់ខ្លួន ធ្វើឡើង​តាម​ទម្លាប់ ដែល​កំណត់ទុក​ជាមុន​នោះទេ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន នៅ​ថ្ងៃ​៥ កក្កដា បាន​ផ្ទុះ​ប្រតិកម្ម​ទៅនឹង​របាយការណ៍​រប​ស់​រដ្ឋាភិបាល​អាមេរិក ដែល​ចោទប្រកាន់ថា ចិន បាន​បាញ់​សាកល្បង​មី​ស៊ី​ល​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ចោទ​ចិន ថា​បាន​បំពាន​នឹង​ការសន្យា​របស់ខ្លួន​ក្នុង​ការមិនធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​កំពុង​តែមាន​វិវាទ​នេះ​។ នេះ​បើ​យោងតាម​ការ​ការចុះផ្សាយ​របស់​សារព័ត៌មាន Japan Times​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ មន្ត្រី​របស់​រដ្ឋាភិបាល​អាមេរិក បាន​អះអាងថា តាម​របាយការណ៍​បឋម​របស់ខ្លួន ចិន បានធ្វើការ​សាកល្បង​បាញ់​មី​ស៊ី​ល​ប្រឆាំង​នាវា​ជាច្រើន​គ្រាប់​កាលពី​សប្តាហ៍​មុន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ មន្ត្រី​ដដែល​នោះ បន្ថែមថា ការវិភាគ​លម្អិត នៃ​ព្រឹត្តិការណ៍​នោះ កំពុងតែ​ស្ថិតនៅក្នុង​ដំណើរការ​។ 
 
​ក៏ប៉ុន្តែ​តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​វិញ ការអះអាង​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះទេ​។ អ្នកនាំពាក្យ បន្ថែមថា ថ្មីៗ​នេះ កងទ័ព​រំដោះរ​ប្រជាជន​ចិន បានរៀបចំ​ការធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅក្បែរ​កោះ​ហៃ​ណាន ដែលជា​កម្មវិធី​លំ​ហាត់​ប្រចាំឆ្នាំ ដែល​អ្នកនាំពាក្យ​ហ៊ាន​អះអាងថា មិនមាន​គោលដៅ​លើ​ប្រទេស ឬ​ទិសដៅ​ណាមួយ​នោះទេ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ក៏បាន​មាន​យោបល់​ខ្លះ​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​របស់​ក្រសួង​ខ្លួន អ្នកនាំពាក្យ គូសបញ្ជាក់ថា គឺ​អាមេរិក​នោះទេ ដែល​បញ្ជូន​នាវា​ដឹក​យន្តហោះ​របស់ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ហើយ​សហគមន៍​អន្តរជាតិ បានឃើញ​ច្បាស់​ដូចគ្នា​ថា​អ្នកណា ដែល​កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ពិតប្រាកដ​។​
 
​គួរ​រម្លឹក​ផងដែរ​ថា សមុទ្រ​ចិន​ខាងត្បូង គឺជា​សមុទ្រ​ជម្លោះ​ដែលមាន​រដ្ឋ​ពាក់ព័ន្ធ​ដោយផ្ទាល់​រួមមាន​រដ្ឋ ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​នោះទេ​។ ពេលនេះ រដ្ឋ​ពាក់ព័ន្ធ​កំពុងតែ​ចរចា​គ្នា​ក្នុង​ក្របខណ្ឌ​អាស៊ាន​-​ចិន ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​មួយ​សម្រាប់​គ្រប់គ្រង​សកម្មភាព​នៅក្នុង​តំបន់​ជម្លោះ​៕ 

Tag:
 ចិន​
  អាមេរិក​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com