អន្តរជាតិ
រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សុំ​ឲ្យ​តុលា​ការផ្តល់អំណាច​ស៊ើបអង្កេត​ពេញលេញ​លើ​សំណុំរឿង​មី​យ៉ាន់​ម៉ា​
07, Jul 2019 , 8:59 pm        
រូបភាព
ដោយ:
​អគ្គ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ថ្ងៃ​០៤ កក្កដា បាន​ធ្វើសំណើ​ផ្លូវការ​ទៅកាន់​ចៅក្រម​របស់​តុលាការ​ដើម្បី​ចេញ​សម្រេច​គតិយុត្ត​មួយ​បើកផ្លូវ​ដល់​ការស៊ើបអង្កេត​ពេញលេញ​ទៅលើ​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា ដែល​បង្ក​ឲ្យ​មានការ​ចាកចេញ​របស់​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់សិប​ម៉ឺន​នាក់​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស​តាំងពី​ឆ្នាំ​២០១៦​មក​។​

 
​តាម​គេ​ទំព័រ​ផ្លូវការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​សំណើ​ផ្លូវការ​របស់លោក​ស្រី​រដ្ឋ​អាជ្ញា Fatou Bensouda លោកស្រី​រដ្ឋអាជ្ញា បានស្នើ​ឲ្យ​អង្គជំនុំជម្រះ​របស់​តុលា​ការផ្តល់​សិទ្ធិអំណាច​ដើម្បី​ឲ្យ​លោកស្រី អាច​បើក​ការស៊ើបអង្កេត​មួយ​លើ​បទឧក្រិដ្ឋ​តាម​យុត្តាធិការ​របស់​តុលាការ​លើ​ករណី​ហិង្សា​ក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine) របស់​មី​យ៉ាន់​ម៉ា​។​
 
​តាមរយៈ​សំណើ​នោះ លោកស្រី​រដ្ឋអាជ្ញា ចង់​បើក​ការស៊ើបអង្កេត​ករណី​ហិង្សា​របស់​មី​យ៉ាន់​ម៉ា​នៅក្នុង​អធិបតេយ្យរ​បស់បង់​ក្លា​ដែ​ស ដែលជា​ភាគី​របស់​តុលាការ​។ លោកស្រី ស្នើ​បែបនេះ ក៏​ព្រោះតែ​មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​របស់​តុលាការ ក៏ប៉ុន្តែ​ព្រឹត្តិការណ៍​ដែល​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា មាន​ទំនាក់ទំនង​ជាមួយនឹង​បង់​ក្លា​ដែ​ស ដែល​ចំណុច​នេះហើយ ធ្វើ​ឲ្យ​លោកស្រី មានលទ្ធភាព​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ការស្នើ​របស់​តំណាង​សាធារណៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​រូបនេះ ធ្វើឡើង​បន្ទាប់ពី លោកស្រី បានបញ្ចប់​ការធ្វើការ​ពិនិត្យ​ជាបឋម​លើ​ស្ថានភាព​របស់​មី​យ៉ាន់​ម៉ា ដោយ​លោកស្រី បាន​រកឃើញថា ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៧០​ម៉ឺន​នាក់ បាន​ចាក​ចេញពី​មី​យ៉ាន់​ម៉ា​ទៅ​បង់​ក្លា​ដែ​ស ដោយសារតែ​អំពើ​គំរាមកំហែង​គ្រប់​រូបភាព ដែល​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៦​មក​។​
 
​គួរ​ជម្រាប​ផងដែរ​ថា វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ដែល​ចាប់ផ្តើម​ផ្ទុះ​ខ្លាំង​នៅ​ចុងឆ្នាំ​២០១៧ ត្រូវបាន​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស រួមទាំង​អ្នកជំនាញ​អង្គការសហប្រជាជាតិ អះអាងថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​យោធា​ជាន់ខ្ពស់​របស់​មី​យ៉ាន់​ម៉ា ហើយ​ហេតុការណ៍​នេះ កើត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ​ផងដែរ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com