លោក ហេង សុ​ភ័​ណ្ឌ​៖«​ខ្ញុំ​ធ្វើ​ទីងមោង​មុខ​ស្អាតៗ ដើម្បី​អភិរក្ស​សម្បត្តិ​ដូនតា​»
ជាតិ
សង្គមជាតិ
លោក ហេង សុ​ភ័​ណ្ឌ​៖«​ខ្ញុំ​ធ្វើ​ទីងមោង​មុខ​ស្អាតៗ ដើម្បី​អភិរក្ស​សម្បត្តិ​ដូនតា​»
07, Jul 2019 , 2:59 pm        
រូបភាព
​កណ្តាល​៖ លោក ហេង សុ​ភ័​ណ្ឌ ជា​អ្នកធ្វើ​ទីងមោង​នៅ​ស្រុង​ស្អាង ខេត្តកណ្តាល​។ ចេះ​ធ្វើ​ទីងមោង​បន្ត​ពី​ឪពុក លោក សុ​ភ័​ណ្ឌ បាន​ច្នៃប្រឌិត​បន្ថែម ដោយ​ធ្វើ​ទីងមោង​ដែលមាន​មុខ​ស្អាតៗ​តាម​តារាចម្រៀង និង​តារា​សម្តែង​ទាំង​ក្នុង​ក្រៅប្រទេស​។ លោក សុ​ភ័​ណ្ឌ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បន្តធ្វើ​ទីងមោង ព្រោះ​ចង់​អភិរក្ស​សម្បត្តិ​ដូនតា​នេះ ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ស្គាល់ ខណៈដែល​ការប្រើប្រាស់​«​ទីងមោង​»​នាពេល​បច្ចុប្បន្ន​បាន​ធ្លាក់ចុះ​ពីមួយ​ទៅមួយ​ឆ្នាំ​។

 
​លោក ហេង សុ​ភ័​ណ្ឌ មាន​ទេពកោសល្យ និង​ចំណង់​ចំណូល​គូររូប​តាំងពី​តូច ហើយ​លោក​បាន​ចេះ​ធ្វើ​ទីងមោង ដែលមាន​ទម្រង់​មុខ​ស្អាតៗ​បែបនេះ ជាង​១០ ឆ្នាំ​មកហើយ​។ លោក បាន​ច្នៃ​គំនិត ពី​ធ្វើការ​ទីងមោង​បែប​បុរាណៗ​របស់​ឪពុក មកជា​ទីងមោង​ដែលមាន​មុខមាត់​ស្រស់ស្អាត  ដែល​ការពេញចិត្ត និង​ជាទី​ស្រលាញ់​របស់​មនុស្ស​សម័យថ្មី ពិសេស​ក្មេងៗ​តែម្តង​។ 


 
​ទោះបីជា​ដឹងថា ក្នុង​ពិធី​បុណ្យជាតិ​នានា  ដូចជា​ពិធី​កឋិនទាន និង​ការ​ដង្ហែរ​ទាន​ព្រះវស្សា មិនសូវមាន​អ្នកយក​ទីងមោង​ឆៃយ៉ាំ​មកប្រើប្រាស់​ច្រើន​ក៏ពិតមែន (​ពោល​ធ្លាក់ចុះ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​) ក៏​បុរស​វ័យ​២៩​ឆ្នាំ​រូបនេះ មាន​ឆន្ទៈ​ក្នុងការ​បន្តធ្វើ​ទីងមោង​នេះ​ដដែល​។ លោក ហេង សុ​ភ័​ណ្ឌ បាន​និយាយ​ដូច្នេះ​៖« ខ្ញុំ​ធ្វើ​ទីងមោង ដែលមាន​មុខមាត់​ស្អាតៗ​បែបនេះ មិនមែន​ដើម្បី​រកតែ​ប្រាក់ចំណូល​នោះទេ​។ ខ្ញុំ​ធ្វើ​ទីងមោង​ដែលមាន​មុខ​ស្អាត​នេះ ព្រោះ​កន្លងមក​ទីងមោង​ដែល​បងប្អូន​ប្រជា​ពល​យើង​ឃើញ​មានមុខមាត់​អាក្រក់ គួរ​ឲ្យ​ខ្លាច​ជាដើម ហើយ​ខ្ញុំ​កែច្នៃ​ទីងមោង​ដែលមាន​មុខមាត់​ស្អាតៗ​បែបនេះ គឺ​ដើម្បី​ចង់​ចូលរួម​អភិរក្ស​សម្បត្តិ​ដូនតា​យើង​នេះ សម្រាប់​ទុក​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បានដឹង និង​ស្គាល់​ផងដែរ​»​។ 


 
​តាមពិត លោក ហេង សុ​ភ័​ណ្ឌ ជា​អតីត​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ទើប​ត្រឡប់មក​ស្រុកកំណើត​វិញ​ជិត​១​ឆ្នាំ​ប៉ុណ្ណោះ​។ ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​ចុងក្រោយ​នេះ យុវជន សុ​ភ័​ណ្ឌ បាន​កែច្នៃ និង​ធ្វើ​មុខ​ទីងមោង​បាន​កាន់តែ​ស្អាត និង​ធ្វើបាន​ដូច​ទម្រង់​មុខមាត់​ដូច​តារាចម្រៀង និង​តារា​សម្តែង​ខ្មែរ​, K-POP និង​តារា​ថៃ​ជាដើម​។ បើតាម​លោក សោ​ភ័​ណ្ឌ រយៈពេល​ប៉ុន្មាន​ខែ​នេះ លោក​ធ្វើ​លក់បាន​ជិត​១០​គូ និង​កំពុង​ធ្វើ​ឲ្យ​គេ​៣-៤​គូ​ទៀត តាម​ការបញ្ជាទិញ​រប​ស់​អតិថិជន​ផងដែរ​។​


 
​យុវជន​រូបនេះ បាន​បន្ត​ប្រាប់​សារព័ត៌មាន​ThmeyThmey​ដូច្នេះ​៖«​ខ្ញុំ​ដឹងថា​តម្រូវការ​ទីងមោង​នៅពេល​អនាគត គឺ​មិនមាន​ច្រើន​ដូច​ពីមុនៗ និង​សព្វថ្ងៃនេះ​ទេ ព្រោះ​ទីងមោង​មួយគូៗ អាច​ប្រើប្រាស់​រហូតដល់​៣០​ឆ្នាំ​។ ប្រសិនបើ​ទីងមោង​នោះ​ខូចខាត បែក ប្រេះ​មុខ​តិចតួច យើង​អាច​ជួលជុល បាន​និង​ស្អាត​ដូចដើម ហើយ​តម្លៃ​ជួសជុល ត្រឹមតែ​១០ ទៅ​៣០​ដុល្លារ អាស្រ័យទៅលើ​ទំហំ​ខូចខាត​ប៉ុណ្ណោះ​។ ថ្វី​ដ្បិត​ទីងមោង​មួយគូរ ប្រើ​បាន​រយៈពេល​វែង ជាមួយនឹង​ការធ្លាក់ចុះ​នៃ​ទំនៀប​ទម្លាប់​ប្រើប្រាស់​ទីងមោង​ឆៃយ៉ាំ​នេះ​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​នឹង​នៅ​បន្តធ្វើ​។ ទោះបីជា​គ្មាន​អ្នក​កម្មង់​ក៏ដោយ ក៏​ខ្ញុំ​ធ្វើ​ទុក​នៅផ្ទះ​មួយគូ សម្រាប់​ចូលរួម​ទៅលេង​កម្សាន្ត និង​ដង្ហែ​លេង​ជាមួយ​គេ​នៅតាម​វត្ត​នានា ក្នុងភូមិ​ផងដែរ​។  ព្រោះ​ខ្ញុំ​ស្រលាញ់ ចូលចិត្ត និង​ចង់​ថែរក្សា​សម្បត្តិ​ដូនតា​នេះ ដើម្បី​ឲ្យ​គ្រប់គ្នា​បាន​ស្គាល់ បានដឹង និង​បាន​លេង​កម្សាន្ត​ដូច​ខ្ញុំ​ដែរ​»​។ 


 
​បើតាម លោក ហេង សុ​ភ័​ណ្ឌ ទម្រាំ​បាន​ទីងមោង​មួយគូៗ លោក និង​សមាជិកគ្រួសារ​៣​នាក់​ទៀត ត្រូវ​ចំណាយពេល​យ៉ាងហោចណាស់ ១០​ថ្ងៃ ដើម្បី​ដំឡើង​។ សុ​ភ័​ណ្ឌ និង​ប្អូនប្រុស មាន​តួនាទី ធ្វើ​ទម្រង់​មុខមាត់ សក់ និង​លាប​ពណ៌​ថ្នាំ​ឲ្យ​ទី​មោង​។ ឪពុក ជា​អ្នក​ជួយ​បិត​ឫស្សី​ធ្វើ​ទ្រុង​ទីងមោង​។ រីឯ​ម្តាយ ជា​អ្នក​ដេរ​សម្លៀកបំពាក់​ឲ្យ​ទីងមោង​។ 
 
​ទីងមោង​មួយគូ អាច​លក់​តម្លៃ ១,១០០,០០០​រៀល ឬ​២៧៥​ដុល្លារ​។ សម្រាប់ លោក ហេង សុ​ភ័​ណ្ឌ ប្រាក់​ដែល​ទទួល​ពី​ការធ្វើ​ទីងមោង មិនសូវ​ជា​ឆ្លើយតប​នឹង​កម្លាំង​ពលកម្ម ស្នាដៃ និង​ទឹកចិត្ត ដែល​ក្រុមគ្រួសារ​របស់លោក សុ​ភ័​ណ្ឌ ធ្វើ​នោះទេ​។ ប៉ុន្តែ​ដោយសារតែ​ក្តី​ស្រលាញ់ និង​ចង់​អភិរក្ស​ទីងមោង​ឆៃយ៉ាំ​ទាំងនេះ លោក សុ​ភ័​ណ្ឌ នឹងមិន​រួញរា​ក្នុង​ការធ្វើ​ទីងមោង​បន្ត​ឡើយ ហើយ​ប្តេជ្ញា​បង្កើន​ការច្នៃប្រឌិត​ទីងមោង ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​។ លោក សុ​ភ័​ណ្ឌ ក៏​នឹង​ចាប់​ជំនាញ​នេះ ធ្វើជា​អាជីព​ប្រចាំ​គ្រួសារ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ និង​ចែករំលែក ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស  រួមទាំង​បរទេស​ផង ឲ្យ​បានដឹង​កាន់តែ​ទូលាយ​ពី​សម្បត្តិ​ដូនតា​នេះ​៕














 

Tag:
 ទីងមោង​
 ​ទំនៀមទម្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម